31 C
Phnom Penh

អាជ្ញាធរ​ជំរុញ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បានជំរុញ​ឲ្យ​អ្នក​ភូមិ​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុនខេឌីស៊ី ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​នេះ ដោយ​សន្យា​ថា នឹង​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ឲ្យទៅ​ពួកគាត់​ផង​ដែរ​។

លោកស្រី​ ដោក សុធា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​អភិបាល​ខេត្ត​ ឈួ ចាន់ឌឿន ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​​ជំនួប​ជាមួយ​តំណាង​៥រូប​មកពី​ភូមិឡពាង ទី​ដែល​ប្រជា​ពលរដ្ឋ​ចំនួន​៨២​គ្រួសារ​កំពុង​​​តស៊ូ​ទាមទារ​ដី​ទំហំ​១៨២​ហិកតា ដែល​ពួកគាត់​និយាយ​ថា ត្រូវ​បាន​ក្រុម​ហ៊ុន​នេះ​ចាប់​យក​ដោយ​ខុស​ច្បាប់​កាលពី​ឆ្នាំ​២០០២​ ប៉ុន្តែ​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​​នៅ​ឡើយ​។

លោកស្រី ដោក សុធា អតីត​ប្រធាន​គណៈកម្មការ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ បាន​មាន​ប្រសាសន៍​ថា ” អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​ទៅ​អ្នក​ភូមិ​ថា ពួកយើង​ប្ដេជ្ញា​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ប្រជា​ពល​រដ្ឋ​១៦​គ្រួសារ ដែល​បដិសេធ​​មិន​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​​ម្ដង​ហើយ​ម្ដង​ទៀត​​​”។

លោកស្រី​បាន​បន្ត​ថា ” សម្រាប់​ប្រជា​ពល​រដ្ឋ​៤៣​គ្រួសារ​ ដែល​បាន​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​ក្រុម​ហ៊ុន​ខេឌីស៊ី​ក្នុង​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​បាន​សរសេរ​លិខិត​​ផ្ញើ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល​ ដើម្បី​ស្នើ​​សុំ​ការ​អនុម័ត​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​អ្នកភូមិ​”។

លោកស្រី​បាន​មាន​ប្រសាសន៍ទៀត​ថា ដោយ​សារ​តែ​ការ​ទិញ​ដី​នេះ​​គឺ​ជា​​ការ​ព្រម​ព្រៀង​ឯកជន ​មិន​មែន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ” វា​មិន​អាច​កាត់​ចេញ​ពី​ដី​មាន​វិវាទ​ដើម្បី​ផ្ដល់​ឲ្យ​អ្នកភូមិ​បាន​ឡើយ​​នៅ​ក្នុង​វិវាទ​នេះ​​”។

ក្រុម​ហ៊ុន​ខេឌីស៊ី​​ គឺ​ជា​របស់​អ្នកស្រី ជា ខេង ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ​តំណាង​​អ្នក​ភូមិ​ម្នាក់​ឈ្មោះ រាជ សីមា ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​ បាន​លើក​ឡើង​ថា ជា​ថ្មី​ម្ដង​ទៀត​អាជ្ញាធរ​នៅ​តែ​កាន់​ជើង​ខាង​ក្រុម​ហ៊ុន​ដដែល​។

តំណាង​រូប​នេះ​និយាយ​ទៀត​ថា “​គ្មាន​លទ្ធផល​ផ្លែ​ផ្កា​ទេ ពីព្រោះ​អភិបាល​ខេត្ត​កាន់​ជើង​ក្រុម​ហ៊ុន​ ដោយ​​លើក​ឡើង​ថា ក្រុម​ហ៊ុន​មាន​ប្លង់​រឹង​ ចំណែក​ឯអ្នក​ភូមិ​គ្មាន​ឯកសារ​ [ប័ណ្ណ​កម្មសិទ្ធិ​] ដីធ្លី”។

លោក រាជ​ សីមា បាន​មាន​ប្រសាសន៍​ថា ដី​សម្បទាន​សង្គម​កិច្ច​ដែល​ត្រូវ​ស្នើ​ឡើង​​ មាន​ទីតាំង​ស្ថិត​នៅ​​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​ភូមិ​ឡពាង ហើយ​គ្រួសារ​ទាំង​នោះ​ត្រូវ​គេ​ប្រាប់​ថា ពួកគាត់​ត្រូវ​តែ​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​​ដែល​ដាក់​ប្ដឹង​ក្រុម​ហ៊ុន​ខេឌីស៊ី​​ចេញ​មក​វិញ​ទើប​​គេ​ពិចារណា​​ផ្ដល់​ដី​ឲ្យ​។ កាលពី​ដើម​សប្ដាហ៍​នេះ គណៈកម្មការ​ការ​ពារ​សិទ្ធិ​មនុស្ស​​ទ្វេ​ភាគី​​របស់​រដ្ឋសភា​​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មីៗ​នេះ ​បាន​ប្ដេជ្ញា​ដោះ​ស្រាយវ​ិវាទ​នេះ​ឲ្យ​បាន​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​។

យោង​តាម​លោក ជា ប៉ូច សមាជិក​គណៈកម្មការ​​នេះ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​នេះ​បាន​ជួប​គ្នា​ជាមួយ​លោកស្រី ​ជា ខេង ព្រម​ទាំង​តំណាង​មក​ពី​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​អាដហុក​ផង​ដែរ​កាល​ពី​ម្សិលមិញ​៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស