បន្ទាប់ពីការតវ៉ាអស់ជាច្រើនខែ អ្នកបើកបរភាគច្រើនក្នុងចំណោមអ្នកបើកបរចំនួន១៧នាក់ដែលត្រូវបានបណ្តេញចោលពីការងារដោយក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរកាលពីខែមេសាបានឈានដល់ការឯកភាពគ្នាមួយជាមួយក្រុមហ៊ុននេះដែលបណ្តេញអ្នកបើកបរ បន្ទាប់ពីពួកគេព្យាយាមដឹកនាំកូដកម្មមួយដោយដកសោរថយន្តក្រុងរបស់ក្រុមហ៊ុនទុក។
តំណាងមកពីសហព័ន្ធការងារកម្ពុជាបានជួបជាមួយតំណាងក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចរចាលើដំណោះស្រាយដែលនឹងទទួលយកអ្នកបើកបរចំនួនបីនាក់ក្នុងចំណោមអតីតអ្នកបើកបរទាំងអស់ឲ្យមកធ្វើការវិញ ហើយផ្តល់ប្រាក់អតីតភាពការងារដល់អ្នកបើកបរចំនួនប្រាំនាក់ដែលកិច្ចសន្យារបស់ពួកគេនឹងត្រូវបញ្ចប់។
អ្នកបើកបរចំនួនប្រាំនាក់កំពុងតែរង់ចាំសេចក្តីសម្រេចរបស់តុលាការ ដែលនឹងកំណត់អនាគតរបស់ពួកគេជាមួយក្រុមហ៊ុន។
លោក ចាន់ សុផាន់ណា អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរបានលើកឡើងថា អ្នកបើកបរចំនួនបីនាក់ដែលត្រូវបានទទួលយកមកធ្វើការវិញ មិនអាចត្រឡប់ទៅធ្វើជាអ្នកបើកបរវិញបានទេ ហើយនឹងត្រូវផ្តល់ការងារជាបុគ្គលិកធម្មតាជំនួសវិញ។ លោកបានមានប្រសាសន៍ដោយពន្យល់ថា ក្រុមហ៊ុនបានលក់រថយន្តមួយចំនួនចាប់តាំងពីអ្នកបើកបរត្រូវបានបណ្តេញចេញមកថា “អ្នកបើកបរទាំងបីនាក់នេះនឹងលែងជាអ្នកបើកបរទៀតហើយ ព្រោះគ្មានរថយន្តដែលនៅសល់សម្រាប់ពួកគាត់បើកបរឡើយ”។
លោកបានបន្តថា “ខ្ញុំគិតថា យើងនឹងលែងមានបញ្ហាទៀតហើយ បន្ទាប់ពីការចរចាត្រូវបានបញ្ចប់។
អ្នកបើកបរទាំង១៧នាក់នេះ ត្រូវបានបណ្តេញចេញពីការងារបន្ទាប់ពីពួកគេព្យាយាមបង្កើតសហជីព និងលួចយកកូនសោរថយន្តក្រុងជាផ្នែកនៃកូដកម្មដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អ។ការបណ្តេញចេញពីការងារនេះបានធ្វើឲ្យមានការតវ៉ាមួយចំនួន និងមានការតវ៉ាប្រឆាំងវិញរវាងអតីតអ្នកបើកបរ និងបុគ្គលិករបស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរ ដែលលើកឡើងថា ការតវ៉ានៅខាងក្រៅស្ថានីយរថយន្តក្រុងក្នុងរាជធានីភ្នំពេញ គឺធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ក្រុមហ៊ុន។
លោក គឹម មីនា ជាអ្នកបើកបរម្នាក់ក្នុងចំណោមអ្នកបើកបរទាំងប្រាំនាក់ ដែលកំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការបាននិយាយថា គាត់ក៏នឹងទទួលយកការបញ្ចប់កិច្ចសន្យារបស់គាត់ដែរ ប្រសិនបើក្រុមហ៊ុនផ្តល់ប្រាក់សំណងជំងឺចិត្តគ្រប់គ្រាន់ដល់គាត់។ លោកបាននិយាយថា “សម្រាប់ខ្ញុំ ប្រសិនបើតុលាការសម្រេចថា ខ្ញុំមិនអាចត្រឡប់ទៅធ្វើការងារវិញបានទេនោះ ក្រុមហ៊ុនត្រូវតែផ្តល់ប្រាក់គ្រប់គ្រាន់ដល់ខ្ញុំ”៕ស៊ុយឈាង