31 C
Phnom Penh

សកម្មជន​ប្រឆាំងការ​បណ្តេញចេញ​រួមគ្នា​តវ៉ា​នៅ​សាលារាជ​ធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ជាង៣០​នាក់​មកពី​សហគមន៍​ចំនួន​ពីរ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ចាប់​យក​ដីធ្លី​បាន​ធ្វើ​ការ​តវ៉ា​រួម​គ្នា​​នៅ​មុខសាលា​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញា​ធរ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​របស់​ពួកគាត់​។

ដោយ​​មក​ដល់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក តំណាង​​១០នាក់មកពីសហគមន៍បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អំពាវ​នាវ​ឲ្យ​សាលា​រាជធានី​កំណត់​ព្រំប្រទល់​ដី​របស់​ពួកគាត់នោះ ​ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ភូមិ​ឡពាង​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំងជាង​២០​នាក់ ដែល​បាន​ជាប់ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​រយៈ​ពេល​មួយ​ទសវត្សរ៍​ជាមួយ​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

នៅ​ម៉ោង​ប្រហែល​៩ព្រឹក ក្រុម​អ្នក​តវ៉ា​តំបន់​បឹង​កក់​ទីបំផុត​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលខាង​​ក្នុង​អគារ​ ដើម្បី​ជួប​ជាមួយ​មន្ត្រី​សាលា​រាជ​ធានី​ ហើយ​បាន​ចេញ​មក​វិញ​ទំនង​ជា​ពេញ​ចិត្ត​នឹង​ការ​ចរចា​នោះ។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការ​ងារ​ពិសេស​​សិទ្ធិ​លំនៅដ្ឋាន​បាន​មាន​ប្រសាសន៍​ថា តំណាង​ទាំង​នោះ​ត្រូវ​បាន​ធានា​អះអាង​ថា សមាជិក​សហគមន៍មាន​​អ្នក​ស្រី ង៉ែត ឃុន និង ផាត ឈុនរ៉េត នៅពេល​ឆាប់ៗ​នេះ​នឹងទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់ដី​របស់​​ពួកគាត់​។

ទោះ​ជាយ៉ាង​ណា អ្នកស្រី ង៉ែត ឃុន បាន​និយាយ​ថា អ្នកស្រី​សង្ស័យ​ថា សាលា​រាជ​ធានី​នឹង​មិន​ធ្វើ​តាមការ​សន្យា​របស់​ខ្លួន​ឡើយ​។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុំ​សប្បាយ​ចិត្ត​ប្រសិន​បើ​ដំណោះ​ស្រាយ​នេះទទួល​បានជោគ​ជ័យ ប៉ុន្តែ​ខ្ញុំជឿ​​តិចត​ួច​ប៉ុណ្ណោះ​ពី​អ្វីដែល​ត្រូវ​បាន​ចរចា​នៅព្រឹក​នេះ”។

លោក​ ថន លី អ្នកភូមិ​ឡពាង​​ម្នាក់​បាន​និយាយ​ថា ការ​ប្រមូលផ្ដុំ​​គ្នា​កាលពី​ម្សិលមិញ គឺ​ជា​ការ​ធ្វើ​តេស្តលើ​យុទ្ធសាស្ត្រ​តវ៉ា​ថ្មីដែល​អ្នក​ភូមិ​ឡពាង និង​អ្នកភូមិ​បឹង​កក់​ បាន​ផ្លាស់​វេន​គ្នា​ចូលរួមការ​​តវ៉ា​របស់​គ្នាទៅវិញទៅមក​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​បានចូលរួម​ជាមួយ​ពួកគាត់​ ពីព្រោះ​ខ្ញុំ​ត្រូវ​បន្ថែម​សំឡេង​តវ៉ា​​​ ហើយ​នៅ​ថ្ងៃ​ស្អែក​ពួកគាត់​នឹង​ចូល​រួម​ជាមួយពួកយើង​ ហើយគាំទ្រ​ពួកយើង​ម្តង”៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស