គណៈកម្មការការការពារសិទ្ធិមនុស្សទ្វេភាគីរបស់រដ្ឋសភាដែលត្រូវបានបង្កើតឡើងថ្មីៗនេះ បានជួបជាមួយតំណាងមកពីភូមិឡពាង កាលពីម្សិលមិញ ដោយសន្យាស្វែងរកដំណោះស្រាយបញ្ចប់វិវាទរបស់ពួកគាត់ដែលបានអូសបន្លាយអស់រយៈពេល១២ឆ្នាំជុំវិញដីទំហំ១៤៥ហិកតានៅក្នុងខេត្តកំពង់ឆ្នាំង។
លោកស្រី ឡោក ខេង អនុប្រធានគណៈកម្មការនេះបានប្តេជ្ញាថា វិវាទដីធ្លីដែលបានចាប់ផ្តើមកើតឡើងកាលពីឆ្នាំ២០០២ និងដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានឈានទៅដល់ការប៉ះទង្គិចគ្នាដោយហិង្សា និងការចាប់ខ្លួនអ្នកភូមិប្រាំនាក់នោះ នឹងត្រូវ “ដោះស្រាយបញ្ចប់ទាំងស្រុងក្នុងរយៈពេលមួយសប្តាហ៍”។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំ និងសមាជិកផ្សេងៗទៀតក្នុងគណៈកម្មការនេះបានព្រមព្រៀងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ៥២គ្រួសារដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងតុលាការជាមួយក្រុមហ៊ុន ខេឌីស៊ី ។យើងបានព្រមព្រៀងដោះស្រាយករណីភូមិឡពាងក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែ ត្រង់ថា វាទទួលបានជោគជ័យ ឬក៏អត់នោះ គឺអាស្រ័យលើឆន្ទៈ និងភាពស្មោះត្រង់របស់អ្នកភូមិ និងក្រុមហ៊ុន ខេឌីស៊ី”។
តំណាងប្រាំរូបមកពីភូមិឡពាង ដែលជាភូមិដាច់ស្រយាលក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកោះហៅឲ្យជួបជាមួយសមាជិកគណៈកម្មការការការពារសិទ្ធិមនុស្សកាលពីម្សិលមិញ ចំណែកឯតំណាងក្រុមហ៊ុន ខេឌីស៊ី ក៏ត្រូវបានកំណត់ឲ្យជួបគ្នាដែរនៅថ្ងៃនេះជាមួយគណៈកម្មការនេះ ដែលមានលោក អេង ឆៃអ៊ាង តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិជាប្រធាន។
លោកស្រី ឡោក ខេង តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកស្រីមានចំណាប់អារម្មណ៍លើករណី ពីព្រោះលោកស្រី គឺជាមិត្តភក្តិផ្ទាល់របស់លោកស្រី ជា ខេង ម្ចាស់ក្រុមហ៊ុន ខេឌីស៊ី ដែលត្រូវជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
អ្នកភូមិអះអាងថា ក្រុមហ៊ុន ខេឌីស៊ីបានឃុបឃិតជាមួយមន្ត្រីមូលដ្ឋាន ដើម្បីទិញដី ដែលជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋរាប់សិបគ្រួសារ ដែលបានរស់នៅក្នុងតំបន់នៅរាប់ទសវត្សរ៍មកហើយ។
ក្រុមហ៊ុន ខេឌីស៊ី និយាយថា ខ្លួនបានទិញដីនោះដោយស្របច្បាប់ ហើយថែមទាំងមានឯកសារបញ្ជាក់ទៀតផង។
លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា “គណៈកម្មការនេះយល់ឃើញថា ទាំងអ្នកភូមិទាំងក្រុមហ៊ុន គឺជាអ្នករងគ្រោះដូចគ្នា”។ លោកស្រីបានលើកឡើងបន្ថែមថា តំណាងរាស្ត្រទាំងនេះនឹងចុះទៅដល់កន្លែងផ្ទាល់ដើម្បីនិយាយជាមួយអាជ្ញាធរមូលដ្ឋានអំពីបញ្ហានេះនៅប៉ុន្មានថ្ងៃខាងមុខ។
កាលពីខែមីនា ប្រជាពលរដ្ឋចំនួន៣៨គ្រួសារបានយល់ព្រមតាមកិច្ចព្រមព្រៀងផ្តល់សំណងជាមួយក្រុមហ៊ុន ខេឌីស៊ី ក្រោយពីការបង្កើតគណៈកម្មការពិសេសមួយទទួលបន្ទុកដោះស្រាយវិវាទបុគ្គល។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋចំនួន២៣គ្រួសារក្នុងចំណោមនោះបានដាក់ពាក្យបណ្តឹងទៅតុលាការចាប់តាំងពីពេលនោះមក ដើម្បីស្នើសុំការអនុញ្ញាតមិនអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះ ពីព្រោះកិច្ចព្រមព្រៀងទាំងនោះត្រូវបានធ្វើឡើងក្រោមការគំរាមកំហែង។
លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា គណៈកម្មការការពារសិទ្ធិមនុស្សនឹងដោះស្រាយពាក្យបណ្តឹងទាំងអស់នោះ។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា “មានប្រជាពលរដ្ឋ៤៣គ្រួសារដែលមិនធ្លាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៉ុន្តែ ក្នុងពេលថ្មីៗនេះគ្រួសារទាំងនោះបានលេចមុខជាប់ពាក់ព័ន្ធក្នុងវិវាទនេះ ហើយបានអះអាងសិទ្ធិកាន់កាប់ដី ដែលបានក្លាយជារបស់ក្រុមហ៊ុនរួចទៅហើយ”។
កាលពីខែកក្កដា ក្រុមហ៊ុន ខេឌីស៊ី បានចាប់ផ្តើមជួលកម្មកររាប់សិបនាក់ដែលភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមសាងសង់របងព័ទ្ធជុំវិញដីមានវិវាទ ដែលក្រុមហ៊ុនគ្រោងនឹងប្រែក្លាយជាតំបន់ឧស្សាហកម្ម ដែលមានរោងចក្រប្រមាណ២០។
អ្នកភូមិដែលមានកំហឹងបានប៉ះទង្គិចជាមួយកម្មករយ៉ាងហោចណាស់បីលើក ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបង្កអំពើហិង្សានេះ។
ក្នុងរយៈពេលពីរខែកន្លងមកនេះ អ្នកភូមិប្រាំនាក់ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចទាំងនេះ។ ពួកគាត់ទាំងអស់សុទ្ធតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកស្រី កែ ច័ន្ទមុនី ដែលជាតំណាងរាស្ត្រមួយរូបមកពីគណបក្សប្រជាជនកម្ពុជា បានធានាដោយផ្ទាល់សុំឲ្យសាលាដំបូងខេត្តដោះលែងបុរសទាំងនេះ។
បច្ចុប្បន្នអ្នកភូមិឡពាង ប្រហែល១០០នាក់កំពុងស្នាក់នៅក្នុងអគារមួយនៅសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញ ហើយបានចាប់ផ្តើមចូលរួមតវ៉ាប្រចាំថ្ងៃប្រឆាំងនឹងការបណ្តេញចេញពីដីធ្លីផ្សេងៗ។
ក្នុងចំណោមពួកគាត់មានតំណាងអ្នកភូមិម្នាក់ឈ្មោះ រាជ សីមា ដែលបានលើកឡើងថា តំណាងរាស្ត្រទាំងនេះគួរតែផ្តោតការសើុបអង្កេតរបស់ខ្លួនលើអ្នកដែលបានចុះកិច្ចព្រមព្រៀងនេះសម្រាប់ឲ្យក្រុមហ៊ុន ខេឌីស៊ី ទទួលបានដីនេះតាំងពីដំបូង។
លោក រាជ សីមា បានលើកឡើងថា “វិវាទដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុន ខេឌីស៊ី អាចដោះស្រាយបានយ៉ាងងាយស្រួល ប្រសិនបើមានការសើុបអង្កេតល្អិតល្អន់លើបុគ្គលដែលបានលក់ដីរបស់យើងឲ្យទៅក្រុមហ៊ុន”។
គាត់ក៏បានសម្ដែងក្តីបារម្ភដែរថា គណៈកម្មការនេះដែលបានប្រាប់អ្នកភូមិថា ពួកគាត់នឹងត្រូវផ្តល់ឯកសារប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ផ្ទៀងផ្ទាត់ នឹងគ្មានសមត្ថភាពអាចដោះស្រាយបញ្ហានេះបានទាំងស្រុងឡើយ ពីព្រោះអ្នកភូមិខ្លះគ្មានលិខិតស្នាមដូចការតម្រូវនេះទេ៕សុខុម