27 C
Phnom Penh

តុលាការ​​បង្គាប់​​ឲ្យ​កម្មករ​ដែល​ធ្វើ​កូដកម្ម​ចូលធ្វើការ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​រោងចក្រ​ និង​តំណាង​សហជីព​បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​ប្រមាណ​៤០០​នាក់​ត្រឡប់​ទៅរោងចក្រ​កាត់​ដេរ​ Xin Fang វិញ​នៅ​ព្រឹក​នេះ​ បន្ទាប់​ពី​សម្រេច​ថា សកម្មភាព​របស់​កម្មករ​​ គឺ​រំលោភ​ច្បាប់​ការ​ងារ​។ 

សេចក្តីបង្គាប់របស់​តុលាការ​ដែល​ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ​ប៉ុន្តែ​ទើប​តែ​ផ្ញើ​ទៅ​ឲ្យ​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ)​ កាលពី​ថ្ងៃ​អង្គារ​នោះ បាន​ទុក​ពេល​ពេលពីរ​ថ្ងៃ​​គិត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្តីបង្គាប់ជា​នេះ​ទៅ​ ឲ្យ​កម្មករ​ត្រឡប់​ទៅ​រោងចក្រ​វិញ​។

សេចក្ដី​សម្រេច​របស់​លោកចៅក្រម យ៉េត ម៉ូលីន ” បង្គាប់​ឲ្យ​បុគ្គលិក​ និង​កម្មករ ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​ Xin Fang ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ​​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​”។

កម្មករ​ប្រហែល​៣០០​នាក់​ បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ​ហើយ​កាលពី​ម្សិលមិញ ខណៈ​កម្មករ​ប្រហែល​១០០​នាក់​ បាន​នាំគ្នា​តវ៉ា​នៅ​ពេល​ព្រឹក​នៅ​ខាង​ក្រៅ​តុលាការ​ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​។ ទោះ​ជាយ៉ាង​ណា តំណាង​សហជីព​ម្នាក់​បាន​និយាយ​ថា ពួកគេ​ក៏​នឹង​ធ្វើ​តាម​សេចក្ដី​បង្គាប់​ ហើយ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ជុំវិញ​ការ​ទាម​ទារ​ចំនួន​១៩​ចំណុច​រួម​មាន​​ប្រាក់​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ ការ​ផ្ដល់​ប្រាក់​ឧត្ថម្ភផ្សេងៗ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​​ស្ត្រី​សម្រាល​កូន​ហើយ ព្រម​ទាំង​​ថ្លៃ​ស្នាក់នៅចំនួន​១៥​ដុល្លារ​ផង​ដែរ​​នៅ​ថ្ងៃ​នេះ​។

លោក ឈុន រីដា តំណាង​ ស៊ីខៅឌូ បាន​លើក​ឡើង​ថា សហជីព​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​រោងចក្រ​វិញ ដើម្បី​ជៀស​វាង​​​​ការ​ចាត់វិធាន​ការ​ណា​មួយ​ពី​​រោងចក្រ​ ឬក៏​អាជ្ញាធរ។

លោក​ រីដា ​បាន​និយាយ​ថា យើង​មិន​សប្បាយ​ចិត្ត​នឹង​សេចក្តីបង្គាប់របស់​តុលាការ​ទេ។ យើង​បាន​​អំពាវ​នាវ​ឲ្យ​កម្មករ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ព្រោះ​យើង​គ្មាន​ជម្រើស​ ហើយ​យើង​ខ្លាច​​ក្រែង​​ពួកគេ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ប្រសិន​បើ​ពួកគេ​នៅ​តែ​បដិសេធ​មិន​ព្រម​ត្រឡប់​ទៅ​ធ្វើ​ការវិញ​​នោះ”។

លោក វង់ ថាវីន ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​នេះ​បាន​​លើក​ឡើង​ថា រោងចក្រ​នឹង​ផ្ដល់​ការ​ងារ​ឲ្យ​កម្មករ​ទាំង​អស់​វិញ​ប្រសិន​បើ​ពួកគេ​ចូលធ្វើការ​​វិញ​ថ្ងៃ​នេះ។

លោក ថាវីន បាន​និយាយ​ថា ” យើង​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​ដែល​នៅ​តែ​កំពុង​ធ្វើ​កូដកម្ម​នោះ ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​ស្អែក​។ ប្រសិន​បើ​ពួកគេ​មិន​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​ទេ ពួកគេ​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់ ឬត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ងារ​”។

នៅ​ក្នុង​ជម្លោះ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ដដែល​ កម្មករ​ប្រហែល​៥.០០០​នាក់​នៅ​ឯរោងចក្រ​ Juhui ក្នុង​ខេត្ត​កំពង់ចាម បាន​បន្ត​ធ្វើ​កូដកម្ម​ក្នុង​ថ្ងៃ​ទី៣​កាលពី​ម្សិលមិញ ដោយ​ទាម​ទារ​១៥​ចំណុច រួម​មាន​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ជំនាញ និង​ការ​ផ្ដល់​ប្រាក់​បន្ថែម​ម៉ោង​ឲ្យ​បាន​ល្អ​ជាង​មុន​។

ក្រុម​អ្នក​តវ៉ា​ដែល​ក៏ដឹក​នាំ​ដោយ ស៊ីខៅឌូ​ ដែរ​នោះ បាន​​ជម្នះ​នឹង​ការ​គំរាម​កំហែង​ ដោយ​​​នាំគ្នា​បិទ​ច្រក​ទ្វារ​រោងចក្រ​អំឡុង​ពេល​ព្រឹក ប៉ុន្តែ​បាន​បំបែកគ្នា​វិញ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​​ហៅ​​មេដឹកនាំ​សហជីព​ទៅ​ចរចា​គ្នា​។

អ្នកស្រី​ មុំ សារ៉ែម តំណាង​សហជីព​ម្នាក់​បាន​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​បាន​​ស្ដី​បន្ទោស​ពួក​គាត់​ចំពោះ​ការ​បិទ​ផ្លូវ​​នៅ​ក្នុង​​រោងចក្រ ប៉ុន្តែ​មិន​អាច​ដោះ​ស្រាយ​ជម្លោះនេះ​បាន​ទេ​។

អ្នកស្រី​​បាន​និយាយ​ថា “ពួកគេ​តែង​តែ​ប្រាប់​យើង​ឲ្យឈប់​ញុះញង់​កម្មករ​ឲ្យមក​ចូល​រួម​កូដកម្ម​ ហើយ​ត្រឡប់​មក​ធ្វើ​ការ​វិញ​។ ប៉ុន្តែ​កម្មករ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ”៕ ស៊ុយឈាង​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស