27.5 C
Phnom Penh

អ្នក​​​ភូមិ​​ខេត្ត​​​ក្រចេះ​​​​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លីយ៉ាង​​​ជូរ​​​ចត់​​​ ប្តេជ្ញា​​​បន្ត​​​ការ​​​តវ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះ​​​បី​​​ជា​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ក្តី ក៏​​​កាល​​​ពី​​​ម្សិល​​​មិញ ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៣០០​​​គ្រួសារ​​​ដែល​​​​​​ជាប់​​​ពាក​​​់​​​ព័ន្ធ​​​នឹង​​​​​​វិវាទ​​​ដីធ្លី​​​​​​ដ៏​​​អូស​​​បន្លាយ​​​មួយ​​​​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ខេត្ត​​​ក្រចេះ​​​ បាន​​​គំរាម​​​បន្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​បាន​​​សន្យា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ​​​ផ្តល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ប្រសើរ​​​ជាង​​​នេះ​​​ដល់​​​សហគមន៍​​​មួយ​​​ទៀត​​​​​​នៅ​​​ក្នុង​​​ស្រុក​​​តែ​​​មួយ​​​នេះ​​​។

កាល​​​ពី​​​ខែ​​​មិថុនា ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​៣០១​​​គ្រួសារ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ឃ្សឹម ស្រុក​​​ស្នួល​​​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សង្គម​​កិច្ច​​​ទំហំ​​​​​​៧៥០ហិកតា​​​ បន្ទាប់​​​ពី​​​ដាក់​​​ញត្តិ​​​ទៅ​​​អាជ្ញាធរ​​​ថ្នាក់​​​ជាតិ​​​ឲ្យ​​​ជួយ​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​​​​របស់​​​ខ្លួន​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុ​​​ន BinhPhuoc 2 របស់​​​វៀត​​​ណាម​​​។

ទោះ​​​យ៉ាង​​​ណា ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ប្រជា​​​ពល​​​រដ្ឋ​​​សរុប​​​ចំនួន​​​៧៤៦​​​គ្រួសារ​​​បាន​​​ចុះ​​​ឈ្មោះ​​​ដើម្បី​​​​​​ទទួល​​​បាន​​​ដី​​​សម្បទាន ​​​​​​ដោយ​​​ពន្យារ​​​ពេល​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី និង​​​ធ្វើ​​ឲ្យ​​គ្រួសារ​​​ពី​​​ខាង​​​ដើម​​​ខឹង​​​សម្បា​​​។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី ក៏​​​បាន​​​សន្យា​​​ដែរ​​​ថា នឹង​​​ដក​​​ហូត​​​ដី​​​ពី​​​ក្រុម​​​ហ៊ុ​​​ន Horizon​ Agriculture Development របស់​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ហើយ​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​​​​។

លោក លឹម ចាន់ឌី ​​​តំណាង​​​គ្រួសារ​​​មក​​​ពី​​​ឃុំ​​​ឃ្សឹម បាន​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​​​​​​ “អ្នក​​​ភូមិ​​​ផ្សេង​​​ៗ​​​ទៀត​​​ និង​​​ខ្ញុំ​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ព្រោះ​​​ពួក​​​យើង​​​​​​បាន​​​តវ៉ា​​​ជា​​​យូរ​​​មក​​​ ហើយ​​ប៉ុន្តែ​​​​​​នៅ​​​តែ​​​មិនទាន់​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​ [ ពេញ​​​ចិត្ត ] នៅ​​​ឡើយ​​​ ប៉ុន្តែ ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ក្រុម​​​ទៀត​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​តែ​​​មួយ​​​ខែ​​​ប៉ុណ្ណោះ ​​​ពួក​​​គេ​​​ក៏​​​រក​​​ឃើញ​​​ដំណោះ​​​ស្រាយ​​​ពិត​​​ប្រាកដ”។

តំណាង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “យើង​​​ទុក​​​ពេល​​​ឲ្យ​​​អាជ្ញាធរ​​​មួយ​​​ខែ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ពិត​​​ប្រាកដ​​​ឲ្យ​​​ពួក​​​យើង​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ ខ្ញុំ​​​នឹង​​​ដឹក​​​នាំ​​​ប្រជា​​​ពល​​​រដ្ឋ​​​ធ្វើ​​​ការ​​​តវ៉ា​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​អភិបាល​​​ខេត្ត​​​ [ ស ចំរុង​​​ ]​​​ ចេញ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ឲ្យ​​​យើង ហើយ​​​យើង​​​នឹង​​​ទៅ​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រសិន​​​បើ​​​ការ​​​តវ៉ា​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ខេត្ត​​​បរាជ័យ​​​”។

លោក ខាន់ ចំណាន អភិបាល​​​រង​​​ខេត្ត​​​ក្រចេះ​​​បាន​​​ទទួល​​​ស្គាល់​​​ថា គ្រួសារ​​​បន្ថែម​​​  ដែល​​​ចង់​​​បាន​​​​​​ដី​​​សម្បទាន​​​នៅ​​​ភូមិ​​​ឃ្សឹម ​​​បាន​​​ធ្វើ​​​ឲ្យ​​​ដំណើរ​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​​​​ដីធ្លី​​​ត្រូវ​​​ពន្យារ​​​ពេល​​​។ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ បន្ទាប់​​​ពី​​​ដោះ​​​ស្រាយ​​​ករណី​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​រួច។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​គ្រួសារ​​​ទាំង​​​នោះ​​​ បន្ទាប់​​​ពី​​​យើង​​​​​​បញ្ចប់​​​ការ​​​ចែក​​​ចាយ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​រួច​​​”។

លោក ស៊ុន ស្រៀក​​​ អ្នក​​​ភូមិ​​​ម្នាក់​​​មក​​​ពី​​​ឃុំ​​​ឃ្សឹម បាន​​​ចោទ​​​ប្រកាន់​​​អាជ្ញាធរ​​​ខេត្ត​​​ថា បាន​​​ណែ​​​នាំ​​​ឲ្យ​​​ជន​​​ជាតិ​​​វៀតណាម​​​ និង​​​បង​​​ប្អូន​​​​​​ខ្មែរ​​​អីុស្លាម​​​ទៅ​​​ចុះ​​​ឈ្មោះ​​​ដើម្បី​​​ទទួល​​​បាន​​​ចំណែក​​​​​​ដី​​​សម្បទាន​​​ថ្មី​​​នេះ​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​បញ្ជូន​​​មនុស្ស​​​ទាំង​​​នោះ​​​ទៅ​​​ទទួល​​​យក​​​​​​ដី​​​ក្នុង​​​តំបន់​​​សម្បទាន​​​សង្គម​​​កិច្ច​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខាន់ ចំណាន អភិបាល​​​រង​​​ខេត្ត​​​ក្រចេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​នេះ៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស