27.5 C
Phnom Penh

អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​​តវ៉ា​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​​អីុអន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ដែល​មិន​សប្បាយ​ចិត្ត​មួយ​ក្រុមតូច បាន​តវ៉ា​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​អីុអន​កាលពីម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ផ្សារ​ទំនើប​នេះ​បោះបង់​ចោល​កិច្ច​ព្រមព្រៀងសិទ្ធិ​អាទិភាព ដែល​ខ្លួន​មាន​ជាមួយ​សមាគម​រួមគ្នា​ដើម្បីអភិវឌ្ឍ​កម្ពុជា (CCDA) ។​​​

យោងតាម​កិច្ច​ព្រមព្រៀង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ច័ន្ទ សមាជិក CCDA ដែល​រៀបចំអ្នក​រត់​ម៉ូតូឌុប​និង​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ ត្រូវអនុញ្ញាត​ឲ្យ​ចត​រ៉ឺម៉ក​របស់​ខ្លួន​នៅ​បរិវេណ​ផ្សារ​ទំនើប​នេះ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​អាទិភាព​ទី​១​ក្នុង​ការ​ទទួល​បាន​ម៉ូយ។

អ្នក​បើក​ម៉ូតូ​ដែល​មិន​បាន​បង់​ប្រាក់​ឲ្យ​តំណាង CCDA ត្រូវ​គេរុញ​ចេញ​ក្រៅ​ពី​បរិវេណ​ផ្សារ​អីុអន ទីដែល​ពួកគាត់​និយាយ​ថា​ពិបាក​រក​ម៉ូយ។

លោក ឯ សុភាស់ ប្រធាន CCDA បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សមាគម​របស់​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈ​ពេល​មួយ​ឆ្នាំ​ជាមួយ​ផ្សារ​ទំនើប​អីុអន​កាលពី​ថ្ងៃ​ទី​២៨​ខែ​សីហា ដើម្បី​ឲ្យ​ប្រាកដ​ថា អតិថិជន​ផ្សារអីុអន មាន​ការ​ដឹកជញ្ជូន​គួរ​ឲ្យ​ទុកចិត្ត។

លោក ឯ សុភាស់ មាន​ប្រសាសន៍​ថា “ផ្សារ​ទំនើប​អីុអន​តម្រូវ​ឲ្យ​យើង​ធានា​សុវត្ថិភាព​អ្នក​ដំណើរ និង​មាន​ការ​ធានា​រ៉ាប់រង អាជ្ញាប័ណ្ណ​និង​កាត​សម្គាល់​ខ្លួន”។

លោក​បាន​បន្ថែម​ថា “យើង​បាន​ស្នើ​ពួកគាត់ [អ្នក​មិនមែន​សមាជិក] ឲ្យ​ចូលរួម​នឹង​យើង ប៉ុន្តែ ពួកគាត់​មិន​ចង់​ចូលរួម​ទេ”។

លោក សុភាស់ មាន​ប្រសាសន៍​ថា សមាជិក​របស់​លោក​បង់​ប្រាក់​១២០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​ធានា​រ៉ាប់រង ៥០​ដុល្លារ​សម្រាប់​ឯកសណ្ឋាន និង០,៥៥​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​សមាគម។

Shinobu​​​ Washizawa នាយក​គ្រប់គ្រង​ក្រុមហ៊ុន Aeon (Cambodia) Co. Ltd. និង FumiakiMiyoshi នាយក​ផ្នែក​រដ្ឋបាល​នៅ​ផ្សារ​ទំនើប​នេះ ទាំង​ពីរ​នាក់ បាន​និយាយ​ថា ពួកគាត់​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ព្រមព្រៀង​នេះ​ទេ។

លោក វ៉ន ពៅ ប្រធាន​សមា​គម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ជា​សហជីព​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​ម៉ូតូ ដែល​ជា​គូ​ប្រជែង បាន​មាន​ប្រសាសន៍​ថា ពួកគាត់​ក៏​បាន​ដាក់​ពាក្យ​ដើម្បី​បាន​កិច្ចព្រមព្រៀង​ជាមួយ​ផ្សារ​អីុអន​ដែរ ប៉ុន្តែ​គេ​បាន​បដិសេធ។

លោក ពៅ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ថ្មីៗ​នេះ ទុក​ឲ្យ​អ្នក​បើក​ម៉ូតូ​មាន​ជម្រើស​តិចតូច ក្រៅតែ​ពី​ត្រូវ​បង់​ប្រាក់​ដើម្បី​ចូលរួម​ជាមួយ​សហជីព​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា “ពួកគេ​រំលោភ​សិទ្ធិ​អ្នក​បើករ៉ឺម៉ក​ម៉ូតូ ពីព្រោះ​បង្ខំ​អ្នក​បើករ៉ឺម៉ក​ម៉ូតូ​ឲ្យ​ចូលរួម​ជាមួយ CCDA និង​​ឲ្យ​បង់​ប្រាក់”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស