28 C
Phnom Penh

សាលារាជធានីពង្រីក​ខ្សែរថយន្ត​​ក្រុង​នៅក្នុង​រាជធានី​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជ​ធានី​ភ្នំពេញ​បាន​​ពង្រីក​ខ្សែរថយន្ត​ក្រុង​​នៅ​ក្នុងរាជ​ធានី​​កាលពី​ម្សិល​មិញ​នៅ​ក្នុង​ដំណាក់​កាលទី១​នៃ​ការ​ពង្រីក​ ដែល​គេ​នឹង​ឃើញមាន​ខ្សែរថយន្ត​ពីរ​ទៀត​ចំពោះ​សេវា​នេះ​នៅ​ដំណាច់​ខែ​នេះ​។

លោក អ៊ូ គឹមសាន អនុប្រធាន​ការិយាល័យ​ដឹក​ជញ្ជូន​នៅ​មន្ទីរដឹកជញ្ជូន​រាជធានី​បាន​ពន្យល់​ថា រថយន្ត​ក្រុងថ្មី​៤០គ្រឿង​នឹង​ត្រូវ​បន្ថែម​ចំពោះ​សេវា​នេះ​​ជាផ្នែក​មួយ​នៃ​ការ​ពង្រីក​ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់ពេល​នេះ​​ធ្វើ​ឲ្យ​សាលា​រាជ​ធានី​ខាត​បង់​ប្រាក់​ប្រហែល​២៥.០០០​ដុល្លារ​។

លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា ” យើង​ព្យាយាម​ដាក់​រថយន្ត​ក្រុង​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រជា​ពល​រដ្ឋ​របស់​យើង​អាច​ទុក​យាន​យន្ត​របស់​ខ្លួន​នៅ​ផ្ទះ ហើយ​មក​ប្រើ​ប្រាស់​រថយន្ត​ក្រុង​…។​ពួកគាត់​អាច​សន្សំ​សំចៃការ​ចំណាយក្នុង​ការ​ធ្វើ​ដំណើរ​បាន​ច្រើន​”។

បើទោះណា​ជា​សេវា​រថយន្ត​ក្រុង​ថ្មី​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​កាលពី​៦ខែ​មុន​ក៏ដោយ ក៏ក្រុម​ហ៊ុន​ចិនដែល​បាន​ចុះ​កិច្ច​សន្យា​​ប្រតិបត្តិ​ការ​រថយន្ត​ក្រុង​ Global (Cambodia) TradeDevelopment បាន​ដក​ខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នេះដែរបន្ទាប់ពី​មិនទទួល​បាន​ការ​លើក​លែង​ពន្ធ​ពី​សាលា​រាជធានី។

លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា សាលា​រាជ​ធានី​នឹង​ស្វែង​រក​ដៃគូឯកជន ដើម្បី​ទទួល​បន្ទុក​សេវា​រថយន្ត​ក្រុង​មុន​ពេល​ខ្សែ​រថយន្ត​​ប្រាំពីរ​​ទៀត​ត្រូវ​បាន​បន្ថែម​នៅ​ឆ្នាំ​ក្រោយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” បច្ចុប្បន្ន​នេះ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​​ ដើម្បី​ស្វែង​រក​ដៃគូ​មក​ជួយ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នេះ​។ ប៉ុន្តែ​វិនិយោគិន​កំពុង​សម្លឹង​មើល​ប្រតិបត្តិ​ការ​ដំបូង​របស់​សាលា​រាជ​ធានី​ជាមុន​សិន​”។

ខ្សែ​រថយន្ត​ដែល​ត្រូវ​បាន​ពង្រីក​​កាលពី​ម្សិលមិញរត់តាម​ផ្លូវពី​​ដំបូង​​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ទៅ​កំណាត់​ផ្លូវ​ថ្មី​​ចាប់​ពី​ស្តាតចាស់​ដល់គីឡូម៉ែត្រលេខ​៩ តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ។

ខ្សែទី២​ ដែល​គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា នឹង​ចាប់ផ្ដើមពី​ផ្សារ​រាត្រី​ស្ថិត​នៅ​តាម​តីរវិថី​ព្រះស៊ីសុវត្ថិ​ទៅ​ក្រុង​តាខ្មៅ​ក្នុង​ខេត្ត​កណ្ដាល​។

ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ខ្សែទី៣ នឹង​ចាប់​ផ្ដើម​ពី​ផ្សារ​រាត្រី​ទៅ​សង្កាត់​ចោមចៅ​​ នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ​ក្នុង​ភាគពាយ័ព្យ​រាជធានី​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស