កាលពីម្សិលមិញ អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះបានផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិជាង៣០០គ្រួសារ ដែលរង់ចាំជាយូរមកហើយសម្រាប់ដីដែលបានដកហូតពីក្រុមហ៊ុនកសិពាណិជ្ជកម្មកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ ប៉ុន្តែ បានកាត់អ្នកភូមិ១៧គ្រួសារចេញពីកិច្ចព្រមព្រៀងនោះ ពីព្រោះពួកគាត់ខ្វះការអះអាងសិទ្ធិកាន់កាប់លើដីដែលពួកគាត់ស្វែងរក។
លោក ខាន់ ចំណាន អភិបាលរងខេត្តបានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិត្រូវបានផ្តល់ដល់អ្នកភូមិ៣១២គ្រួសារដែលរស់នៅលើដីទំហំ១.៥៦២ហិកតា ដែលដកហូតពីក្រុមហ៊ុន Horizon Agriculture Development ប៉ុន្តែ បាននិយាយថា អ្នកភូមិ១៧គ្រួសារមិនទទួលបានដីនេះទេ ពីព្រោះដីដែលពួកគាត់ចង់បានប័ណ្ណកម្មសិទ្ធិនោះ មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ ហើយតាមពិតវាជាដីរបស់រដ្ឋ។
លោក ចំណាន បានមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបថា ដីដែលបានដកហូត [ ដែលអះអាងសិទ្ធិកាន់កាប់ដោយអ្នកភូមិ១៧គ្រួសារ ] មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ ហើយមិនមានចម្ការម្រេច ឬចម្ការកៅស៊ូឡើយ”។
អភិបាលរងរូបនេះបានមានប្រសាសន៍ថា អាជ្ញាធរនឹងចុះបញ្ជីដី៥៩ហិកតាទៀតសម្រាប់អ្នកភូមិទាំង១៧គ្រួសារ ប្រសិនបើពួកគាត់អាចផ្តល់ឯកសារដែលបង្ហាញសិទ្ធិកាន់កាប់របស់ខ្លួនថា ដីនេះត្រូវបានវាស់វែងសម្រាប់ពួកគាត់ជាផ្នែកមួយនៃគម្រោងផ្តល់ប័ណ្ណសិទ្ធិដីធ្លីឆ្នាំ២០១២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ចំណាន បានទទួលស្គាល់ថា អ្នកភូមិមួយចំនួនក្នុងចំណោមអ្នកភូមិ១៧គ្រួសារបានផ្តល់ភ័ស្តុតាងដូចនេះរួចហើយ ប៉ុន្តែ ថា ឯកសារដែលបានដាក់ជូននោះមិនត្រូវបានផ្តល់ព័ត៌មានលម្អិតគ្រប់គ្រាន់ឡើយ។
លោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអន្តរាគមន៍វិវាទដីធ្លីដ៏លេចធ្លោនេះកាលពីថ្ងៃសៅរ៍ ដោយប្រកាសថា តំបន់ដែលមានទំនាស់នេះនឹងត្រូវដកហូតពីក្រុមហ៊ុន HorizonAgricultureDevelopment ហើយបានបែងចែកក្នុងចំណោមអ្នកភូមិដែលធ្វើការតវ៉ា ពីព្រោះក្រុមហ៊ុនមិនបានអភិវឌ្ឍដីនេះឡើយ។
អ្នកភូមិម្នាក់ដែលមិនបានទទួលប័ណ្ណកម្មសិទ្ធិកាលពីម្សិលមិញ ឈ្មោះ យ៉េន សេងហុង អាយុុ៥៧ឆ្នាំ បាននិយាយថា អ្នកស្រីនឹងតវ៉ាពីការមិនរាប់បញ្ចូលស្ត្រីបន្ទាប់ពីការពិគ្រោះយោបល់ដំបូងជាមួយតំណាងអ្នកភូមិ។
អ្នកស្រី សេង ហុង បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់នៅពេលឯកឧត្តម អឹុម ឈុនលឹម បានប្រកាសថា លោកនឹងផ្តល់ដីជូនអ្នកតវ៉ាទាំងអស់វិញ ប៉ុន្តែ ខ្ញុំខកចិត្តបំផុតនៅពេលអាជ្ញាធរប្រាប់ខ្ញុំថា ខ្ញុំមិនមានឯកសារគ្រប់គ្រាន់ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីឡើយ”។
លោក LimJo-heon ប្រធានក្រុមហ៊ុន HorizonAgriculture បានមានប្រសាសន៍ថា តំណាងក្រុមហ៊ុនមានគម្រោងជួបប្រជុំជាមួយក្រុមមន្ត្រីមកពីក្រសួងរៀបចំដែនដី នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសំណងសម្រាប់ក្រុមហ៊ុន ឬអាចផ្តល់ដីសម្បទានថ្មី។
លោក Jo-heon បានលើកឡើងតាមអីុម៉េលថា “ក្រុមហ៊ុនរបស់យើងទទួលបានសារពីមន្ទីររៀបចំដែនដី ដែលមានខ្លឹមសារថា ពួកគេនឹងអញ្ជើញយើងឲ្យទៅជួបក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយនឹងពន្យល់ប្រាប់ពួកយើងអំពីសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន”។
លោកបានមានប្រសាសន៍ថា “នៅជំនួបមុនៗជាមួយពួកគេ ពួកគេបានលើកឡើងអំពីសំណង ឬដីសម្បទានថ្មី ដូច្នេះយើងត្រូវតែចាំមើលសំណើចុងក្រោយមុនពេលក្រុមហ៊ុនចាត់វិធានការបន្ទាប់”។
លោក Jo-heon បានបន្ថែមថា លោកនៅតែមិនសប្បាយចិត្តអំពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការដកហូតដីនេះដដែល។
លោកបានមានប្រសាសន៍ថា “ប្រសិនបើប្រជាជនពិតជារស់នៅទីនេះមែន នោះវាមានន័យថា ប្រជាជនរាប់ពាន់នាក់បានរស់នៅទីនោះ ហើយស្ទើរតែជាទីប្រជុំជនដ៏ធំបំផុតនៅក្នុងតំបន់នោះដែលជារឿងមិនសមហេតុផល”៕សារុន