37 C
Phnom Penh

ប្រទេស​កម្ពុជា​ងាយ​រងគ្រោះបំផុត​ដោយសារ​ការ​លាង​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 

យោងតាម​ស្ថាប័ន​សន្ទស្សន៍​ពិភព​លោក​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​៣​ដែល​ងាយ​​​​រងគ្រោះ​បំផុត​ដោយសារ​ការ​សម្អាតលុយ និង​ការ​ផ្តល់​ហិរញ្ញប្បទានភេរវកម្មនៅ​លើ​ពិភព​លោក ពោលគឺ​នៅ​លំដាប់​បន្ទាប់ពី​ប្រទេស​អីុរ៉ង់ និង​ប្រទេស​អាហ្វហ្គានីស្ថាន។​​​​​​​​​

សន្ទស្សន៍​ប្រឆាំង​ការ​លាង​លុយ ដែល​ផ្សព្វផ្សាយ​ដំបូង​ដោយ​វិទ្យាស្ថាន​បាសែល ​ស្តីពី​អភិបាល​កិច្ច មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​កាលពី​ឆ្នាំ២០១២ បាន​កំណត់​យក​១៦២​ប្រទេស​ក្នុង​ការ​ពិនិត្យ​មើល​នៅ​ឆ្នាំ​នេះ ដាក់​ពិន្ទុ​ពី​សូន្យ​ដល់​១០ ដោយ​មានពិន្ទុ​កាន់តែ​ខ្ពស់​បង្ហាញ​ថា​គ្រោះថ្នាក់​កាន់តែ​ខ្លាំង។

សម្រាប់​ឆ្នាំ​ទី​៣​នេះ ប្រទេស​កម្ពុជាត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ទី​៣ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ការលាងលុយ​នៅ​ទូទាំង​ពិភពលោក ដោយ​មាន​ពិន្ទុ​៨,៣៩ នៅ​ក្រោយ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន (៨,៥៣) និង​ប្រទេស​អីុរ៉ង់ (៨,៥៦)​ប៉ុណ្ណោះ។

ប្រទេស​ភូមា​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​ដែលមាន​ពិន្ទុ​​ក្នុង​ចំនួន​ប្រទេស​១០​លើ​គេ ដោយ​មាន​ពិន្ទុ​៧,៨៩។ ប្រទេស​ហ្វាំង​ឡង់​ត្រូវ​​ចាត់​ទុកថា ជា​ប្រទេស​មាន​គ្រោះថ្នាក់​តិច​បំផុត​ដោយសារ​ការ​លាង​លុយ គឺ​មាន​ពិន្ទុ​២,៥១។ សហរដ្ឋ​អាមេរិក​ជាប់​លំដាប់​ថ្នាក់​ទី​៥៣ ដែលមាន​ពិន្ទុ​៥,៣០។

ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ងាយ​រងគ្រោះ​បំផុត​មាន​ប្រព័ន្ធ​ទន់​ខ្សោយ​ក្នុង​ការ​ទប់​ទល់​ការ​លាង​លុយ​និង​ការ​ផ្តល់​ហិរញ្ញប្បទានភេរវកម្ម របាយការណ៍​នេះ​អម​ដោយ​សន្ទស្សន៍ ពន្យល់​ថា “កត្តា​ផ្សេង​ទៀត​ក៏​មាន​លក្ខណ​រួម​ដែរ ក្នុង​នោះ​រួម​មាន​អត្រា​ពុករលួយ​ខ្ពស់ កង្វះ​ភាព​រឹង​មាំនៃ​ប្រព័ន្ធតុលាការ កង្វះ​ធនធាន​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​កង្វះ​តម្លា​ភាព​សាធារណៈ​និង​ហិរញ្ញវត្ថុ”។

វិទ្យាស្ថាន​បាសែល (Basel​​​ Institute) បាន​វាស់​វែង​អំពើ​ពុករលួយ ហានិភ័យផ្នែក​នយោបាយ​និង​ការ​លាង​លុយ ហើយ​និង​តម្លា​ភាព​ផ្នែកហិរញ្ញវត្ថុ​និង​នយោបាយ ដោយ​ប្រើ​ប្រភព​ចំនួន​១៤ ក្នុង​នោះ​រួម​មាន ធនាគារ​ពិភព​លោក ក្រសួង​ការបរទេស​អាមេរិក និង​អង្គការ​តម្លា​ភាព​អន្តរជាតិ ដើម្បី​បង្ហាញ​ពិន្ទុ​សរុប​សម្រាប់​ប្រទេស​នីមួយៗ។

វិទ្យាស្ថាន​នេះ​បាន​បញ្ជាក់​ថា សន្ទស្សន៍​នេះគ្រាន់តែ​ដាក់​លំដាប់​ថ្នាក់​នៃភាព​ងាយ​រងគ្រោះ​របស់​ប្រទេស​ទាក់ទងនឹង​ការ​លាង​លុយ​ប៉ុណ្ណោះ ហើយ​មិនមែន​ចាត់ថ្នាក់អំពី​ការ​លាង​លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ។ សន្ទស្សន៍​នេះ​ក៏​មិន​បាន​បញ្ចូល​តារាងទិន្នន័យបែងចែកនៃ​ការ​អនុវត្ត​របស់​ប្រទេស​នីមួយៗ​ដែរ។

កាលពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​មួយ​ស្តីពី​ការ​សម្អាតប្រាក់និង​​ហិរញ្ញប្បទានភេរវកម្ម ហើយ​ឆ្នាំ​បន្ទាប់​មក បាន​បង្កើត​អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុ ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី របាយការណ៍​ពិភព​លោក​ប្រចាំ​ឆ្នាំ​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក​ស្តីពី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ បាន​រកឃើញ​ថា សេដ្ឋកិច្ច​ផ្អែក​លើ​សាច់​ប្រាក់​និង​ដុល្លារូបនីយកម្ម​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ ជាពិសេស​ការ​លាង​លុយ​តែ​ម្តង៕មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស