មន្ត្រីបាននិយាយកាលពីម្សិលមិញថា ពលរដ្ឋខ្មែរចំនួន៣៣នាក់ត្រូវបានចាប់ខ្លួនពីបទកាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងប្រទេសថៃ ហើយបច្ចុប្បន្នពួកគេកំពុងរង់ចាំការជំនុំជម្រះនៅទីនោះ។
ការចាប់ខ្លួននេះបានបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់អាជ្ញាធរថៃ ដែលកាលពីពេលកន្លងមក ទាហាន និងនគរបាលព្រំដែនថៃ ជាញឹកញាប់បានដោះស្រាយបញ្ហាពលរដ្ឋខ្មែរ ដែលទៅកាប់ឈើខុសច្បាប់តាមរយៈការបាញ់សម្លាប់ពួកគេ។
សេចក្ដីថ្លែងការណ៍មួយដែលក្រសួងការបរទេសកម្ពុជាបានចេញកាលពីម្សិលមិញ មានខ្លឹមសារដូច្នេះថា ” កាលពីថ្ងៃទី២៧ ខែសីហា អាជ្ញាធរថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៣៣នាក់ពាក់ព័ន្ធនឹងការកាប់ឈើដោយខុសច្បាប់នៅក្នុងស្រុកវ៉ាថាណា ខេត្តស្រះកែវ ប្រទេសថៃ។ ពលរដ្ឋខ្មែរទាំង៣៣នាក់មានអាយុចន្លោះពី១៧ឆ្នាំ ដល់៤២ឆ្នាំ និងមកពីខេត្តផ្សេងៗគ្នាដូចជា ខេត្តបាត់ដំបង សៀមរាប កំពត បន្ទាយមានជ័យ និងឧត្តរមានជ័យ”។
សេចក្ដីថ្លែងការណ៍នេះបានបន្តទៀតថា ” ពេលនេះអាជ្ញាធរថៃបានឃុំខ្លួនពលរដ្ឋខ្មែរទាំង៣៣នាក់ជាបណ្ដោះអាសន្ននៅក្នុងខេត្តស្រះកែវ រង់ចាំការជំនុំជម្រះ។សម្រាប់ករណីនេះ អគ្គកុងស៊ុលរបស់កម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តស្រះកែវ ប្រទេសថៃ បានស្វែងរកមេធាវីឲ្យជួយការពារពួកគេ”។
លោក នេត សារី ដែលជាអគ្គកុងស៊ុលបានមានប្រសាសន៍កាលពីម្សិលមិញថា ពលរដ្ឋខ្មែរទាំងនេះត្រូវគេចាប់បានជាមួយនឹងរណារយន្ត និងឈើគ្រញូង។ លោកបានមានប្រសាសន៍ថា ” ពលរដ្ឋខ្មែរទាំង៣៣នាក់ត្រូវបានចាប់ខ្លួនពីបទឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ និងកាប់ឈើដោយខុសច្បាប់នៅក្នុងព្រៃរបស់ថៃ។ ពេលនេះ ពួកគេកំពុងស្ថិតក្រោមការឃុំឃាំងនៅប៉ុស្តិ៍នគរបាលថៃ នៅឡើយ”។ លោកបានលើកឡើងបន្តទៀតថា លោករកបានមេធាវីឲ្យជនសង្ស័យមួយចំនួនហើយ ប៉ុន្តែកំពុងស្វែងរកបន្ថែមទៀត។
លោក ស៊ុម ចាន់គា មន្ត្រីឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកក្នុងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គការរបស់លោកមិនអាចជួយប្រជាពលរដ្ឋខ្មែរទាំងនេះបានទេ ពីព្រោះពួកគេត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃ ប៉ុន្តែលោកស្វាគមន៍ដែលគ្មានការបាញ់ប្រហារលើអ្នកកាប់ឈើទាំងនេះ។
លោកមានប្រសាសន៍ថា “វាជាលើកទី១ហើយដែលនគរបាលព្រំដែនថៃ បានចាប់ខ្លួនពួកគេយ៉ាងច្រើនដោយគ្មានការបាញ់ប្រហារបែបនេះ។ ពីមុនពួកគេបាញ់ ហើយសម្លាប់ ឬធ្វើឲ្យរងរបួសជំនួសឲ្យការចាប់ខ្លួនពួកគេ”។
ប្រជាពលរដ្ឋកម្ពុជា តែងតែលួចចូលទៅក្នុងប្រទេសថៃ ជាប្រចាំដើម្បីស្វែងរកឈើគ្រញូង ដែលអាចលក់បានតម្លៃរាប់រយដុល្លារក្នុងមួយម៉ែត្រគូបក្នុងប្រទេសកម្ពុជា និងរាប់ពាន់ដុល្លារនៅបរទេស។ ជាធម្មតា ទោះបីជាអ្នកភូមិក្រីក្រគឺជាអ្នកកាប់ឈើក្ដី ក៏បណ្ដាអង្គការសិទ្ធិមនុស្សនិយាយថា មន្ត្រីខ្មែរដែលធ្វើការនៅតាមព្រំដែនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។
ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋខ្មែររាប់សិបនាក់ត្រូវបានកងកម្លាំងថៃបាញ់ និងសម្លាប់ ទោះបីជារដ្ឋាភិបាលកម្ពុជាបានទាមទារឲ្យប្រទេសជិតខាងនៅភាគខាងជើងរបស់ខ្លួនមួយនេះ ចាប់ និងផ្ដន្ទាទោសជនល្មើសទាំងនោះជំនួសក្ដី៕ សុខុម