សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ បានសាកសួរប្រធានក្រុមហ៊ុន RSLGlobalLogistics បន្ទាប់ពីមានបណ្តឹងមួយកាលពីខែមុនរបស់លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាឈ្មោះរបស់លោកត្រូវបានគេប្រើដើម្បីពន្លឿនប្រតិវេទន៍គយនៅកំពង់ផែក្រុងព្រះសីហនុ។
កាលពីថ្ងៃទី១៥ខែសីហា លោក ម៉ានី បានប្តឹងលោក រាជ សុធន ប្រធានក្រុមហ៊ុន RSL បន្ទាប់ពីបានដឹងថា គាត់បានផ្ញើសារជាអក្សរទៅក្រុមមន្ត្រីកំពង់ផែកាលពីថ្ងៃទី៥ខែសីហា ដោយប្រាប់ពួកគេថា ការនាំទំនិញពីប្រទេសចិនមានរថយន្តពេទ្យ២គ្រឿង ក្នុងចំណោមនោះមានមួយគ្រឿង ជារបស់លោក ហ៊ុន ម៉ានី ជាការប៉ុនប៉ងដើម្បីបានប្រតិវេទន៍គយនៅថ្ងៃដដែលនោះ។
ព្រះរាជអាជ្ញា តុប ឈុនឡុង បានបញ្ជាក់អំពីការសាកសួរនេះ ប៉ុន្តែមិនអធិប្បាយច្រើនទេ ពីព្រោះការស៊ើបអង្កេតកំពុងធ្វើ។
លោក លី ចាន់តុលា មេធាវីរបស់លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា បណ្តឹងនេះមានបំណងដើម្បីបញ្ជូនសារមួយដល់សាធារណជនឲ្យដឹងថា កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនឹងមិនអត់ឱនឲ្យដល់បុគ្គលទាំងឡាយណាដែលប្រើឈ្មោះរបស់លោកដើម្បីគេចពីច្បាប់បានទេ។
លោក ចាន់តុលា មានប្រសាសន៍ថា “ការសូមអភ័យទោសមិនមែនជាសំណងជំងឺចិត្តផ្លូវការទេ ដូច្នេះ [ចុងចោទ] ត្រូវប្រឈមនីតិវិធីច្បាប់”។
លោក សុធន ដែលព្រះរាជអាជ្ញាដឹងថាជាប្រធានក្រុមហ៊ុន RSL នោះ បានមានប្រសាសន៍ថា លោកបានចូលរួមសវនាការសាកសួរដើម្បីជម្រះហេតុការណ៍ និងបានសារភាពថា បានសុំមន្ត្រីផែឲ្យជួយពន្លឿនការពិនិត្យទំនិញ។ ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកគ្រាន់តែបានធ្វើអ្វីដែលអតិថិជនរបស់លោក គឺក្រុមហ៊ុនអភិវឌ្ឍន៍ 7NG បានស្នើឲ្យលោកធ្វើប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “រថយន្តមួយគ្រឿងក្នុងចំណោមនោះជារថយន្តពេទ្យដែលក្រុមហ៊ុន 7NG បានប្រាប់ខ្ញុំថា ពួកគេធ្វើអំណោយឲ្យក្រុមយុវជនរបស់ [លោក ម៉ានី] គឺសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក សុធន បានមានប្រសាសន៍ថា “នៅល្ងាចថ្ងៃទី៥ខែសីហា អតិថិជនបានស្នើលោកផ្ញើសារមួយទៅកំពង់ផែ ពីព្រោះពួកគេប្រញាប់ផ្តល់អំណោយ” ដោយលោកបានបន្ថែមថា ទំនិញនោះមានឯកសារស្របច្បាប់ទេ។
លោកមានប្រសាសន៍ថា “ឥឡូវនេះ ខ្ញុំបារម្ភណាស់អំពីរឿងនេះ ហើយខ្ញុំមិនប្រាកដថា រថយន្តនោះជារបស់ក្រុមយុវជននេះទេ”។
កាលពីម្សិលមិញ លោក ស្រី សុធា ប្រធានក្រុមហ៊ុន 7NG បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលរថយន្តពេទ្យមួយគ្រឿង ហើយនឹងធ្វើអំណោយវាទៅក្រុមយុវជនរបស់លោក ហ៊ុន ម៉ានី ប៉ុន្តែ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីបញ្ហានៅកំពង់ផែទេ។
លោកមានប្រសាសន៍ថា “ខ្ញុំធ្វើអំណោយរថយន្តពេទ្យមួយគ្រឿងសម្រាប់ដឹកជញ្ជូនជនរងគ្រោះ ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង។ ប៉ុន្តែ ខ្ញុំមិនដឹងអំពីការណែនាំរបស់ក្រុមហ៊ុន RSL ឲ្យធ្វើរឿងអ្វីមួយ ដែលបង្កឲ្យមានបញ្ហាជាមួយលោក ហ៊ុន ម៉ានី នោះទេ”៕មានិត