31 C
Phnom Penh

លោក ហ៊ុន សែន លើក​ឡើង​ថា លទ្ធផល​ប្រឡង​គឺ​ជាការ​​ព្រមាន​ដល់​សិស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អត្រា​ប្រឡង​ជាប់​២៥​ភាគរយ​​នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកាល​ពី​ខែ​មុន​ ចាត​់​ទុក​ជា​ការ​ព្រមាន​ថា សិស្ស​មិន​អាច​​សូកបា៉ន់​បាន​ទៀត​ឡើយ​ ហើយ​បាន​ជំរុញ​ឲ្យ​សិស្ស​ដែល​ប្រឡង​ធ្លាក់​​ក្ដាប់​យក​ឱកាស​លើកទី២​ឲ្យ​បាន។

ថ្លែង​នៅ​វិទ្យាស្ថានជាតិ​អប់រំ ​លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ដើម្បី​ប្រឡង​ជាប់​ដែល​ឥឡូវ​នេះ​នឹង​ធ្វើ​ក្រោម​លក្ខខណ្ឌតឹង​រ៉ឹង​នោះ សិស្ស​ត្រូវ​កសាង​ចំណេះ​ដឹង​តាមរយៈ​ការ​សិក្សា​របស់​ខ្លួន​ជាជាង​សូកបា៉ន់​ដើម្បី​ប្រឡង​ជាប់​។

លោក ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ដល់​ការ​ប្រឡងជាប់ ដែល​ត្រូវ​បាន​ឃ្លាំ​មើល​ដោយអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​នៅ​ឆ្នាំ​នេះដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​អត្រា​ប្រឡង​ជាប់​៨៦ភាគរយ​កាលពី​ឆ្នាំ​មុន​​ថា ” មធ្យោបាយ​តែ​មួយ​គត់​ គឺ​ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ”។

លោក​បាន​មាន​ប្រសាសន៍​ថា ” ការ​សូកប៉ាន់ ឬគ្រូបង្រៀន​គ្មាន​គុណភាព​ដែល​កែ​ប្រែពិន្ទុ​មិន​មែន​ជា​បញ្ហា​ទេ​ វា​បណ្ដាល​ឲ្យ​ខ្វះធនធានមនុស្ស​​ដែល​មាន​សមត្ថភាព​តែប៉ុណ្ណោះ​”។

លោក​បាន​បន្ថែម​ថា ” ឥឡូវ​នេះ​ខ្ញុំ​គិត​ថា អាណាព្យាបាល និង​សិស្សានុសិស្ស​ដឹង​ថា ពួកគេ​ត្រូវ​ចាប់​ផ្ដើម​ប្រឹង​ប្រែង​រៀនសូត្រ​ពី​កម្រិត​ក្រោម​ទៅ​ មិន​មែន​រង់ចាំ​រហូត​ដល់​ថ្នាក់​ទី១២​ទេ ពីព្រោះ​នៅ​ពេល​ពួកគេឡើងហ​ដល់​ថ្នាក់​ទី១២​ ពួកគេ​នឹង​ជួប​ឧបសគ្គ​ច្រើន​”។

វាច្បាស់​ណាស់​ថាបេក្ខជនតិច​តួច​ក្នុង​ចំណោម​បេក្ខជន​ស្ទើរ​តែ​៩០.០០០​នាក់ ប្រឡង​ជាប់​នៅ​ថ្នាក់​ជាតិនោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​កាលពី​ខែ​មុន​ថា សិស្ស​ប្រឡង​ធ្លាក់​ទាំង​អស់​នឹង​មាន​ឱកាស​ប្រឡង​លើក​ទី២​នៅ​ខែតុលា។

កាលពី​ម្សិលមិញ ក្រសួង​អប់រំ​បាន​ចេញ​​មេរៀន​សង្ខេប​ចំនួន​បួន​មុខ​វិជ្ជា ដែល​នឹង​ត្រូវ​ប្រឡង​មាន គណិត​វិទ្យា ជីវវិទ្យា គីមីវិទ្យា និង​រូប​វិទ្យា ហើយ​នៅ​ពេល​ឆាប់ៗ​នេះ​នឹង​ចាប់​ផ្ដើម​បង្រៀន​ដល់សិស្ស​ជាង​៦០.០០០​នាក់​​ដែល​មាន​សិទ្ធិ​ប្រឡង​លើក​ទី២។

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​សិស្ស​ទាំង​នោះ​​ឲ្យ​ប្រឹង​ប្រែង​សម្រាប់​ឱកាស​លើកទី២​របស់​ខ្លួន ហើយ​បាន​ព្រមាន​ថា ​នៅ​ពេល​អនាគត​សិស្ស​ដែល​មិន​បាន​ត្រៀម​ខ្លួន​ប្រហែល​ជា​​​គ្មាន​សំណាង​ដូច​នេះ​ទេ​​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ដូច្នេះ សូម​ក្មួយៗ​ប្រឹង​ប្រែង​រៀនសូត្រ​ពី​ឥឡូវ​នេះទៅ​រហូត​ដល់​[ថ្ងៃ​ប្រឡង​​លើក​ទី២]។ ប្រសិន​បើ​ក្មួយ​ៗ​ប្រឹង​ប្រែង​រៀន​សូត្រ​ ក្មួយៗ​នឹង​មាន​ឱកាស​ប្រឡង​ជាប់​ ប៉ុន្តែ​ប្រសិន​បើ​ក្មួយៗ​មិន​ខំប្រឹង​ប្រែង​ទេ​នោះ ក្មួយ​ៗ​នឹងត្រូវរៀនត្រួត​ថ្នាក់​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ ហើយ​រង់ចាំ​ថ្ងៃប្រឡង​។ ហើយ​នៅ​ឆ្នាំ​ក្រោយ​​ វា​មិន​ប្រាកដ​ថា នឹង​មាន​ការ​ប្រឡង​លើក​ទី២​ឡើយ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស