ក្រសួងការបរទេសបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា ពលរដ្ឋខ្មែរ៧នាក់ដែលត្រូវគេចាប់ខ្លួននៅពេលកំពុងធ្វើការលើទូកនេសាទដោយខុសច្បាប់ ក្នុងដែនទឹកប្រទេសព្រុយណេ នឹងត្រូវបញ្ជូនមកប្រទេសវិញនៅថ្ងៃនេះ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា អាជ្ញាធរប្រទេសព្រុយណេ បានឃាត់ទូកនេសាទមានដោតទង់ជាតិថៃ និងបានចាប់ខ្លួនពលរដ្ឋកម្ពុជា៧នាក់លើទូកនោះ ដែលត្រូវបានគេរកឃើញថាគ្មានឯកសារអ្វីសោះ។
ស្ថានទូតខ្មែរប្រចាំប្រទេសព្រុយណេបានធ្វើអន្តរាគមន៍ធានាការដោះលែងពលរដ្ឋខ្មែរទាំង៧នាក់ ដែលមានកំហុសដោយការចូលប្រទេសព្រុយណេខុសច្បាប់នាពេលថ្មីៗនេះ។
ពលរដ្ឋទាំង៧នាក់នោះត្រូវបានចាប់ខ្លួនពេលពួកគេកំពុងធ្វើការលើទូកថៃ ហើយអាជ្ញាធរប្រទេសព្រុយណេ បានចាប់ទូកនោះដែលនេសាទខុសច្បាប់ក្នុងដែនទឹកព្រុយណេ។
សេចក្តីប្រកាសឲ្យដឹងថា កាកបាទក្រហមកម្ពុជា “បានជួយចេញថ្លៃដឹកជញ្ជូនដើម្បីនាំពួកគាត់មកស្រុកកំណើតវិញ។
កាលពីខែមេសា ជនជាតិតៃវ៉ាន់៦នាក់ពាក់ព័ន្ធនឹងទីភ្នាក់ងារជ្រើសរើសពលករ Giant Ocean ដែលឥឡូវលែងដំណើរការទៅហើយនោះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ បន្ទាប់ពីតុលាការ សម្រេចថា ពួកគេបានលក់បុរសខ្មែរឲ្យរស់នៅដូចទាសករលើទូកនេសាទ។ ទូកនេសាទនោះត្រូវគេគិតថានឹងនេសាទនៅជុំវិញប្រទេសថៃ ប៉ុន្តែ ទូកមួយចំនួនបានធ្លាយទៅដល់ឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូងឯណោះ៕មានិត