ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសវៀតណាម៧នាក់ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា វាយប្រហារយុវជនមួយក្រុមកាលពីល្ងាចថ្ងៃសៅរ៍ នៅខណ្ឌច្បារអំពៅ បណ្តាលឲ្យយុវជនអាយុ១៩ឆ្នាំម្នាក់ដាច់រយះត្រូវដេរជាង៣០ថ្នេរ។
ហេតុការណ៍នៅសង្កាត់ព្រែកប្រាបានបង្កឲ្យមានការតវ៉ាជាខ្លាំងកាលពីថ្ងៃច័ន្ទ ពេលដែលជនរងគ្រោះ កែវ សុធារ៉ា ត្រូវបាននគរបាលឃាត់ខ្លួនមួយយប់ បើទោះជារងរបួសធ្ងន់ដោយសារអំបែងដប ជាការវាយប្រហារមិនដឹងមូលហេតុលើក្រុមយុវជនដែលកំពុងលេងបាល់ទាត់ក៏ដោយ។
លោក ម៉ី ចរិយា ប្រធានគនរបាលព្រហ្មទណ្ឌខណ្ឌ ដែលបានចាប់ខ្លួនបុរសទាំងនោះនៅផ្ទះជួលរបស់ពួកគេ នៅក្បែរកន្លែងកើតហេតុនោះ បានមានប្រសាសន៍ថា តុលាការបានចោទបុរសទាំង៧នាក់កាលពីរសៀលម្សិលមិញ ប៉ុន្តែលោកមិនបានដឹងឈ្មោះចៅក្រមស៊ើបអង្កេតដែលទទួលបន្ទុករឿងក្តីនេះទេ។
លោកបានមានប្រសាសន៍ថា “គេបានបញ្ជូនជនសង្ស័យទៅពន្ធធគារព្រៃសហើយឥឡូវនេះ ដើម្បីឃុំខ្លួនរង់ចាំការកាត់ក្តី”។
លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រីបានសាកសួរបុរសទាំងនោះនៅតុលាការ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបអង្កេត ប៉ុន្តែមិនមានព័ត៌មានបន្ថែមទៀតទេ។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថាចៅក្រមណាកាន់សំណុំរឿងនេះទេ ឬ ជនទាំងនោះជាប់ចោទពីបទអ្វីឡើយ”។
អ្នកស្រី គង់ សុភី ម្តាយជនរងគ្រោះ បានប្តឹងកាលពីថ្ងៃអង្គារ ទាមទារសំណងដោយសារការរងរបួសជាទម្ងន់នៅខ្នងផ្នែកខាងលើ និងទុក្ខព្រួយផ្លូវចិត្តជាខ្លាំង។
ដោយសំដៅដល់សេចក្តីសម្រេចរបស់តុលាការក្នុងការធ្វើការចោទប្រកាន់បុរសទាំងនោះ អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំរីករាយណាស់ដែលបានឮព័ត៌មាននេះ ហើយខ្ញុំសង្ឃឹមថា កូនប្រុសរបស់ខ្ញុំនឹងទទួលបានយុត្តិធម៌ជាមិនខាន”។
ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា អ្នកស្រីព្រួយបារម្ភថា ខ្លាចនៅទីបញ្ចប់ តុលាការនឹងសម្រេចអនុគ្រោះដល់បុរសវៀតណាមទាំងនោះ។
លោក នី ចរិយា អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលមេធាវីរបស់អង្គការលោកតំណាងឲ្យជនរងគ្រោះ បានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែបានសំដែងកង្វល់ថា ការចោទពីបទអំពើហិង្សាដោយចេតនាគឺជាទោសស្រាលពេកហើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំស្វាគមន៍បទចោទនេះ ប៉ុន្តែវាហាក់ដូចជាស្រាលពេក ជនរងគ្រោះអាចដាច់កដោយងាយ ហើយអាចស្លាប់ទៀតផង”។ លោកបានបន្ថែមថា ក្រុមមេធាវីរបស់អង្គការអាដហុកកំពុងប្រមូលភ័ស្តុតាងថែមទៀតក្នុងរឿងក្តីនេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលហេតុការណ៍ដែលបានកើតឡើងពិតប្រាកដ គឺមនុស្ស៧នាក់វាយមនុស្សម្នាក់ បទចោទគួរតែជាបទចោទប៉ុនប៉ងធ្វើមនុស្សឃាត”៕មានិត