នគរបាលនិងសាក្សីបាននិយាយថា អតីតទាហានមានជំងឺសរសៃប្រសាទម្នាក់បានឡើងលើដំបូលផ្សារមួយក្នុងខេត្តឧត្តរមានជ័យកាលពីម្សិលមិញ ហើយបានយកកាំភ្លើងអាកា-៤៧បាញ់ឡើងលើជាច្រើនគ្រាប់នៅក្នុងការតវ៉ាប្រឆាំងការចាប់យកដីកាលពីពេលថ្មីៗនេះ។
លោក ម៉ែន លី ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ផេង ផាន អាយុ៥២ឆ្នាំ ជាទាហានអំឡុងសង្គ្រាមស៊ីវិលក្នុងចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ បានឡើងលើដំបូលផ្សារក្នុងស្រុកត្រពាំងប្រាសាទ នៅម៉ោងប្រហែល៩ព្រឹក ហើយបានស្រែក និងបាញ់ជាច្រើនគ្រាប់។
លោកបានមានប្រសាសន៍ថា ” ដំបូងគាត់បានបាញ់បីគ្រាប់ ពេលនោះនគរបាលរបស់យើងបានមកដល់ ហើយគាត់បានបាញ់ទៀត។ ពេលនោះបន្ទាប់ពីយើងបានឡោមព័ទ្ធផ្សារដើម្បីចាប់ខ្លួនគាត់នោះ គាត់បានបាញ់បីគ្រាប់ទៀត”។
លោក លី បានមានប្រសាសន៍ថា ” ទីបំផុតលោក ផាន ស្រេកទឹក ហើយបានចុះពីលើដំបូលចូលទៅក្នុងតូបមួយនៅក្នុងផ្សារ ត្រង់ចំណុចនេះហើយដែលនគរបាលរបស់យើងបានរកយុទ្ធសាស្ត្រដើម្បីចាប់ខ្លួនគាត់។
លោក លី បានមានប្រសាសន៍ថា ” យើងបានចំណាយពេលប្រហែលបីម៉ោងដើម្បីព្យាយាមរកមធ្យោបាយចាប់ខ្លួនគាត់ ដោយដាក់ថ្នាំងងុយដេកនៅក្នុងដបទឹកសុទ្ធ”។ លោកបានបន្ថែមថា អាជីវករលក់ដូរនៅក្នុងផ្សារនេះដែលបានស្គាល់លោក ផាន បានបោះដបទឹកសុទ្ធនោះឲ្យគាត់។
លោក លី បានមានប្រសាសន៍ថា ” បន្ទាប់មកកម្លាំងរបស់យើងបានរុញទ្វារតូប ដែលគាត់បានលាក់ខ្លួន ហើយចាប់ខ្លួនគាត់បាននៅម៉ោងប្រហែល១១និង៥០នាទីថ្ងៃត្រង់”។
យោងតាមអាជីវករម្នាក់ ដែលសុំមិនប្រាប់ឈ្មោះបានឲ្យដឹងថា លោក ផាន បានស្រែកថា ” អ្នកដែលបានចាប់យកដីរបស់ខ្ញុំ សូមប្រគល់ដីឲ្យកូនៗរបស់ខ្ញុំដើម្បីរស់នៅវិញ”។
អាជីវករម្នាក់ទៀតបាននិយាយថា លោក ផាន តែងតែមកផឹកកាហ្វេនៅផ្សារនេះ ហើយពីមុនបានអះអាងថា ត្រូវបានវាយដំពីសំណាក់ទាហានដែលបានចាប់យកដីរបស់គាត់។
លោក លី បានមានប្រសាសន៍ថា ឥឡូវនេះ នគរបាលកំពុងស៊ើបអង្កេតថា តើបុរសសរសៃប្រសាទរូបនេះអាចមានកំាភ្លើងអាកា-៤៧ដោយរបៀបណា។
លោកបានមានប្រសាសន៍ថា កូនស្រីរបស់គាត់បាននិយាយថា បងប្អូនប្រុស កូនប្រុស និងមិត្តភក្ដិរបស់គាត់ជាទាហាន ដូច្នេះយើងកំពុងស្វែងរកប្រភពអាវុធនោះ”។ លោកបានបន្ថែមថា លោក ផាន កំពុងត្រូវឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក។
បើទោះណាជាអាជីវករបានអះអាងកាលពីម្សិលមិញថា លោក ផាន ជាទាហានខ្មែរក្រហមក៏ដោយ ក៏កូនស្រីរបស់គាត់បានប្រាប់នគរបាលថា គាត់ជាទាហានក្នុងសម័យរដ្ឋកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ដែរ។
លោកបានមានប្រសាសន៍ថា ” បើតាមកូនស្រីរបស់គាត់ គាត់ធ្លាប់ធ្វើទាហានសម័យរដ្ឋកម្ពុជា ថែមទាំងមានជំងឺគ្រុនចាញ់ និងបានក្លាយជាមនុស្សសរសៃប្រសាទ ហើយក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ គាត់បានដុតផ្ទះរបស់គាត់ដែលធ្វើពីឈើ”។
តំបន់ដែលនៅជុំវិញស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមទាំងស្រុកត្រពាំងប្រាសាទផង គឺជាទីតាំងរឹងមាំចុងក្រោយរបស់ខ្មែរក្រហម ហើយទើបតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងឆ្នាំ១៩៩៨តែប៉ុណ្ណោះ៕សារុន