32 C
Phnom Penh

អាជ្ញាធរ​សវនកម្ម​ជាតិ​​រុះ​រើ​ទីតាំង​​ បន្ទាប់​ពី​ការ​ដោះ​ដូរ​ដី​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​សវនកម្មជាតិ​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដី​ត្រូវ​បា៉ន់​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤០​ក្នុង​រាជ​ធានី​ភ្នំពេញ​ កំពុង​តែ​រុះរើ​ទៅ​កាន់​ទីតាំង​ថ្មី​ក្នុង​ខណ្ឌ​សែនសុខ បន្ទាប់ពី​មាន​ការ​ដោះ​ដូរ​ដី​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដែល​ជា​របស់​ឧត្តម​សេនីយ៍យោធា​មួយ​រូប​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​មន្ត្រី​នៅ​អាជ្ញាធរ​នេះ​ និង​អ្នក​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នេះ​។

លោក ឌួង ងៀប ដែល​ពីមុន​ជា​ម្ចាស់​ដី​ក្នុង​ខណ្ឌ​សែន​សុខ​ ជា​កន្លែង​សង់​អគារ​ថ្មី​សម្រាប់​អាជ្ញាធរ​សវនាកម្មជាតិ​ បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​លោក​ ណាង សាវុធ ដែល​លោក​លើក​ឡើង​ថា គឺ​ជា​ឧត្តម​សេនីយ៍​មួយ​រូប​​នៅ​ក្នុង​ជួរ​កង​យោធពល​េខមរភូមិន្ទ​។

លោក ឌួង ងៀប ដែល​មាន​ងារ​ជា​ឧកញ៉ា​ ដែល​ជា​ញឹក​ញាប់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ពាណិជ្ជករ​ស្ដុក​ស្ដម្ភ​ដែល​មាន​ទំនាក់​ទំនង​​ល្អ​ជាមួយ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​ដឹងថា លោក ណាង សាវុធ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កាល​ពី​ប្រហែល​៣ឆ្នាំ​មុន ដើម្បី​សាង​សង់​អគារ​ថ្មី​សម្រាប់​អាជ្ញាធរ​សវនកម្ម​ជាតិ”។

លោកបាន​មាន​ប្រសាសន៍​ទៀត​ថា លោក​បាន​លក់​ដី​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​មួយ​របស់​កូរ៉េ​ខាង​ត្បូង​កាលពី​ឆ្នាំ​២០០២ ដែល​បន្ទាប់​មក​​បាន​លក់​វា​បន្ត​ទៅ​លោក​ឧកញ៉ា​​ ណាង សាវុធ កាលពី​ឆ្នាំ​២០០៨។

នៅ​ឯ​អគារ​អាជ្ញាធរ​សវនកម្ម​ជាតិ​កាលពី​ម្សិលមិញ អ្នក​រុះរើ​បាន​លើក​គ្រឿង​សង្ហារិម​ដាក់​រថយន្ត​។ មន្ត្រី​មួយ​រូប​នៅផ្នែក​រដ្ឋបាល​ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​គាត់​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់អ្នក​យក​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​ថា អគារ​នេះ​​​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជាមួយ​ដី​របស់​ក្រុម​ហ៊ុន​ Piphup Asia Trading ​Company ដែល​​ចុះ​បញ្ជី​ថា លោក ណាង​ សាវុធ ជា​ប្រធាន​របស់​ក្រុមហ៊ុន​នេះ​​។

លោក ណាង សាវុធ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​បង្ហាញ​ថា​ ខ្លួន​ជា​​​បុគ្គលិក​រដ្ឋបាល​ម្នាក់​នៅ​​ក្រុម​ហ៊ុន​​​នេះ​ ហើយ​បាន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ត្រឹម ផាវី បាន​​បញ្ជាក់​ថា ក្រុម​ហ៊ុន​ Piphup Asia Trading ​Company ជាប់​ពាក់​ព័ន្ធ​នឹង​​​កិច្ច​ព្រមព្រៀង​​​​នេះ​។

​ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ​” ឧកញ៉ា ណាង សាវុធ ពិត​ជា​រកស៊ី​ខាង​អចលនទ្រព្យ​មែន ជា​ពិសេស​ការ​ទិញ​​លក់ដី​ ហើយគាត់​បាន​សាង​សង់​អគារ​ថ្មី​មួយ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​សម្រាប់​អាជ្ញាធរ​សវនកម្មជាតិ”​។

លោកស្រី សោម គឹមសួរ អគ្គនាយក​​អាជ្ញាធរ​សវនកម្មជាតិ បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នោះគឺ​ជាការ​ដោះ​ដូរ​ដី​​ ប៉ុន្តែ​បាន​បដិសេធ​​​​មិន​និយាយ​ថា​ ពេល​នេះ​អ្នក​ណា​ជា​ម្ចាស់​អចលនទ្រព្យ​តាម​បណ្ដោយ​ផ្លូវ​លេខ​​២៤០​​នោះ​ទេ​។

លោកស្រី​បាន​មាន​ប្រសាសន៍ទៀត​ថា ” យើង​កំពុង​រុះរើ​ទៅ​កាន់​អគារ​ថ្មី​នៅ​ថ្ងៃ​នេះ ពីព្រោះ​យើង​បាន​ប្រគល់​អគារ​នេះ​ឲ្យ​ទៅ​​ម្ចាស់​ថ្មី​រួច​ហើយ។ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​​បានទេ​ថា ពេល​នេះ​អ្នកណា​ជាម្ចាស់​អគារ​នេះ​​​ ប៉ុន្តែ​យើង​បាន​ផ្លាស់​ប្ដូរ​រួច​ទៅ​ហើយ​”។

ការ​ដោះ​ដូរ​ដី​​ដោយ​ខុស​ច្បាប់​បាន​កើត​ឡើង​ញឹក​ញាប់​ណាស់​ក្រោម​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ជាញឹក​ញាប់​ពួកគេ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​មាន​ខ្នង​បង្អែក​ ដោយ​​ទទួល​បាន​ដី​ត្រូវ​ប៉ាន់​​ជាថ្នូរ​នឹង​ការ​​សាង​សង់​ការិយាល័យ​ជំនួស​របស់​រដ្ឋាភិបាល​​លើ​ដី​តម្លៃ​ថោក​នៅ​ជាយ​រាជធានី​ភ្នំពេញ​៕ សុខុម​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស