លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់វិស័យឯកជន និងសហគមន៍អន្តរជាតិខ្លាំងៗនៅក្នុងសន្និសីទប្រចាំតំបន់ស្ដីពីការប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរការរីកចម្រើនរបស់រដ្ឋាភិបាលលោកផងដែរនៅក្នុងការអនុវត្តវិធានការប្រឆាំងអំពើពុករលួយ។
អំឡុងសុន្ទរកថាបើកសន្និសីទប្រចាំតំបន់លើកទី៨ ស្ដីពីការប្រឆាំងអំពើពុករលួយ ដែលមានការចូលរួមពីសំណាក់គណៈប្រតិភូជាច្រើនរូបមកពីបណ្ដាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ហ៊ុន សែន បានមានប្រសាសន៍ថា វិធីសាស្ត្របីមុខព្រួញកំពុងត្រូវបានអនុវត្តដោយផ្ដោតលើវិស័យអប់រំ ការទប់ស្កាត់ និងការអនុវត្តច្បាប់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ” រដ្ឋាភិបាលចាប់តាំងពីដើម [អាណត្តិទី៥] មក បានបញ្ជាក់យ៉ាងច្បាស់អំពីការដឹកនាំក្រសួង និងស្ថាប័ននីមួយៗ ដែលពួកគេត្រូវតែធ្វើកំណែទម្រង់ផ្ទៃក្នុង”។
កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៦០ក្នុងចំណោមប្រទេសចំនួន១៧៧នៅក្នុងសន្ទស្សន៍ទស្សនទានអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ហើយបានប្រឈមនឹងការរិះគន់ជាយូរមកហើយជុំវិញអំពើពុករលួយយ៉ាងរាលដាលនៅក្នុងវិស័យសាធារណៈ និងតុលាការ។
ប៉ុន្តែកាលពីម្សិលមិញ លោក ហ៊ុន សែន បានវាយប្រហារវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដោយលើកឡើងថា ក្រុមហ៊ុននានាមានការទទួលខុសត្រូវស្មើគ្នាចំពោះអំពើពុករលួយដែលកំពុងបន្តកើតមាននៅក្នុងប្រទេសនេះ ដែលក្នុងមួយឆ្នាំៗធ្វើឲ្យខាតបង់ប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ខ្លួន ដោយសារអំពើពុករលួយ នេះបើយោងតាមការឲ្យដឹងពីអង្គការពលកម្មអន្តរជាតិ ILO។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា ” សូមកុំភ្លេចថា វិស័យឯកជនគឺជាអ្នកសូកប៉ាន់។ ប្រសិនបើវិស័យឯកជនមិនសូកប៉ាន់ទេ តើមន្ត្រីរដ្ឋាភិបាលយកប្រាក់ម៉េចនឹងកើត? ដូច្នេះ ខ្ញុំសូមស្នើឲ្យវិស័យឯកជនកុំសូកប៉ាន់ ខ្ញុំស្នើសុំឲ្យវិស័យឯកជនធ្វើការវិនិយោគដោយភាពស្អាតស្អំ”។
អំឡុងពេលថ្លែងសុន្ទរកថាដែលទំនងជាឥតព្រាងទុក ខុសពីច្បាប់ចម្លងនៃសុន្ទរកថាព្រាងទុករបស់លោក ដែលត្រូវបានចែកជូនគណៈប្រតិភូ និងដែលមិនបានរាប់បញ្ចូលការរិះគន់ខ្លាំងៗបំផុតរបស់លោកនោះ លោក ហ៊ុន សែន បានវាយបកទៅលើរបាយការណ៍របស់បណ្ដាអង្គការអន្តរជាតិ ដែលលើកឡើងមិនល្អអំពីសេដ្ឋកិច្ចរបស់កម្ពុជា។
សន្ទស្សន៍ប្រឆាំងការលាងលុយកខ្វក់ប្រចាំឆ្នាំ ដែលវិទ្យាស្ថាន Basel Institute មានមូលដ្ឋាននៅក្នុងប្រទេសស្វ៊ីស បានចេញផ្សាយកាលពីខែមុន បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសប្រឈមហានិភ័យបំផុតទី៣ក្នុងពិភពលោកសម្រាប់ការលាងលុយកខ្វក់ និងហិរញ្ញវត្ថុភេរវកម្ម មួយអន្លើដោយសារតែក្ដីបារម្ភយ៉ាងខ្លាំងចំពោះអំពើពុករលួយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ” ប្រទេសជាច្រើនផ្សេងទៀតក៏រងគ្រោះដូចកម្ពុជាដែរ កន្លែងដែលប្រទេសអ្នកមានអាចនិយាយពីអ្វីបានដែលពួកគេចង់ ហើយប្រសិនបើ [រដ្ឋាភិបាល] មិនអនុញ្ញាតឲ្យពួកគេនិយាយទេ ពួកគេកាត់ជំនួយ”។
លោកនាយករដ្ឋមន្ត្រីក៏បានវាយប្រហារមន្ត្រីការទូត ដែលស្នើសុំការវិនិយោគនៅក្នុងប្រទេសកម្ពុជាជួសមុខឲ្យបណ្ដាក្រុមហ៊ុនមកពីប្រទេសរបស់ពួកគេផងដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍សំដៅដល់ ” ឯកអគ្គរដ្ឋទូតមួយចំនួន ប៉ុន្តែមិនមែនឯកអគ្គរដ្ឋទូតទាំងអស់” ថា ” ខ្ញុំមិនឮថា ឯកអគ្គរដ្ឋទូតណាមកជួបខ្ញុំ ហើយស្នើសុំឲ្យកម្ពុជាទទួលបានចំណែកច្រើន ហើយក្រុមហ៊ុនទទួលបានចំណេញតិចនោះទេ។ នោះគឺជារឿងពិត”។
អំឡុងសុន្ទរកថារបស់លោក លោក ហ៊ុន សែន បានងាកទៅរកមន្ត្រីអង្គុយលើវេទិកាខាងក្រោយលោកមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានរៀបចំសន្និសីទនេះឡើង រួមជាមួយនឹងអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ពួកគេឲ្យ ” មានការប្រុងប្រយ័ត្ន” ដើម្បីចៀសវាងរឿងអាស្រូវហិរញ្ញវត្ថុរបស់ប្រភេទនេះ ដែលបានវាយប្រហារលោកស្រី គ្រីស្ទីន ឡាហ្គាដ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក ផូល វ៉ូលហ្វូវីតស៍ អតីតប្រធានធនាគារពិភពលោក។
លោកបានមានប្រសាសន៍ថា ” ប៉ុន្តែធនាគារ ADB របស់យើងមិនទាន់មានកេរ្តិ៍ឈ្មោះបែបនេះនៅឡើយទេ។ ADB ត្រូវតែប្រុងប្រយ័ត្ន អស់លោកត្រូវតែប្រុងប្រយ័ត្ន។ ខ្ញុំសង្ឃឹមថា ឈ្មោះរបស់ ADB នឹងមិនខូចដូចធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិឡើយ។ ខ្ញុំសង្ឃឹមបែបនោះ”។
លោកក៏បានលើកឡើងពីរឿងរ៉ាវមួយស្ដីពីសហគមន៍អន្តរជាតិដែរ ជាពិសេសសហរដ្ឋអាមេរិក និងធនាគារពិភពលោក ដែលបានព្យាយាមបញ្ចុះបញ្ចូលលោកឲ្យធ្វើឯកជនីយកម្មនាយកដ្ឋានគយកាលពីឆ្នាំ២០០៤ ដែលលោកមានប្រសាសន៍ថា នឹងធ្វើឲ្យ ” កាំភ្លើង គ្រាប់បែក និងឧទ្ធម្ភាគចក្រ” ធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់វិស័យឯកជន។
អំឡុងសុន្ទរកថារយៈពេលជិត៤ម៉ោងរបស់លោក លោក ហ៊ុន សែន ក៏បានសូមអភ័យទោសដែរចំពោះអ្នកចូលរួម ហើយបានងាកទៅអានសុន្ទរកថាព្រាងទុករបស់លោកវិញ ដោយមានប្រសាសន៍ថា ” ផ្លូវនៅវែងឆ្ងាយណាស់” ក្នុងការដោះស្រាយបញ្ហាអំពើពុករលួយនៅក្នុងប្រទេស។
តំណាងមួយចំនួនមកពីបណ្ដាអង្គការក្រៅប្រទេសគ្មានឆន្ទៈធ្វើអត្ថាធិប្បាយអំពីសុន្ទរកថារបស់លោក ហ៊ុន សែន ទេកាលពីម្សិលមិញ ដោយតំណាងមួយរូបលើកឡើងថា វា ” រសើបពេក” ចំណែកតំណាងមួយរូបទៀតបានលើកឡើងថា ការស្ទាក់ស្ទើររបស់ពួកគេ គឺដោយសារតែពួកគេគឺជាភ្ញៀវរបស់កម្ពុជា។
ក្នុងចំណោមអ្នកដែលបានធ្វើអត្ថាធិប្បាយ ដូចជាលោក Kapila Waildyartne តំណាងរបស់ប្រទេសស្រីលង្កាជាដើម មានទស្សនៈវិជ្ជមានចំពោះវិធានការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល។ លោកបានលើកឡើងថា ” អ្វីដែលខ្ញុំមើលឃើញ គឺថា ពួកគេកំពុងស្ថិតនៅក្នុងផ្លូវត្រឹមត្រូវ។ ពួកគេដឹង ហើយកំពុងតែបោះជំហានទៅមុខ”។
លោកស្រី គ្លែរ វី ប្រធានការិយាល័យប្រឆាំងអំពើពុករលួយ និងសុចរិតភាពរបស់ធនាគារ ADB បានមានប្រសាសន៍ថា កម្រិតអំពើពុករលួយដែលខ្ពស់ជាងគេ គឺស្ថិតនៅអាស៊ី ប៉ុន្តែលោកស្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា។
ទន្ទឹមនឹងការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយកាលពីឆ្នាំ២០១០ នៅក្នុងពេលថ្មីៗនេះរដ្ឋាភិបាលបានចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាលួចចម្លងយ៉ាងរាលដាលនៅក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបានប្រកាសចាប់ផ្ដើមយុទ្ធនាការប្រឆាំងមន្ត្រីរាជការ “ខ្មោច” ដែលមានឈ្មោះនៅក្នុងបញ្ជីប្រាក់ខែរបស់រដ្ឋ។
លោកស្រី គ្លែរ វី បានមានប្រសាសន៍ថា “ទាំងនេះគឺជាឧទាហរណ៍មួយចំនួនដែលបង្ហាញពីការបង្កើនការប្ដេជ្ញាចិត្ត ដែលយើងអាចមើលឃើញនៅទូទាំងតំបន់របស់យើង ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ”។
ទោះជាយ៉ាងណា លោក Carsten Rosenkranz ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី និងជានាយកអភិវឌ្ឍន៍ពាណិជ្ជកម្មផ្នែកអភិបាលកិច្ច ហានិភ័យ និងការអនុវត្តន៍នៅក្រុមហ៊ុន Thomson Reuters បានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលចំពោះរបៀបនិយាយរបស់លោក ហ៊ុន សែន។
លោកបានមានប្រសាសន៍បន្តទៀតថា ” វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ អ្នកពិតជាគ្មានឱកាសស្ដាប់អ្នកនយោបាយនិយាយដូចនោះញឹកញាប់ឡើយ។ នៅក្នុងប្រទេសសិង្ហបុរី នយោបាយគឺទន់ភ្លន់ណាស់ អ្នកពិតជាមិនអាចស្ដាប់ឮការជជែកដេញដោលដូចនោះឡើយ”។
លោក Djamel El Akra សាស្ត្រាចារ្យអន្តរជាតិ ដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការជ្រើសរើសកម្ពុជាសម្រាប់រៀបចំសន្និសីទនេះឡើងបានធ្វើឲ្យលោកមានការងឿងឆ្ងល់នៅក្នុងចិត្ត ដោយសារតែប្រទេសនេះមានប្រវត្តិមិនល្អពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកមានប្រសាសន៍បន្តទៀតថា ” ខ្ញុំគិតថា [លោក ហ៊ុន សែន] គ្រាន់តែបញ្ជូនសារទៅសហគមន៍អន្តរជាតិដែលចង់ស្ដាប់ប៉ុណ្ណោះ” ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ។
លោកបានលើកឡើងទៀតថា ” មេដឹកនាំនយោបាយនៅទីនេះមានប្រាក់ និងមានអំណាច ប៉ុន្តែអ្វីដែលពួកគេខ្វះគឺភាពស្របច្បាប់នៅលើឆាកអន្តរជាតិ ហើយព្រឹត្តិការណ៍បែបនេះប្រហែលជាផ្ដល់ឲ្យពួកគេនូវភាពស្រប់ច្បាប់លើឆាកអន្តរជាតិនោះ”៕ សុខុម