29 C
Phnom Penh

អតីត​នាយក​រដ្ឋមន្ត្រី​គាំទ្រ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​ក្នុង​ចំណោម​កិច្ច​ប្រជុំ​មួយ​ចំនួន​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ (ERA) បាន​ជួប​ជាមួយ​លោក ប៉ែន សុវណ្ណ នៅ​​ក្នុង​រដ្ឋសភា​ដើម្បី​ពិភាក្សា​​​អំពី​សំណើ​​កំណត់​អាណត្តិនាយក​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ជា​សម្ព័ន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន​ បាន​ស្នើ​ឲ្យ​មាន​ការ​កំណត់​​អាណត្តិនាយករដ្ឋមន្ត្រី​អំឡុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ចំណោម​កិច្ច​ប្រជុំ​តុមូល​​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​​តាម​ធម្មតា​​ក្នុង​រាជធានី​ភ្នំពេញ​​​​កាលពី​ខែ​មុន​​​ ​ហើយ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​នយោបាយ​លេច​ធ្លោ​មួយ​ចំនួន​ចាប់​តាំង​ពី​ពេល​នោះ​មក​។

លោក ប៉ែន សុវណ្ណ ដែល​កាល​ពី​ឆ្នាំ​១៩៨១​​បាន​​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដំបូង​នៃ​ប្រទេស​កម្ពុជា​មួយ​រយៈ​​ បន្ទាប់ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សមាជិក​សភា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន​។ លោក​បាន​​​ធ្វើ​ជា​​អ្នក​រៀបចំ​​កិច្ច​ប្រជុំ​​សម្រាប់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​កាលពី​ព្រឹក​ម្សិលមិញ នៅ​ការិយាល័យ​ថ្មី​របស់​លោក​ក្នុង​អគារ​រដ្ឋសភា។

លោក ប៉ែន សុវណ្ណ បាន​ប្រាប់​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា ” ខ្ញុំ​គាំទ្រ​គំនិត​នេះ ហើយ​ខ្ញុំ​ចង់​ឲ្យមាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​​ចន្លោះ​ពី​មួយ​អាណត្តិ​ និង​ដល់​រយៈ​ពេល​១០​ឆ្នាំ​”។អាណត្តិ​នាយករដ្ឋមន្ត្រី​​គឺ​រយៈ​ពេល​៥ឆ្នាំ​។

លោក ប៉ែន សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ត​ថា ” នៅ​ពេល​នរណា​ម្នាក់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​​យូរ​អង្វែង​ វាបណ្ដាល​ឲ្យ​មាន​គំនិត​ផ្ដាច់​ការ​ គ្រួសារ​និយម មិត្ត​ភក្ដិ​និយម និង​បក្ខ​ពួក​និយម”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​រដ្ឋាភិបាល​អស់រយៈ​ពេល​២៩​​ឆ្នាំ​មក​ហើយ ដោយទទួល​បាន​ជ័យ​ជម្នះ​លើ​លោក ចាន់ ស៊ី ដែល​ជំនួស​តំណែង​លោក​ ប៉ែន សុវណ្ណ នៅ​ពេល​លោក​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​របប​ដែល​គាំទ្រ​ដោយ​វៀតណាម​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​១៩៨១ ហើយ​ត្រូវ​​បាន​​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគារ​ក្នុង​ទីក្រុង​ហាណូយ​អស់រយៈ​ពេល​មួយ​ទសវត្សរ៍។

លោក​ ប៉ែន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា នៅ​ពេល​នរណា​ម្នាក់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជាង​១០​ឆ្នាំ បុគ្គល​នោះ [​​បង្កើត] ​គំនិត​ផ្ដាច់​ការ​”។

លោក​​បាន​​មាន​ប្រសាសន៍​បន្ថែម​ដោយ​ទំនង​ជា​សំដៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា ” គាត់​គិត​ថា គាត់​អស្ចារ្យ​ជាង​គេ​ គាត់​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់​ គាត់​មិន​ខ្វល់​​ហើយ​ក៏​មិន​ស្ដាប់​យោបល់​របស់​ពលរដ្ឋដែរ​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ជា​សមាជិក​ដ៏​លេចធ្លោ​មួយ​រូបរបស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​ថា ញត្តិ​អំពាវ​នាវ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នេះ​នឹង​ដាក់​ជូន​លោក ហ៊ុន សែន នៅ​សប្ដាហ៍​នេះ​។

លោក គល់ បញ្ញា បាន​លើក​ឡើង​ទៀត​ថា អតីត​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​រូប​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​ ហ៊ុន សែន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​វិធានការ​នេះ​ដែរ ប៉ុន្តែ​ថា លោក​មិន​ដឹង​​ច្បាស់​អំពី​លោក​ ហ៊ុន សែន នោះ​ទេ។

​លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ក៏​គាំទ្រ​ញត្តិ​នេះ​ដែរ ហើយ​ខ្ញុំ​ក៏​បាន​ហៅ​ទូរស័ព្ទ​ទៅ​ឯក​ឧត្តម​ អុឹង ហួត ដែរ​ ហើយ​គាត់​​បាន​ប្រាប់ខ្ញុំ​ថា វា​មិន​មែន​ជា​តួនាទី​របស់​គាត់​ដែល​ត្រូវ​គាំទ្រ​ញត្តិ​នេះ​ទេ​ ប៉ុន្តែ​ថា គាត់​ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​​ទាម​​ទារ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៩៨”។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​មិន​ទាន់​មាន​ព័ត៌មាន​​ច្បាស់​លាស់​នៅ​ឡើយ​ទេ អំពី​ជំហរ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​ក៏​មិន​ដឹង​ថា តើ​ពួកគេ​គាំទ្រ​ឬក៏អត់​ដែរ​”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស