29 C
Phnom Penh

ការ​ធ្វើ​ជំរឿន​គឺដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែលមិន​មាន​ប័ណ្ណ​ការ​ងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​មិញ លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​​​​បញ្ជាក់​​​ថា ការ​​​បន្ត​​​ធ្វើ​​​ជំរឿន លើ​​​ជន​​​បរទេស​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​យុទ្ធ​​​នាការ​​​ដ៏​​​ធំ​​​ដើម្បី​​​ពង្រឹងច្បាប់​​​ដែល​​​គេ​​​មិន​​​អើ​​​ពើ​​​ជា​​​យូរ​​​មក​​​ហើយ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​ដែលបម្រើការ​ងារ​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ទាំង​​​អស់​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ។

លោក ស ខេង បានមាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កំពុង​ចាត់​​​​វិធាន​​​ការ​​​ពីរ​​​ចំណុច​​​ចំពោះ​ការ​​​​អនុវត្ត​​​ច្បាប់​​​អន្តោប្រវេសន៍​​​ និង​​​ច្បាប់​​​ការ​​​ងារ​​​ដែល​​​មាន​​​ស្រាប់ ដែល​​​គេ​​​ឃើញ​​​ថា ជន​​​ជាតិ​​​វៀត​ណាម​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ និង​​​បួន​​​នាក់​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។​

លោក ស ខេង បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​វេទិកា​​​មួយ​​​ស្តី​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​អគ្គិ​​​ភ័យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “បន្ទាប់​​​ពី​​​យើង​​ [ធ្វើ​​​ជំរឿន]​​​​​​ យើង​​​រក​​​ឃើញ​​​អ្នកដែល​​​ស្រប​​​ច្បាប់​​​ និង​ខុស​​​ច្បាប់​​​ ព្រម​​​ទាំង​​​កម្មករ​​​មាន​​​ជំនាញ​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​ដែល​​​មិន​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ”។

លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​អន្តោប្រវេសន៍​​​បាន​​​បង្កើត​​​យន្ត​​​ការ​​​នេះ ហើយ​​​ឥឡូវ​​​នេះ​​​វា​​ជា​​​កាតព្វកិច្ច​​​របស់​​​យើង​​​ក្នុង​ការ​​​ធ្វើ​​​ផែនការ និង​​​ចាត់​​​វិធាន​​​ការ។ យើង​​​កំពុង​​​តែបោះជំហាន​ដំបូង​​​របស់​​​យើង និង​​​ចុះ​​​ទៅ​​​តាម​​​បណ្តា​​​ខេត្ត​​​ដើម្បី​​ធ្វើ​​​ជំរឿន​​​លើ​​​ជន​​​បរទេស​​​ទាំង​​​អស់​​​”។ លោក​​​បាន​​​បន្ថែមថា “យើង​​​នឹង​​​រក​​​ឃើញ​​​អ្នក​​​ខុស​​​ច្បាប់​​​ និ​​​ងអ្្នក​​​ស្រប​​​ច្បាប់​​​”។

លោក ខៀវ សុភ័គ អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ការ​​​ធ្វើ​​​ជំរឿន​​​នេះ​​​ក៏​​​នឹង​​​ផាក​​​ពិន័យ ហើយ​​​​និរទេស​​​ “ជន​​​បរទេស​​​ណា ដែល​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ទេស​​​ចរណ៍​​​មក​​​ធ្វើ​​​ការ​​ងារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ផង​​​ដែរ​​​”។

លោក ជា ប៊ុន​​​ធឿន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​រតនគិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​មិញ​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​បួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​បន្ត​​​ធ្វើ​​​ជំរឿន​​​ ហើយ​​​ជា​​​ពិសេស​​​​​​យើង​​​ចង់​​​ធ្វើ​ក្នុង​ [ ទី​​​ប្រជុំ​​​ជន ]​​​​​​​​​​​​​​​ ក្រុង​​​បានលុង​​​ ពីព្រោះ​​​មាន​​​ជន​​​ជាតិ​​​វៀតណាម​​​ច្រើន​​​រស់​​​នៅ​​​ទី​​​នោះ​​​”។

លោក​​​ ប៊ុន​​​ធឿន​​​ បាន​​​មានប្រសាសន៍​​​ថា មន្ត្រី​​​អន្តោប្រវេសន៍​​​បាន​​​ស្ទង់​​​មតិនៅ​​​ខេត្ត​​​រតន​គិរី​​​ មណ្ឌល​​​គិរី ស្ទឹង​​​ត្រែង និង​​​ខេត្ត​​​​​​ក្រចេះ​​​រួច​​​ហើយ​​​។

លោក សេង វុត្ថា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​ខេត្ត​​​បាន​​​ចុះទៅ​​​ជួប​​​ “ជនបរទេស​​​ទាំងអស់ដែល​​​មាន​​​អាសយដ្ឋាន​​​អចិន្ត្រៃយ៍”។

លោក សេង វុត្ថា បាន​​​មានប្រសាសន៍ថា “យើង​​​បាន​រក​​​ឃើញ​​ជនជាតិ​​​វៀតណាម​​​ និង​​​ជន​​​ជាតិ​​​ចិន​​​ជាង​​​៤០​​​នាក់ ដែល​​​មាន​​​តែទិដ្ឋាការ​​​ទេសចរណ៍​​​នៅ​​​ក្នុង​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែបាន​​បិទបាំង​ជា​​​កម្មករ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​សិប្បកម្ម និង​​​ការដ្ឋាន​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​មួយ​​​ចំនួន”។ លោក​​​បាន​​​បន្ថែម​​​ថា ខណៈ​​​ដែល​​​មិន​​​​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នោះ មាន​ការ​ផ្ញើរបាយការណ៍​​​​​​ទៅ​​​ផ្នែក​​​អន្តោ​​​ប្រវេសន៍​​​ខេត្ត​​​៕​​​សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស