27 C
Phnom Penh

រដ្ឋាភិបាល​ជំរុញ​ឲ្យ​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​​​បន្ថែម​ជាតិ​ដែក​​លើ​ផលិត​ផល​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​គួរ​តែ​បន្ថែម​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ប្រសើរ​ឡើង​។

អំឡុង​សិក្ខាសាលា​មួយ​ស្ដីពី​ការ​បន្ថែម​ជាតិ​ដែក​លើ​​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​ដ៏ពេញ​និយម លោក សាត សាមី រដ្ឋលេខាធិការ​ក្រសួងឧស្សាហកម្ម និង​​សិប្បកម្ម បានអំពាវ​នាវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” បើ​គ្មានអាហារូបត្ថម្ភ​ទេ​នោះ អាហារ​បាន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍​ ប្រសិន​បើ​ខ្វះ​ជាតិ​ដែក​​​ ស្ត្រី​មាន​ផ្ទៃ​ពោះ​នឹង​ស្លេក​ស្លាំង ហើយ​កុមារនឹង​ខ្សោយ​បញ្ញា​ស្មារតី”។

យោង​តាម​ក្រសួង​ផែន​ការ​​បាន​ឲ្យ​ដឹង​ថា ​សិប្បកម្ម​ចំនួន​៤៧​ក្នុង​ចំណោម​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​ចំនួន​១០០​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចាប់​ផ្ដើម​បន្ថែម​​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​ ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុពី​អង្គការ​មិន​​មែន​រដ្ឋាភិបាល​អន្តរជាតិ​ចំនួន​ពីរ គឺ​អង្គការ​ Global Alliance For Improved Nutrition និង​អង្គការ Reproductive and Child Health Alliance។

លោក​ ចាន់ បូរិន ប្រធាន​​វិទ្យាស្ថាន​​ស្ដង់ដារកម្ពុជា (Institute of Standards of Cambodia) ដែល​ជា​ស្ថាប័ន​ស្ដង់ដារ​ជាតិ​​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរ​តែ​​តម្រូវ​ឲ្យ​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​បន្ថែម​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” ប្រជា​ពលរដ្ឋក្រីក្រ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ ដែល​ប្រជា​ពលរដ្ឋ​គ្មាន​លទ្ធភាព​ទិញ​ចំណីអាហារ​សម្បូរ​ជាតិ​ដែក ដូច​ជា​បន្លែ​ និង​សាច់​ជា​ដើម ទទួល​ទាន​អាហារ​តែ​ជាមួយ​ទឹក​ត្រី ឬ​ទឹក​ស៊ីអុីវ​ ដែល​បច្ចុប្បន្ន​គ្មាន​ផ្ទុក​ជាតិ​ដែក​ដ៏ចាំ​បាច់​​សម្រាប់ពួកគាត់​ ហើយ​ជា​ពិសេស​សម្រាប់​កូនៗ​របស់ពួកគាត់​”។

លោក អុ៊យ ម៉េង ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី​ លាង ម៉េង ម៉ីម៉ី ក្នុង​ខេត្ត​កែប​ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ប្រជា​ពល​រដ្ឋខ្មែរ​នឹង​គាំទ្រ​សិប្បកម្ម​ក្នុង​ស្រុក ដែល​បាន​បន្ថែម​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​។

លោក​បាន​បន្ត​ថា ” ខ្ញុំ​គិត​ថា ការ​ដាក់​ជាតិ​ដែក​ទៅ​ក្នុង​ទឹក​ត្រី​របស់​ខ្ញុំ​ ជួយ​បន្ថែម​គុណ​តម្លៃ​​​ដល់​ផលិត​ផល​របស់​ខ្ញុំ ពីព្រោះ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ [រដ្ឋាភិបាល​] ​ដោយ​សារ​តែ​​វា​ផ្ដល់​អាហារូបត្ថម្ភ​កាន់​តែ​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ”៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស