40.3 C
Phnom Penh

លោក ហ៊ុន សែន រិះគន់​វិស័យ​ឯកជន​ខ្លាំងៗ​ ហើយ​សរសើរ​រដ្ឋាភិបាល​​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​វិស័យ​ឯកជន និង​សហគមន៍​អន្តរជាតិ​ខ្លាំងៗ​នៅ​ក្នុង​សន្និសីទ​ប្រចាំ​តំបន់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​រៀបចំ​ឡើង​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​កោត​សរសើរ​ការ​រីក​ចម្រើន​របស់​រដ្ឋាភិបាល​លោក​​ផង​ដែរ​នៅ​ក្នុង​ការ​អនុវត្ត​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​។

អំឡុង​សុន្ទរកថា​បើក​សន្និសីទ​ប្រចាំ​តំបន់​លើក​ទី៨ ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​ការ​ចូល​រួម​ពី​​សំណាក់​គណៈប្រតិភូ​​ជា​ច្រើន​រូប​​មកពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វិធីសាស្ត្រ​បី​មុខ​ព្រួញ​កំពុង​ត្រូវ​បាន​អនុវត្ត​​ដោយ​ផ្ដោត​លើ​វិស័យ​អប់រំ ការ​ទប់​ស្កាត់​ និង​ការ​អនុវត្ត​ច្បាប់។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​” រដ្ឋាភិបាល​ចាប់​តាំង​ពី​​​ដើម​ [អាណត្តិ​ទី៥] មក​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ដឹក​នាំ​ក្រសួង​ និង​ស្ថាប័ន​នីមួយៗ​ ដែល​ពួកគេ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​”។

កាលពី​ឆ្នាំ​មុន ប្រទេស​កម្ពុជា​​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០​​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧​នៅ​ក្នុង​សន្ទស្សន៍​ទស្សនទាន​អំពើ​ពុក​រលួយ​​របស់​អង្គការ​​តម្លាភាព​អន្តរជាតិ​ ហើយ​បាន​ប្រឈម​នឹង​ការ​រិះគន់​ជាយូរ​មក​ហើយ​ជុំវិញ​អំពើ​ពុករលួយ​យ៉ាង​រាល​ដាល​នៅ​ក្នុង​វិស័យ​សាធារណៈ និង​តុលាការ​។

ប៉ុន្តែ​កាលពី​ម្សិលមិញ​ លោក​ ហ៊ុន សែន បាន​​​​វាយ​ប្រហារ​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​នានា​មាន​ការ​ទទួល​ខុស​ត្រូវ​ស្មើ​គ្នា​ចំពោះ​អំពើ​ពុក​រលួយ​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​​ក្នុង​មួយ​ឆ្នាំ​ៗធ្វើ​ឲ្យ​ខាត​បង់​ប្រហែល​១០ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​សារ​អំពើ​ពុករលួយ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​ពលកម្ម​អន្តរជាតិ ILO។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូល​រួម​ថា ” សូម​កុំភ្លេច​ថា វិស័យ​ឯកជន​​គឺ​ជាអ្នក​សូកប៉ាន់​។ ប្រសិន​បើ​វិស័យ​ឯកជន​មិន​សូក​ប៉ាន់ទេ តើ​មន្ត្រី​រដ្ឋាភិបាល​​យក​ប្រាក់​​ម៉េច​នឹង​កើត​? ​ដូច្នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​វិស័យ​ឯកជន​កុំសូកប៉ាន់ ខ្ញុំ​ស្នើ​សុំ​ឲ្យ​វិស័យ​ឯកជន​ធ្វើ​ការ​វិនិយោគ​ដោយ​ភាព​​​ស្អាត​ស្អំ”។

​អំឡុង​ពេល​​ថ្លែង​សុន្ទរកថា​ដែល​ទំនង​​ជា​ឥត​ព្រាង​ទុក​ ខុស​ពី​ច្បាប់​ចម្លង​នៃ​សុន្ទរកថា​ព្រាង​ទុក​របស់​លោក ដែល​ត្រូវ​បាន​​ចែក​ជូន​គណៈប្រតិភូ​ និង​ដែល​​មិន​បាន​រាប់​បញ្ចូល​ការ​រិះគន់​ខ្លាំង​ៗ​បំផុត​របស់​លោក​​នោះ លោក ហ៊ុន សែន ​បាន​វាយ​បក​ទៅ​លើ​របាយការណ៍​​របស់​បណ្ដា​អង្គការ​អន្តរជាតិ​ ដែល​លើក​ឡើង​មិន​ល្អ​អំពី​សេដ្ឋកិច្ច​របស់​កម្ពុជា​។

សន្ទស្សន៍​​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​​ប្រចាំ​ឆ្នាំ​ ដែល​វិទ្យាស្ថាន​ Basel Institute មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រឈម​ហានិភ័យ​បំផុត​ទី៣​ក្នុង​ពិភព​លោក​សម្រាប់​ការ​លាង​លុយ​កខ្វក់​ និង​​ហិរញ្ញវត្ថុ​ភេរវកម្ម​ មួយ​អន្លើ​ដោយ​សារ​តែ​ក្ដី​បារម្ភ​​យ៉ាង​ខ្លាំង​​ចំពោះ​អំពើ​ពុករលួយ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក៏​រងគ្រោះ​ដូច​កម្ពុជា​ដែរ កន្លែង​​​ដែល​ប្រទេស​អ្នក​មាន​អាច​​និយាយ​​ពី​អ្វី​បាន​ដែល​ពួកគេ​ចង់​​ ហើយ​ប្រសិន​បើ​ [រដ្ឋាភិបាល​] មិន​អនុញ្ញាតឲ្យ​ពួកគេ​និយាយ​​ទេ​ ពួកគេ​កាត់​ជំនួយ​”។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​វាយ​ប្រហារ​មន្ត្រី​ការទូត​​ ដែល​​ស្នើ​សុំ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជួស​មុខ​ឲ្យ​​បណ្ដា​​ក្រុម​ហ៊ុន​មក​ពីប្រទេស​របស់​ពួកគេ​ផង​ដែរ​។

​​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​សំដៅ​ដល់​​ ” ឯកអគ្គ​រដ្ឋទូត​មួយ​ចំនួន​ ប៉ុន្តែ​មិន​មែន​ឯកអគ្គ​រដ្ឋទូត​ទាំង​អស់​” ថា ” ខ្ញុំ​មិន​ឮ​ថា ឯកអគ្គរដ្ឋទូត​ណា​មក​ជួប​ខ្ញុំ​ ហើយ​ស្នើ​សុំ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណែក​ច្រើន​​ ហើយ​ក្រុម​ហ៊ុន​ទទួល​បាន​ចំណេញ​តិច​នោះ​ទេ។ នោះ​គឺ​ជា​រឿង​ពិត”។

អំឡុង​សុន្ទរកថា​របស់​លោក លោក ហ៊ុន សែន បាន​​ងាក​ទៅ​រក​មន្ត្រី​អង្គុយ​លើ​វេទិកា​​ខាង​ក្រោយ​លោក​​មក​ពីធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​បាន​រៀបចំ​សន្និសីទ​នេះ​ឡើង​ រួម​ជាមួយ​នឹង​​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD)។ លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ពួកគេ​ឲ្យ​​ ” មាន​ការ​ប្រុង​ប្រយ័ត្ន​” ដើម្បី​ចៀសវាង​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​​របស់​ប្រភេទ​​នេះ ដែល​បាន​វាយ​ប្រហារ​លោកស្រី គ្រីស្ទីន ឡាហ្គាដ ប្រធាន​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និង​លោក ផូល វ៉ូល​ហ្វូវីតស៍ អតីត​ប្រធាន​ធនាគារ​ពិភព​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប៉ុន្តែ​ធនាគារ​ ADB របស់​យើង​មិន​ទាន់​មាន​កេរ្តិ៍ឈ្មោះ​​បែប​នេះ​នៅ​ឡើយ​ទេ។ ADB ត្រូវ​តែ​ប្រុង​ប្រយ័ត្ន អស់​លោក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។ ខ្ញុំ​សង្ឃឹម​ថា ឈ្មោះ​របស់ ADB ​នឹង​មិន​ខូច​ដូច​ធនាគារ​ពិភព​លោក​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ឡើយ។ ខ្ញុំ​សង្ឃឹម​បែប​នោះ​”​។

លោក​ក៏​បាន​លើក​ឡើង​​ពី​រឿង​រ៉ាវ​មួយ​ស្ដីពី​សហគមន៍​អន្តរជាតិ​ដែរ ជាពិសេស​សហរដ្ឋ​អាមេរិក និង​ធនាគារ​ពិភព​លោក​ ដែល​​បាន​​​ព្យាយាម​បញ្ចុះ​បញ្ចូល​លោក​ឲ្យ​​ធ្វើ​ឯកជនីយកម្ម​​នាយក​ដ្ឋាន​គយ​កាលពី​ឆ្នាំ​២០០៤ ដែល​លោក​មាន​ប្រសាសន៍​ថា នឹង​ធ្វើ​ឲ្យ​ ” កាំភ្លើង ​គ្រាប់​បែក និង​ឧទ្ធម្ភាគចក្រ​” ធ្លាក់​​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​វិស័យ​ឯកជន​។ ​

អំឡុង​សុន្ទរកថា​រយៈ​ពេល​ជិត​៤​ម៉ោង​របស់​លោក​ លោក ហ៊ុន សែន ក៏​បាន​សូម​អភ័យ​ទោស​ដែរ​ចំពោះ​អ្នក​ចូល​រួម​ ហើយ​បាន​ងាក​ទៅ​អាន​សុន្ទរកថា​ព្រាង​ទុក​របស់​លោក​វិញ​ ដោយមាន​​ប្រសាសន៍​ថា ” ផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់” ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​។

តំណាង​មួយ​ចំនួន​មក​ពី​បណ្ដា​អង្គការ​ក្រៅ​ប្រទេស​​គ្មាន​ឆន្ទៈ​ធ្វើ​អត្ថាធិប្បាយ​អំពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន ទេ​កាលពី​ម្សិលមិញ ដោយ​តំណាង​មួយ​រូប​លើក​ឡើង​ថា វា​ ” រសើប​ពេក​” ចំណែក​តំណាង​មួយ​រូប​ទៀត​​បាន​លើក​ឡើង​ថា ការ​ស្ទាក់​ស្ទើរ​របស់​ពួកគេ​ គឺ​ដោយ​សារ​តែ​ពួកគេ​គឺ​ជា​ភ្ញៀវ​របស់​កម្ពុជា។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​​ ដូច​ជា​លោក Kapila Waildyartne តំណាង​របស់​ប្រទេស​ស្រីលង្កា​ជា​ដើម មាន​​ទស្សនៈ​​វិជ្ជមាន​ចំពោះ​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​។ លោក​បាន​លើក​ឡើង​ថា ​” អ្វីដែល​ខ្ញុំ​មើល​ឃើញ គឺ​ថា​ ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ។ ពួកគេ​ដឹង​ ហើយ​កំពុង​តែ​​បោះ​ជំហាន​ទៅ​មុខ​”។

លោកស្រី គ្លែរ វី ប្រធាន​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ និង​សុចរិត​ភាព​របស់​ធនាគារ​ ADB បានមាន​ប្រសាសន៍​ថា កម្រិត​អំពើ​ពុករលួយ​​ដែល​ខ្ពស់​ជាង​គេ​ គឺ​ស្ថិត​នៅ​អាស៊ី ប៉ុន្តែ​លោកស្រី​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​​របស់​កម្ពុជា​។

​ទន្ទឹម​នឹង​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​កាលពី​ឆ្នាំ​២០១០ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​​​​បាន​ចាត់​វិធាន​ការ​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​លួច​ចម្លង​យ៉ាង​រាល​ដាល​នៅ​ក្នុង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ​ហើយ​​បាន​ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រឆាំង​មន្ត្រី​រាជការ​ “ខ្មោច​” ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រាក់​ខែ​របស់​រដ្ឋ​។

លោកស្រី​ គ្លែរ វី បានមាន​ប្រសាសន៍​ថា “​ទាំង​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​​ដែល​បង្ហាញ​ពី​ការ​​បង្កើន​ការ​ប្ដេជ្ញាចិត្ត​ ដែល​យើង​អាច​មើល​ឃើញ​នៅ​ទូទាំង​តំបន់​របស់​យើង ដើម្បី​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ​”។

ទោះ​ជាយ៉ាង​ណា លោក​ Carsten Rosenkranz ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ជា​​នាយក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ផ្នែក​អភិបាល​កិច្ច​​ ហានិភ័យ និង​ការ​អនុវត្ត​ន៍​នៅ​ក្រុម​ហ៊ុន​ Thomson Reuters ​បានមាន​ប្រសាសន៍​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​​របៀប​និយាយ​របស់​លោក ហ៊ុន សែន។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” វា​​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ អ្នក​ពិត​ជា​គ្មាន​ឱកាស​​​ស្ដាប់​​អ្នក​នយោបាយ​និយាយ​ដូច​នោះ​ញឹក​ញាប់​ឡើយ​​​​​​​។ នៅ​ក្នុង​ប្រទេស​សិង្ហបុរី នយោ​បាយ​គឺ​ទន់ភ្លន់​ណាស់ អ្នក​ពិត​ជា​មិន​អាច​ស្ដាប់​ឮ​ការ​ជជែក​ដេញ​ដោល​ដូច​នោះ​ឡើយ”​។

លោក​ Djamel El Akra សាស្ត្រាចារ្យ​អន្តរជាតិ​ ដែល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ​ការ​ជ្រើស​រើស​កម្ពុជា​សម្រាប់​រៀបចំ​សន្និសីទ​នេះឡើង​បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ងឿង​ឆ្ងល់​នៅ​ក្នុង​ចិត្ត​ ដោយ​សារ​តែ​ប្រទេស​នេះ​មាន​ប្រវត្តិ​មិន​ល្អ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” ខ្ញុំ​គិត​ថា [លោក ហ៊ុន សែន] គ្រាន់​តែ​បញ្ជូន​សារ​​ទៅ​សហគមន៍​អន្តរជាតិ​​​ដែល​ចង់​ស្ដាប់​ប៉ុណ្ណោះ” ពាក់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​នេះ​។

លោក​បាន​លើក​ឡើង​ទៀត​ថា ” មេដឹកនាំ​នយោបាយ​នៅ​ទីនេះ​​មាន​ប្រាក់​ និង​មាន​អំណាច​ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ខ្វះ​​គឺ​ភាព​ស្រប​ច្បាប់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ព្រឹត្តិការណ៍​បែប​នេះ​ប្រហែល​ជា​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ភាព​ស្រប់​ច្បាប់​លើ​ឆាក​អន្តរជាតិ​នោះ​”​៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស