ដល់អាយុ១៧ឆ្នាំទៅហើយ ចាន់ ចនរស្មី នៅតែមិនអាចទាក់ទងជាមួយអ្នកផ្សេងជាមួយឪពុកម្តាយជាពិសេសនោះគឺជាមួយក្មេងៗដ៏ដៃទៀត។ ដូចពលរដ្ឋខ្មែរគថ្លង់ជាច្រើនទៀតដែរ កញ្ញា ចនរស្មី បានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីសង្គមដែលផ្តល់ការគាំទ្រតិចតូចបំផុតដល់មនុស្សគថ្លង់។ ដោយមិនអាចទៅរៀននៅសាលារដ្ឋបាន នាងបាននៅក្នុងផ្ទះរបស់នាងរាល់ថ្ងៃ ហើយធ្វើការងារផ្ទះ ឬលេងតែម្នាក់ឯង។
កញ្ញា ចនរស្មី ដែលមកទល់នឹងពេលនេះមានអាយុ១៩ឆ្នាំហើយនោះ បានប្រើភាសាសញ្ញារបស់ខ្មែរមករៀបរាប់ថា “នៅពេលខ្ញុំរស់នៅក្នុងខេត្តកណ្តាល ខ្ញុំធ្វើអ្វីៗតែម្នាក់ឯងប៉ុណ្ណោះ ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយអ្នកផ្សេងទេ”។
ពីរឆ្នាំកន្លែងមក កញ្ញា ចនរស្មី បានចុះឈ្មោះរៀនវគ្គមួយនៅក្នុងកម្មវិធីអភិវឌ្ឍន៍មនុស្សគថ្លង់ នៅក្នុងអង្គការម៉ារីណុល (Maryknoll) ជាទីដែលនាងបានចាប់ផ្តើមរៀនពីរបៀបទំនាក់ទំនងដោយប្រើភាសាសញ្ញា រៀនអំពីរបៀបអាន និងសរសេរ ភាសាខ្មែរថ្នាក់មូលដ្ឋាននិងរៀនពីរបៀបដើម្បីឲ្យមានការយល់ដឹងពីគណិតវិទ្យាសាមញ្ញ។
កញ្ញាបានប្រើភាសាសញ្ញាមករៀបរាប់ថា “ជីវិតរបស់ខ្ញុំបានប្រសើរជាងមុនព្រោះឥឡូវនេះខ្ញុំមានមិត្តភក្តិ។ នៅពេលខ្ញុំបញ្ចប់ការសិក្សារបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំប្រហែលជារៀនធ្វើជាអ្នកផាត់មុខធ្វើសក់”។
មិនទាន់ដល់ឆ្នាំ១៩៩៧ផង ភាសាសញ្ញារបស់ខ្មែរបានលេចចេញជារូបរាង នៅពេលអ្នកធ្វើការផ្នែកមនុស្សធម៌ជនជាតិហ្វាំងឡង់ ម្នាក់បានប្រមូលពលរដ្ឋខ្មែរគថ្លង់មួយក្រុមមកជួបជុំគ្នា ហើយលើកទឹកចិត្តពួកគេឲ្យធ្វើទំនាក់ទំនងជាមួយគ្នា។
ដោយទទួលបានការណែនាំពីលោក Charles Dittmeier អាចារ្យកាតូលិកម្នាក់ ដែលបានមករាជធានីភ្នំពេញកាលពី១៤ឆ្នាំកន្លងទៅ ដើម្បីធ្វើការនៅអង្គការម៉ារីណុល ពលរដ្ឋខ្មែរក្មេងៗដែលគថ្លង់រាប់សិបនាក់ ដូចជាកញ្ញា ចនរស្មី ជាដើមបានរួចផុតពីការរស់នៅដែលគ្មានទំនាក់ទំនងជាមួយគេឯង។
បន្ទាប់ពីបញ្ចប់វគ្គសិក្សារយៈពីរឆ្នាំ ដែលបើកសម្រាប់មនុស្សគថ្លង់ចាប់ពីអាយុ១៦ឆ្នាំ ឬលើសពីនេះ សិស្សគថ្លង់អាចបន្តទៅសិក្សាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមួយឆ្នាំទៀត ដោយពួកគេអាចរៀនជំនាញផ្សេងៗដូចជា ដេរបា៉ក់ និងជួសជុលម៉ូតូជាដើម។
ពួកគេក៏អាចចូលរួមក្នុងសកម្មភាពជាច្រើនទៀតផងដែរ ដូចជាការលេងបាល់ទាត់ និងលេងអុក ជាមួយដៃគូគថ្លង់ដូចគ្នា ឬដៃគូដែលជាមនុស្សធម្មតាជាដើម។
ប៉ុន្តែស្លាកស្នាមបន្សល់ទុកពីអតីតកាលមិនទាន់រលប់បាត់នៅឡើយទេ។ នៅពេលនិយាយអំពីផ្ទះសំបែងរបស់ពួកគេ សិស្សទាំងនេះប្រើសញ្ញាពន្ធនាគារដែលមានម្រាមដៃបីលើកឡើងដើម្បីតំណាងឲ្យចម្រឹងដែក ហើយដាក់ពីលើមេដៃដើម្បីបង្ហាញមនុស្ស។
លោក Charles Dittmeier បានមានប្រសាសន៍ថា “ឪពុកម្តាយ ឬអ្នកផ្សេងមិនដឹងពីជីវិតនៅក្នុងផ្ទះរបស់ពួកគេទេ គឺវាហាក់ដូចជាជាប់ក្នុងគុកអ៊ីចឹង។ ឪពុកម្តាយភាគច្រើនដែលមានកូនគថ្លង់មិនយល់ពីភាពគថ្លង់នោះជាអ្វីទេ។ ពួកគាត់គិតថា ពួកគេវិកលចរិតទៅវិញ”។
លោកបានបន្តថា “ជាច្រើនលើកច្រើនសាមកហើយ ពេលយើងចេញទៅភូមិមួយ ហើយសួរថា តើមានមនុស្សគថ្លង់នៅទីនេះដែរ ឬទេ? ពួកគាត់និយាយថា អត់មានទេ ប៉ុន្តែ យើងមានតែក្មេងឆ្កួតម្នាក់នេះ ដែលធ្វើសំឡេងប្លែកៗ”។
អង្គការម៉ារីណុល ដែលបង្កើតគម្រោងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួនដូចជាខេត្តកំពត និងខេត្តកំពង់ឆ្នាំងជាដើម គឺជាអង្គការមួយក្នុងចំណោមអង្គការតែពីរគត់ដែលផ្តល់ការសិក្សាដល់មនុស្សគថ្លង់។ អង្គការមួយទៀតនោះគឺអង្គការគ្រួសារថ្មី។
ប៉ុន្តែ អង្គការទាំងពីរនេះ ដែលនឹងប្រារព្ធសប្តាហ៍អ្នកគថ្លង់អន្តរជាតិ ក្នុងសប្តាហ៍នេះ បានបង្រៀនដល់សិស្សរបស់ខ្លួននូវភាសាសញ្ញាពីរផ្សេងៗខុសពីគ្នាជិតពីរទសវត្សរ៍មកហើយ។
ខណៈអង្គការម៉ារីណុល បង្រៀនភាសាសញ្ញារបស់ខ្មែរដល់សិស្ស អង្គការគ្រួសារថ្មីបានសម្រេចយកភាសាសញ្ញារបស់អាមេរិកទៅបង្រៀនសិស្សរបស់ខ្លួន នៅពេលអង្គការនេះបានចាប់ផ្តើមបើកថ្នាក់បង្រៀនក្មេងៗគថ្លង់កាលពីឆ្នាំ១៩៩៧។
លោក Charles Dittmeier និយាយទាក់ទិននឹងអង្គការគ្រួសារថ្មីថា “នៅពេលយើងចាប់ផ្តើមចូលរៀននោះ គឺយើងត្រូវការភាសាមួយ។ យើងមិនអាចរង់ចាំរហូតដល់ទៅ១០ឆ្នាំ ១៥ ឬ២០ឆ្នាំឡើយ ហេតុដូច្នេះទើបពួកគេបានសម្រេចយកភាសាសញ្ញារបស់អាមេរិកមកបង្រៀនសិស្ស”។
លោក ហង្ស គឹមឆន អ្នកសម្របសម្រួលឲ្យកម្មវិធីអប់រំមនុស្សគថ្លង់នៅអង្គការគ្រួសារថ្មីបានលើកឡើងថា អង្គការរបស់លោកតែងតែមានក្តីកង្វល់បំផុតដោយផ្តល់ឲ្យសិស្សដែលមានអាយុចាប់ពី៤ឆ្នាំ ដល់១៤ឆ្នាំអាចចុះឈ្មោះរៀននៅថ្នាក់ទី១បាន។
លោកបានមានប្រសាសន៍ថា “គោលដៅរបស់យើង គឺផ្តល់ការអប់រំដល់មនុស្សគថ្លង់។ រឿងដែលសំខាន់បំផុតនោះគឺថា ធ្វើយ៉ាងណាឲ្យពួកគេអាចប្រើភាសាសញ្ញា អាន និងអាចសរសេរបាន”។
ទោះបីជាមនុស្សជាច្រើននៅក្នុងសហគមន៍គថ្លង់ទទួលស្គាល់ជាយូរមកហើយថា ការបង្រៀនសិស្សនូវភាសាសញ្ញាពីរខុសគ្នានេះមានបញ្ហាក៏ដោយ ក៏ការព្យាយាមបញ្ចូលភាសាទាំងពីរនេះចូលគ្នានៅតែមិនទាន់ទទួលបានជោគជ័យដដែល។
ប៉ុន្តែ នៅទីបំផុត ការព្យាយាមនេះទទួលបានជោគជ័យនៅចុងឆ្នាំ២០១៣ នៅពេលមនុស្សគថ្លង់កម្ពុជាមួយក្រុមបានមកប្រមូលផ្តុំគ្នា ដើម្បីស្វែងរកវិធីសាស្ត្រដ៏ល្អបំផុតនៅក្នុងការបង្កើតភាសាសញ្ញារួមមួយ។
លោក គឹមឆន បាននិយាយថា គណៈកម្មាធិការបញ្ចូលភាសាសញ្ញាដែលឧបត្ថម្ភដោយវិទ្យាស្ថានបច្ចេកទេសជាតិសម្រាប់មនុស្សគថ្លង់នៅសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើការងារដោយកែសម្រួលកម្មវិធីសិក្សារបស់អង្គការគ្រួសារថ្មីមួយថ្នាក់ម្តងៗ។
សម្រាប់សញ្ញានីមួយៗ មានការគូររូបភាពបង្ហាញតាមលំដាប់លំដោយដើម្បីបង្ហាញចលនានៃកាយវិការ មុនពេលសៀវភៅត្រូវគេបញ្ជូនទៅក្រសួងអប់រំដើម្បីសុំការយល់ព្រមខណៈអង្គការគ្រួសារថ្មីអនុវត្តតាមកម្មវិធីសិក្សារបស់សាលារដ្ឋ ។
លោក គឹមឆន បានមានប្រសាសន៍ថា “ការរីកចម្រើនគឺវាហាក់បីដូចជាយឺតបន្តិចហើយ ព្រោះយើងមិនមែនគ្រាន់តែបង្កើតភាសាសញ្ញា ហើយបន្ទាប់មកបញ្ចប់វានោះទេ គឺវាត្រូវការពេលវេលា”។ លោកបានបន្ថែមថា គណៈកម្មាធិការឥឡូវនេះកំពុងពិភាក្សាអំពីភាសាសញ្ញាសម្រាប់ថ្នាក់ទី៣។
ទោះបីជាមានការខិតខំយ៉ាងណាក៏ដោយ ក៏ភាសាសញ្ញារួមនេះទំនងជាត្រូវការពេលច្រើនឆ្នាំទៀតទើបមនុស្សគថ្លង់ភាគច្រើននៅក្នុងប្រទេសកម្ពុជាអាចយល់ដឹងបាន។
យោងតាមអង្គការ ម៉ារីណុល បានឲ្យដឹងថា មនុស្សគថ្លង់ទាំងស្រុងមានចំនួនប្រមាណ៥១.០០០នាក់នៅទូទាំងប្រទេសកម្ពុជា និងអ្នកដែលពិបាកក្នុងការស្តាប់មានចំនួនប្រហែលកន្លះលាននាក់បន្ថែមទៀត។
មកទល់នឹងពេលនេះទើបតែមានសិស្ស៣០០នាក់ប៉ុណ្ណោះ ដែលបានបញ្ចប់កម្មវិធីសិក្សានៅអង្គការម៉ារីណុល ខណៈដែលសិស្សគថ្លង់៣២នាក់បានបញ្ចប់ថ្នាក់វិទ្យាល័យនៅអង្គការគ្រួសារថ្មី។ ទោះជាយ៉ាងណា នៅមានមនុស្សគថ្លង់រាប់រយនាក់បន្ថែមទៀត ដែលនឹងបញ្ចប់ការសិក្សារបស់ខ្លួន ឬក៏កំពុងសិក្សានៅអង្គការក្រៅរដ្ឋាភិបាលទាំងនេះ។
ក្នុងចំណោមពួកគេទាំងនោះ គឺកញ្ញា ហៀង ដាឡែន អាយុ២២ឆ្នាំ ដែលអាចប្រើភាសាសញ្ញាបង្ហាញអំពីខ្លួនឯងនៅពេលនាងបានចាប់ផ្តើមសិក្សានៅអង្គការគ្រួសារថ្មី ដែលសិស្សចាស់ៗភាគច្រើននៅទីនោះបានចំណាយពេលពាក់កណ្តាលថ្ងៃជារៀងរាល់ថ្ងៃរៀននៅសាលារដ្ឋ។
កញ្ញាបានប្រើភាសាសញ្ញាមករៀបរាប់ថា “នៅពេលខ្ញុំចូលរៀនសាលារដ្ឋ ដំបូងឡើយខ្ញុំជួបការលំបាកជាច្រើនក្នុងការទាក់ទងជាមួយសិស្សដ៏ទៃទៀត។ សិស្សខ្លះសើចចំអកខ្ញុំ ប៉ុន្តែ ឥឡូវនេះមិត្តរួមថ្នាក់របស់ខ្ញុំអាចយល់ដឹងអំពីភាសាសញ្ញាមួយចំនួនរបស់ខ្ញុំហើយ ហើយថែមទាំងចង់រៀនភាសាសញ្ញានេះទៀតផង”។
ឥឡូវនេះកញ្ញា ដាឡែន សង្ឃឹមថា នឹងមានវាសនាចូលរៀននៅសាកលវិទ្យាល័យនៅពេលនាងបញ្ចប់ថ្នាក់ទី១២ឆ្នាំក្រោយ ដូចអ្នកដែលបានបញ្ចប់ការសិក្សាមួយចំនួននៅអង្គការគ្រួសារថ្មីដែរ។
ហើយដោយសារតែមានភាពគថ្លង់ និងការលំបាកដោយសារតែប្រទេសកម្ពុជាមានប្រព័ន្ធភាសាសញ្ញាពីរនោះ បងស្រីចំនួនពីរនាក់ក្នុងចំណោមបងស្រីទាំងបីនាក់របស់ ដាឡែន ក៏ជាមនុស្សគថ្លង់ដែរ ហើយពេលថ្មីៗនេះបានបញ្ចប់ការសិក្សានៅអង្គការម៉ារីណុល។
កញ្ញា ដាឡែន ក៏ចង់ជួយអ្នកផ្សេងទៀតឲ្យរួចផុតពីបញ្ហាដូចដែលនាងបានជួបនេះដែរ។នាងបានប្រើភាសាសញ្ញាមករៀបរាប់នៅអង្គការគ្រួសារថ្មីថា “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនរបស់ក្មេងៗគថ្លង់ ខ្ញុំចង់ធ្វើការនៅទីនេះ”៕ ស៊ុយឈាង