34 C
Phnom Penh

ចំនួនអ្នកស្លាប់និង​របួសដោយ​មីននិង​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះរយៈពេល​៧ខែគឺ​លើស​ឆ្នាំ​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​របស់​អាជ្ញាធរ​សកម្មភាព​កំចា​ត់​មីន​កម្ពុជា​ (CMAA) បាន​ឲ្យ​ដឹង​ថា គ្រាប់​​មីន​ និង​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះចាស់​ៗ​​ផ្សេងៗ​ទៀត​បាន​ធ្វើ​ឲ្យមនុស្ស​ស្លាប់ និង​របួស​ចំនួន​១២០​នាក់​​ចាប់​ពី​ខែ​មករា ដល់ចុង​ខែកក្កដា ​គឺ​កើនឡើង​លើស​ចំនួន​អ្នក​ស្លាប​់​ឬរបួស​កាលពីឆ្នាំ​២០១៣​រួច​ទៅ​ហើយ​។

ស្ថិតិ​នេះ​មាន​ន័យ​ថា ឆ្នាំ​២០១៤​និង​ជាលើកដំបូង​ ចាប់តាំង​ពី​ឆ្នាំ​២០១០​ដែល​ចំនួន​​មនុស្ស​ស្លាប់​ និងរងរបួស​សរុប​ដោយ​សារ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចាស់ៗ​​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​នឹង​ខ្ពស់​ជាង​ឆ្នាំ​មុន។ គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពីការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក និង​សង្គ្រាម​ស៊ីវិល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់ទសវត្សរ៍​ឆ្នាំ​១៩៨០​ បាន​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១១១​នាក់​ក្នុង​ឆ្នាំ​២០១៣​។

ក្នុង​ចំណោម​អ្នក​ស្លាប់​ និង​របួស​១២៣​នាក់​រហូត​មក​ទល់​ពេល​នេះ​នៅ​ឆ្នាំ​នេះ មនុស្ស​១៤​នាក់​បាន​ស្លាប់​ ២៨​នាក់​ពិការ​អវយវៈមួយ​​ឬលើសពីនេះ​ ហើយ​៧៨​នាក់​រង​របួស​។ ចំនួន​អ្នក​ស្លាប់​ និង​របួស​បង្កឡើងដោយ​គ្រោះ​ថ្នាក់​ចំនួន​៧៤​លើក​ គឺ​​២៣​លើក​ច្រើន​ជាងអ្វី ដែល​ CMAA បាន​កត់​ត្រាទុក​ក្នុង​រយៈ​​ពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីន​កម្ពុជារបស់​​ CMAA បាន​មាន​ប្រសាសន៍​ថា ក្រុម​ដោះ​មីន​របស់​រដ្ឋាភិបាល​បាន​បន្ទោស​ការ​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ទៅលើ​កំណើន​ ” សម្ពាធ​សេដ្ឋកិច្ច​” ដែល​ជំរុញឲ្យកសិករ​កាន់​តែ​ច្រើន​ឡើងៗ​ចូល​ទៅ​ក្នុង​ដី​ដែល​មាន​​គ្រោះ​ថ្នាក់​។

លោក​បាន​មាន​ប្រសាសន៍​ថា ” កាលពី​ឆ្នាំ​មុន មាន​គ្រោះ​ថ្នាក់តិច​ត​ួចនៅ​ក្នុង​វិស័យ​​កសិកម្ម​ ” មាន​ន័យ​ថា តម្រូវ​ការ​កើន​ឡើង​សម្រាប់​ដីធ្វើ​ស្រែចម្ការ​​ បាន​​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​តំបន់​​ទាំង​នោះ​ទាំង​​ប្រថុយ​ប្រថាន​។

លោក​ រតនា បាន​​មាន​ប្រសាសន៍​ថា ​បញ្ហា​គឺ​ធ្ងន់ធ្ងរណាស់​នៅ​ឆ្នាំ​នេះ​ក្នុង​ខេត្ត​បាត់​ដំបង ដែល​កសិករ​កាន់​តែ​ច្រើន​ឡើងៗ​ផ្លាស់​ប្ដូរ​ពី​ការ​ធ្វើ​កសិកម្ម​ដោយ​ដៃ​ទៅ​ជាការ​ធ្វើ​កសិកម្ម​ដោយ​ប្រើ​គ្រឿង​ចក្រ​ ដែលទំនង​ជា​ធ្វើ​ឲ្យ​មីន​​កប់​ក្នុង​ដីផុស​ឡើង​។

លោក​បានមាន​ប្រសាសន៍​ថា ម្ចាស់​ដី​មួយ​ចំនួន​ដែលបាន​​ដឹង​ច្បាស់​ពីការ​ភ្ជួរ​ត្រាក់​ទ័រ​សម្រាប់​​​ដី​របស់​ពួកគាត់​នោះ ក៏បាន​ជួល​អ្នក​ដែល​មិន​មែន​ជា​អ្នកស្រុក​ឲ្យ​ធ្វើ​ការ​ងារបែប​ប្រថុយ​ប្រថាន​នេះ​ឲ្យ​ពួកគាត់​ ពីព្រោះ​ពួកគាត់​ខ្លាច​មិន​ហ៊ាន​ធ្វើ​ដោយ​ខ្លួន​ឯង​”។

ខេត្ត​បាត់​ដំបង​​មាន​មនុស្ស​ស្លាប់និង​របួស​​៣៧​នាក់​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ និង​របួស​១២០​នាក់​ គឺ​ច្រើនជាង​ខេត្ត​ផ្សេង​ៗទៀត។

ជា​ការ​ឆ្លើយ​តប​ទៅនឹង​កំណើន​​អ្នក​ស្លាប់និង​រង​របួសដ៏ឆាប់​រហ័សនោះ​ លោក រតនា បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​បង្កើន​ការ​ងារ​របស់​ខ្លួន ដោយអប់រំ​អ្នក​ភូមិ​អំពី​ជាតិ​ផ្ទុះ​ដែល​កប់​ក្នុង​ដី​ស្ថិត​នៅ​ជុំវិញ​ពួកគាត់​។

លោក ឡុង ពន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​របស់​លោក​ក៏​បាន​បង្រៀន​មេរៀន​ចម្រុះ​ស្ដីពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន និង​ការណែនាំ​ស្ដីពី​ការ​បង្កើន​ទិន្នផល​ដំណាំ​​នៅពេលពួកគេ​បានទៅ​សំណេះ​សំណាល​ជាមួយ​កសិករ​។

លោក ពន បាន​មាន​ប្រសាសន៍​ថា លោក​ដឹង​ថា ជារឿយៗ​កសិករ​ជួល​អ្នកផ្សេង​ឲ្យ​ភ្ជួរ​ដី​ ដែល​ពួកគាត់​ដឹង​ថា អាច​មានគ្រោះ​ថ្នាក់ ប៉ុន្តែ​តាមធម្មតា​អ្នក​ដែល​កសិករ​ជួល​នោះ​ក៏​ដឹង​ពី​គ្រោះ​ថ្នាក់​នេះ​ផង​ដែរ។

លោក​បាន​មានប្រសាសន៍​ថា” បញ្ហា​គឺ​ថា​ ពួកគាត់​ក្រីក្រ ហើយ​ពួកគាត់​ត្រូវ​ការ​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ បើទោះ​ជា​ពួកគាត់​ដឹង​ថា កន្លែង​នោះ​មាន​មីន​​ក៏ដោយ។ ពួកគាត់​សម្រេច​ចិត្ត​ប្រថុយប្រថាន”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ ហៃ ពិសី​)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស