35 C
Phnom Penh

រោង​ចក្រ​បន្ទោស​​កម្មករ​បណ្តាល​ឲ្យ​ពួកគេ​ទៅ​ចូលរួម​ការ​តវ៉ាវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ កម្មករ​​ធ្វើ​កូដកម្ម​រាប់​ពាន់​នាក់ដែល​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញនៅ​​រោង​ចក្រ​​ស្បែក​ជើង​ក្នុង​ខេត្ត​កំពង់ចាមនោះ ​​បន្ត​ធ្វើ​កូដកម្មវិញ​បន្ទាប់ពី​ថៅកែ​របស់​ខ្លួន​បាន​ប្រាប់​ពួកគេ​ឲ្យ​ជ្រើស​រើស​រវាង​សហជីព​ និង​ក្រុម​ហ៊ុន​។

កម្មករ​ប្រហែល​​៥.០០០​នាក់​មកពី​រោងចក្រ​ស្បែក​ជើង Juhui ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​ចិន​តៃវ៉ាន់​​នៅ​ក្នុង​ស្រុក​ជើងព្រៃ​ បាន​ធ្វើ​កូដកម្ម​​កាលពី​ថ្ងៃ​ច័ន្ទ​​ទាមទារ​ដំឡើង​ប្រាក់​កម្រៃ​ រួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​ខែ​សម្រាប់​កម្មករ​ជំនាញ​។

អ្នកស្រី មុំ សារ៉ែម តំណាង​រោងចក្រ​​​​មក​ពី​សម័្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ​) ដែល​បាន​រៀបចំ​កូដកម្ម​​​បាន​មាន​ប្រសាសន៍​ថា កម្មករ​ប្រហែល​៤០​ភាគ​រយ​បាន​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ ខណៈ​ដែល​តំណាង​សហជីព​ និង​រោងចក្រ​បាន​ចូល​រួម​កិច្ច​ពិភាក្សាដែល​​សម្រប​សម្រួល​ដោយ​មន្ទីរ​ការងារ​ខេត្ត​។

អ្នកស្រី សារ៉ែម បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​ស្ថាន​ការណ៍​បាន​ប្រែ​ក្លាយ​ជា​តានតឹង​ភ្លាមៗនៅ​ពេល​អ្នក​គ្រប់​គ្រង​ជនជាតិ​តៃវ៉ាន់​នៅ​រោងចក្រ​នេះ​​តាម​រយៈ​អ្នក​បក​ប្រែ​បាន​បង្គាប់​ឲ្យ​កម្មករ​ត​ម្រង់​ជួរ​ ខណៈ​ដែល​ពួកគេ​​បាន​ព្រមាន​កម្មករ​ចំពោះ​ការ​ធ្វើ​កូដកម្ម​។

អ្នកស្រី​បាន​និយាយ​ថា ” យើង​បាន​ដឹកនាំ​កម្មករ​ទៅធ្វើ​ការ​វិញ​នៅ​ព្រឹក​នេះ ប៉ុន្តែ​បុរស​ជន​ជាតិ​ចិន​តៃវ៉ាន់​បាន​និយាយ​ថា ‘ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​តាម​សហជីព​ សូម​ទៅ​យក​លុយពី​សហជីព​ទៅ កុំរំពឹង​ថា ​អាច​យក​លុយពី​រោងចក្រ​ឲ្យ​សោះ”។

លោក ខៃ ចាន់ថន ​ជា​កម្មករ​ និង​ជា​សមាជិក​ស៊ីខៅឌូ បាន​និយាយ​ថា សម្ដី​​របស់​អ្នក​គ្រប់​គ្រងទាំងនោះ​​បាន​ធ្វើឲ្យ​រូបគាត់ និង​កម្មករ​ដទៃទៀតមាន​កំហឹង​​ភ្លាម​។ គាត់​បាន​និយាយ​ថា ” បន្ទាប់​មក​ យើង​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​រោងចក្រតែម្ត​ង​”។

ពេលនោះកម្មករ​បាន​ទៅ​ចូល​រួម​ការ​តវ៉ា​​នៅ​ខាង​ក្រៅ​រោងចក្រ​ស្បែកជើង​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧​ឡើង​វិញ។

លោក តេង សម្បត្តិ​ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​នេះ​បាន​បញ្ជាក់​ថា កម្មករ​បាន​​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​វេលា​ព្រឹក ប៉ុន្តែ​បាន​ច្រាន​ចោល​ការ​អះអាង​ដែល​ថា អ្នក​គ្រប់​គ្រង​បាន​បន្ទោស​ពួកគេ​។ លោក សម្បត​្តិ បាន​មាន​ប្រសាសន៍​ថា ” វា​មិន​មែន​ជាការ​ពិត​ទេ”។

លោក​បាន​បន្ថែម​ថា ” គ្មាន​ហេតុផល​ណា​ដែល​យើង​បន្ទោស​កម្មករ​ឡើយ ពីព្រោះ​យើង​ក៏ចង់​ឲ្យពួកគេ​​ត្រឡប់​មក​ធ្វើ​ការ​វិញ​ដែរ”។

លោក សម្បត្តិ បាន​សន្និដ្ឋាន​ថា កម្មករ​បាន​ចាក​ចេញពី​រោងចក្រ​ដោយសារ​​ហេតុផល​ផ្សេង​​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា ” រោងចក្រ​ជឿ​​ថា កម្មករ​បាន​មក​ធ្វើ​ការ​ ហើយ​បន្ទាប់​មក​បាន​ដើរ​ចេញ​វិញ ពីព្រោះពួកគេ​បាន​ធ្វើ​កូដកម្ម​ច្រើន​ថ្ងៃ​មក​ហើយ ដូច្នេះ​មិន​មាន​អ្នក​​លក់​ម្ហូប​អាហារ​នៅ​មុខ​រោងចក្រ និងមិន​មាន​រថយន្តមក​ដឹក​ពួកគេ​ដូច​មុន​ឡើយ”​៕សារុន​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស