27 C
Phnom Penh

ឧត្តម​​​សេនីយ៍​​​ថៃ​​​និយាយ​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​​​​មាន​​​ស្ថិរភាព​​​ក្រោយ​​​រដ្ឋ​​​ប្រហារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍​​​ថៃ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​មក​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​កម្ពុជា​​​ បាន​​​​​​បញ្ជាក់​​​អះ​​​អាង​​​ប្រាប់​​​កម្ពុជា​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​មាន​​​ស្ថិរភាព​​​ហើយ​​​ ទោះ​​​បី​​​ជា​​​មាន​​​រដ្ឋប្រហារ​​​យោ​​​ធា​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ក្តី​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​កម្ពុជា​​​។ 

ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​បាន​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​មក​​​កាន់​​​កម្ពុជា​​​​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​ជា​​​អនុ​​​ប្រធាន​​​កិច្ច​​​ការ​​​សន្តិសុខ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិភាព​​​ និង​​​សណ្តាប់​​​ធ្នាប់​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​យោធា​​​ចូល​​​កាន់​​​អំណាច​​​មក​​​។

លោក ទៀ បាញ់​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ក្រោយ​​​ពី​​​ជំនួប​​​ពេល​​​ព្រឹក​​​របស់​​លោក​​​ទាំង​​​ពីរ​​​​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “លោក​​​ តាណាសាក់ បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ចង់​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ដើម្បី​​​ចៀស​​​វាង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រដ្ឋ​​​ប្រហារ​​​យោធា​​​គឺ​​​ដើម្បី​​​តែ​​​ដណ្តើម​​​អំណាច​​​។ លោក​​​ តាណាសាក់ បាន​​​ពន្យល់​​​ប្រាប់​​​យើង​​​​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ហើយ​​​ថា ពេល​​​េនះ​​​ស្ថាន​​​ភាព​​​នៅ​​​ទី​​​នោះ​​​មាន​​​ស្ថិរភាព​​​ហើយ​​​”។

យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​​​​​​​រឹត​​​បន្តឹង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ចាប់​​​ពិរុទ្ធ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ និង​​​ឃាត់​​​ខ្លួន​​​ពល​​​រដ្ឋ ដើម្បី​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សមាជិក​​​​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​គណបក្ស​​​នយោបាយ​​​ដែល​​​ខ្លួន​​​បាន​​​ផ្តួល​​​រំលំ​​​។

​​​​​​​​​​​​​​​តាមពាក្យ​​​ចចាម​​​អារា៉មថា យោធា​​​ថៃ​​​បាន​​​កៀង​​​ប្រមូល​​​ពល​​​ករ​​​​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ក្រោយ​​​ពី​​​រដ្ឋ​​​ប្រហារ​​​ ធ្វើ​​​ឲ្យ​​​​​​ពល​​​ករ​​​ជាង​​​២០០.០០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ប៉ុន្តែ ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​ចាប់​​​ផ្តើម​​​វិល​​​ត្រឡប់​​​ទៅ ប្រទេស​​​ថៃ​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចាត់​​​វិធានការ​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​សម្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​បរទេស​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​មក​​​។

យោង​​​តាម​​​លោក អៀង​​​ សុផាល្លែត ជំនួយ​​​ការ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  អំឡុង​​​ជំនួប​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន​​​ សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ថៃ​​​បន្ត​​​​​​បន្ធូរ​​​បន្ថយ​​​ធ្វើ​​​យ៉ាង​​​ណា​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​ដល់​​​ប្រជា​​​ពល​​រដ្ឋ​​​ខ្មែរ​​​ដែល​​​​​​ឆ្លង​​​ដែន​​​ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​​​​​​​ធ្វើ​​​។

លោក អៀង សុផាល្លែត ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​ជំរុញ​​​ការ​​​អភិវឌ្ឍ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ផង​​​ដែរ​​​។ លោក​​​បាន​​​បន្ត​​​ថា “សម្តេច​​​ ហ៊ុន​​​ សែន បាន​​​ប្រាប់​​​លោក តាណាសាក់​​​ ថា យើង​​​គួរ​​​តែ​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​សន្តិភាព និង​​​មិត្ត​​​ភាព​​​នៅ​​​តាម​​​ព្រំដែន​​​ ហើយ​​​ធ្វើ​​​សហ​​​ប្រតិបត្តិការ​​​ដើម្បី​​​អភិវឌ្ឍ​​​ព្រំ​​​ដែន​​​”។

លោក ទៀ បាញ់​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​ និង​​​ឧត្តមសេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន មិន​​​បាន​​​ពិភាក្សា​​​គ្នា​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរ​​​ជាតិ (ICJ) កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដែល​​​បង្គាប់​​​ឲ្យ​​​កង​​​កម្លាំង​​​ថៃ​​​ដក​​​ចេញ​​​ពី​​​តំបន់​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហា​​​រ​​​ជា​​​បន្ទាន់​​​ឡើយ​​​។

សូម​​​បញ្ជាក់​​​ថា ទាំង​​​ភាគី​​​ថៃ ទាំង​​​កម្ពុជា​​​សុទ្ធ​​​តែ​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​រៀង​​​ៗ​​​ខ្លួន​​​ចំពោះ​​​ដី​​​​​​ជាប់​​​ប្រាសាទ​​​ព្រះវិហារ​​​ ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​មួយ​​​ប្រាវៗ​​​ប៉ុន្មាន​​​លើក​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​ដើម្បី​​​ដណ្ដើម​​​គ្រប់​​​គ្រង​​​តំបន់​​​នោះ​​​។

ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន​​​ មិន​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​​​​ទេ​​​ បន្ទាប់​​​ពី​​​ជំនួប​​​ទាំង​​​ពីរ​​​នេះ​​​៕ សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស