28.4 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​ជ្រើសរើស​ទាហាន​បន្ថែម​ជួយ​កងរាជអាវុធហត្ថ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ថែម​ទាហាន​ប្រហែល​៧០០​នាក់​ទៅ​ក្នុងអង្គភាព​កងពល​តូច​៧០​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​ក្រោយ ដូច្នេះ​អង្គភាព​នេះ​អាច​ជួយ​កងរាជ​អាវុធហត្ថ​បង្ក្រាប​ការ​តវ៉ា​បាន​ប្រសើរ​ជាង​មុន។​​​​​​

ថ្លែង​នៅ​ឯពិធី​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​របស់​កងពល​តូច​នេះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សៅរ៍ លោក​ឧត្តម​សេនីយ៍​រូបនេះបាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​បាន​កើត​មាន​ការ​តវ៉ា​ជាច្រើន​ចាប់​តាំងពី​មាន​ការ​ចលាចល​នយោបាយ​និងការតវ៉ាកម្មកររោងចក្រ​ខ្លាំង​កាលពី​ខែ​ធ្នូ​និង​ខែ​មករា ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា បុគ្គល​មួយ​ក្រុម ដែល​លោក​មិន​ប្រាប់​ឈ្មោះ នៅ​តែ​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ក្នុង​រាជធានី​នៅ​ឡើយ។

លោក​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ថា “បើទោះជា​ស្ថានការណ៍[ជា​រួម]​បាន​ប្រសើរ​បន្តិច​ក៏​ដោយ ក៏​ស្ថានការណ៍​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​បញ្ហា។ ពួកគេ​ដើរ​ប្រមូល​ប្រជាជន​គ្រប់​ទិសទី និង​គ្រប់​ទី​កន្លែង​ដែល​មាន​ជម្លោះ​ដីធ្លី”។

លោក​ឧត្តម​សេនីយ៍​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កម្លាំង​រាជអាវុធហត្ថ​មិន​អាច​ដោះស្រាយ​នឹង​អ្នក​តវ៉ា​ដ៏​ច្រើន​បាន​ទេ ហើយ​បាន​សុំ​ជំនួយ។

លោក​បាន​បន្ថែម​ថា “កងពល​តូច​៧០​មិនមាន​កម្លាំង​គ្រប់គ្រាន់ ដូច្នេះ​ខ្ញុំ​បាន​យល់ព្រម​ឲ្យ​ជ្រើសរើស​ទាហាន​៧០០​នាក់​ថែមទៀត​នៅ​ឆ្នាំ​២០១៥ ពីព្រោះ​ឆ្នាំ​នេះ ថវិកា​មាន​កម្រិត”។

ក្រុមអង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ទាំង​កងទ័ព ទាំង​កម្លាំង​រាជអាវុធហត្ថ ព្រោះ​ការ​បង្ក្រាប​បាតុកម្មកម្មកររោងចក្រ​កាលពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ដែល​អំឡុង​ពេល​នោះ កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​៧នាក់ រួម​មាន​ទាំង​អ្នក​ឈរ​មើល​២​នាក់​ផង។

ការ​តវ៉ា​ទាំង​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ដំណាច់​ឆ្នាំ​មុន បន្ទាប់ពី​រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ​តាម​ការ​ប៉ាន់ប្រមាណ​របស់​ខ្លួន​ផ្ទាល់​សម្រាប់​ប្រាក់​ខែ​ល្មម​រស់។ ការ​តវ៉ា​ស្របពេល​គ្នា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​ថា លម្អៀង​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​កាន់​អំណាច។

លោក ឧត្តមសេនីយ៍ ទៀ បាញ់ មាន​ប្រសាសន៍​ថា យោធា​មាន​ភារកិច្ច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​ជាថ្មី​នូវ​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ដែល​បាន​ក្លាយ​ទៅ​ជា​ហិង្សា ពេល​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​តដៃ​សងសឹក​សន្តិ​សុខ​ខណ្ឌ ដែល​ល្បី​ខាង​វាយ​បំបែក​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី។

លោក​បាន​បន្ថែម​ថា “តើ​មាន​មូលហេតុ​អី​ត្រូវ​វាយ​អាជ្ញាធរ? ពេល​ពួកគេ​ស្រែក​យ៉ាង​នេះ យ៉ាង​នោះ វា​បង្ក​ឲ្យ​មាន​ចលាចល ហើយ​ពួកគេ [អ្នកតវ៉ា បិទ​ផ្លូវ។ យើង​មិន​អាច​បណ្តោយ​ឲ្យ​ស្ថានការណ៍​នេះ​បន្ត​កើតឡើងបែប​នេះ​បាន​ទេ”។

ដោយ​ប្តូរ​ប្រធានបទ លោក ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​ប្រកាស​ថា​យោធា​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​មនុស្ស នៅ​ជាយ​ក្រុង​ភ្នំពេញ​កាលពី​ខែ​កក្កដា ដោយ​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​ស្លាប់​មេបញ្ជាការ​រង​កងទ័ព​ជើង​អាកាស និង​ទាហាន​៣​នាក់ គឺ​ដោយសារ​កំហុស​មនុស្ស។

លោក​បាន​បន្ថែម​ថា “ម៉ាស៊ីន​និង​ឧទ្ធម្ភាគចក្រ​ល្អ​ទេ ហើយ​មិន​មាន​បញ្ហា​ណាមួយ​ឡើយ។ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង ពីព្រោះ​យើង​មិន​អាច​បើក​វា [ឧទ្ធម្ភាគចក្រ] ដូច​យើង​ចង់​បើក​ឡើយ”។

វីដេអូ​នៃ​ឧបទ្ទវហេតុ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ឧទ្ធម្ភាគចក្រ​ព្យាយាម​ចុះ​ចត ដោយ​បាត់​លំនឹង​ពេល​​ហោះ​ឡើង ហើយ​បន្ទាប់​មក​ក៏​បាន​ធ្លាក់​ក្នុង​រណ្តៅ​ដី​ជីកដែល​មាន​ទឹក។

ឧទ្ធម្ភាគចក្រ​នោះ​ជា​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ក្នុង​ចំណោម១៣​គ្រឿង ដែល​រដ្ឋាភិបាល​បាន​ទិញពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែលមានតម្លៃ​ជិត​២០០​លាន​ដុល្លារ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស