30.7 C
Phnom Penh

សហជីព​បន្ទន់​ជំហរ​ទាមទារ​ប្រាក់ខែ​គោល​តែ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​បាន​ព្រមព្រៀង​បន្ទាប​់ការ​ទាមទារ​របស់​ខ្លួន​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់ដេរ​ដ៏​សំខាន់ តាម​ការ​បោះឆ្នោត​លើ​ដំណោះស្រាយ​ប្រាក់​ខែ​ថ្មី​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី ពួកគេ​នៅ​តែ​ខ្វែង​គំនិត​គ្នា​រវាង​តួលេខ​ដាក់​ចេញ​​ដោយ​រដ្ឋាភិបាល​និង​រោងចក្រ។​​​

គណៈកម្មាធិការ​ប្រឹក្សា​ការងារ (LAC) ដែល​មាន​តំណាង​មកពី​សហជីព រោងចក្រ និង​រដ្ឋាភិបាល គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ខែ​តុលាអំពី​ប្រាក់ខែ​គោល​ថ្មី ដែល​នឹង​ចូល​ជាធរមាន​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ការ​ប្រជុំទ្វេ​ភាគី​ជា​ច្រើន​លើក​ក្នុង​ចំណោម​ភាគី​ទាំង​បី​បាន​ធ្វើ​ឡើង​តាំងពី​ខែ​សីហា​មក។

នៅ​កិច្ច​ប្រជុំ​ចុងក្រោយរវាង​សហជីព​និង​រោងចក្រ​កាលពី​ថ្ងៃ​ច័ន្ទ សហជីព​បាន​យល់ព្រម​ទម្លាក់​ការ​ទាមទារ​ដំបូង​របស់​ខ្លួន ដែល​មាន​កម្រិត​ខ្ពស់​បំផុត​១៧៧​ដុល្លារ​មក​ត្រឹម១៥០​ដុល្លារ​វិញ។

លោក សោម អូន ប្រធាន​​​សភា​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​កម្ពុជា​​​បាន​មាន​ប្រសាសន៍​ថា តួលេខ​នេះ​ជាការ​សម្រប​សម្រួល​ល្អ​មួយរវាង​តម្រូវ​ការ​របស់​កម្មករ ដែល​ត្រូវ​ចិញ្ចឹម​ជីវិត និង​រោងចក្រ ដែល​ត្រូវ​ការ​ប្រាក់​ចំណេញ។

លោក សោម អូន មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​កម្មករ និង​ស្ថានភាព​ទីផ្សារ​មាន​តុល្យភាព​គ្នា។ ការ​ដំឡើង​ប្រាក់​ខែ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​រោងចក្រ​មួយ​ចំនួន​ខាត​ប្រាក់​ចំណូល និង​ត្រូវ​បិទ​ទ្វារ​រោងចក្រ ហើយ​កម្មករ​នឹង​គ្មាន​ការងារ​ធ្វើ។ ប្រាក់​ខែ​១៥០​ដុល្លារ​រួម​ជាមួយ​ប្រាក់​បន្ថែម​ផ្សេងទៀត កម្មករកម្មការិនី​នឹង​ទទួល​បាន​រវាង​១៨០​ដុល្លារ​ទៅ​១៩០​ដុល្លារ ហើយ​នឹង​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន”។

សហជីព​ក៏​បាន​អះអាង​ដែរ​ថា សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា GMAC ដែល​តំណាង​ឲ្យ​រោងចក្រ​នៅ LAC បាន​ព្រមព្រៀងប្រាក់​ខែ​ថ្មី​១១០​ដុល្លារ​នៅ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃច័ន្ទ បន្ទាប់ពី​បាន​​ពិចារណា​លើក​មុន​១១៥​ដុល្លារ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC បាន​អះអាង​បញ្ជាក់​កាលពី​ម្សិលមិញ​ថា រោងចក្រ​នឹង​កំណត់​យក​ប្រាក់​ខែ​១១០​ដុល្លារ ដែល​ត្រូវ​គ្នា​នឹង​ជំហរ​របស់​រដ្ឋាភិបាល ហើយ​បាន​បដិសេធ​មិន​ផ្តល់​អ្វី​បន្ថែម​លើស​ពី​នេះ​ទេ។

លោក​ក៏​បាន​ឃើញ​មាន​ការ​លើក​ទឹក​ចិត្ត​តិចតួច​ដោយសារ​ការ​បន្ថយ​ការ​ទាមទារ​របស់​សហជីព​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​មាន​ប្រយោជន៍​ទេ ពីព្រោះ​យើង​មិន​អាច​ទទួល​យក​បាន​ឡើយ”។

រោងចក្រ​លើក​ឡើង​ថា ចលាចល​ការងារ​ផ្នែក​ឧស្សាហកម្ម​បាន​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ស្រាប់​ទៅ​ហើយ និង​បាន​បញ្ជាក់​ថា ការ​ធ្វើ​តាម​ការ​ទាមទារ​ប្រាក់​ខែ​របស់​សហជីព នឹង​មុខជា​បង្ខំ​ឲ្យ​រោងចក្រ​បិទ​ទ្វារ ហើយ​ចាកចេញ​ពី​ប្រទេស​នេះ​ជា​មិន​ខាន៕មានិត

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស