អ្នកបើករ៉ឺម៉កម៉ូតូដែលមិនសប្បាយចិត្តមួយក្រុមតូច បានតវ៉ានៅខាងក្រៅផ្សារទំនើបអីុអនកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យផ្សារទំនើបនេះបោះបង់ចោលកិច្ចព្រមព្រៀងសិទ្ធិអាទិភាព ដែលខ្លួនមានជាមួយសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា (CCDA) ។
យោងតាមកិច្ចព្រមព្រៀង ដែលចូលជាធរមានកាលពីថ្ងៃច័ន្ទ សមាជិក CCDA ដែលរៀបចំអ្នករត់ម៉ូតូឌុបនិងអ្នកបើករ៉ឺម៉កម៉ូតូ ត្រូវអនុញ្ញាតឲ្យចតរ៉ឺម៉ករបស់ខ្លួននៅបរិវេណផ្សារទំនើបនេះ ដោយផ្តល់ឲ្យពួកគេនូវអាទិភាពទី១ក្នុងការទទួលបានម៉ូយ។
អ្នកបើកម៉ូតូដែលមិនបានបង់ប្រាក់ឲ្យតំណាង CCDA ត្រូវគេរុញចេញក្រៅពីបរិវេណផ្សារអីុអន ទីដែលពួកគាត់និយាយថាពិបាករកម៉ូយ។
លោក ឯ សុភាស់ ប្រធាន CCDA បានមានប្រសាសន៍កាលពីម្សិលមិញថា សមាគមរបស់លោកបានចុះកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយផ្សារទំនើបអីុអនកាលពីថ្ងៃទី២៨ខែសីហា ដើម្បីឲ្យប្រាកដថា អតិថិជនផ្សារអីុអន មានការដឹកជញ្ជូនគួរឲ្យទុកចិត្ត។
លោក ឯ សុភាស់ មានប្រសាសន៍ថា “ផ្សារទំនើបអីុអនតម្រូវឲ្យយើងធានាសុវត្ថិភាពអ្នកដំណើរ និងមានការធានារ៉ាប់រង អាជ្ញាប័ណ្ណនិងកាតសម្គាល់ខ្លួន”។
លោកបានបន្ថែមថា “យើងបានស្នើពួកគាត់ [អ្នកមិនមែនសមាជិក] ឲ្យចូលរួមនឹងយើង ប៉ុន្តែ ពួកគាត់មិនចង់ចូលរួមទេ”។
លោក សុភាស់ មានប្រសាសន៍ថា សមាជិករបស់លោកបង់ប្រាក់១២០ដុល្លារក្នុងមួយឆ្នាំសម្រាប់ការធានារ៉ាប់រង ៥០ដុល្លារសម្រាប់ឯកសណ្ឋាន និង០,៥៥ដុល្លារក្នុងមួយខែសម្រាប់សមាគម។
Shinobu Washizawa នាយកគ្រប់គ្រងក្រុមហ៊ុន Aeon (Cambodia) Co. Ltd. និង FumiakiMiyoshi នាយកផ្នែករដ្ឋបាលនៅផ្សារទំនើបនេះ ទាំងពីរនាក់ បាននិយាយថា ពួកគាត់មិនមានព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសហជីពម៉ូតូឌុបនិងរ៉ឺម៉កម៉ូតូ ដែលជាគូប្រជែង បានមានប្រសាសន៍ថា ពួកគាត់ក៏បានដាក់ពាក្យដើម្បីបានកិច្ចព្រមព្រៀងជាមួយផ្សារអីុអនដែរ ប៉ុន្តែគេបានបដិសេធ។
លោក ពៅ មានប្រសាសន៍ថា ការរៀបចំថ្មីៗនេះ ទុកឲ្យអ្នកបើកម៉ូតូមានជម្រើសតិចតូច ក្រៅតែពីត្រូវបង់ប្រាក់ដើម្បីចូលរួមជាមួយសហជីពប្រឆាំង។
លោកមានប្រសាសន៍ថា “ពួកគេរំលោភសិទ្ធិអ្នកបើករ៉ឺម៉កម៉ូតូ ពីព្រោះបង្ខំអ្នកបើករ៉ឺម៉កម៉ូតូឲ្យចូលរួមជាមួយ CCDA និងឲ្យបង់ប្រាក់”៕មានិត