28.4 C
Phnom Penh

ភាសាសញ្ញា​​​រួម​​​សម្រាប់​​​មនុស្ស​​​គថ្លង់​​​ត្រូ​​​វបាន​​​បង្កើត​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដល់​​​អាយុ​​​១៧​​​ឆ្នាំ​​​ទៅ​​​ហើយ​​​ ចាន់ ចនរស្មី​​​ នៅ​​​តែ​​​មិន​​​អាច​​​ទាក់ទង​​​ជា​​​មួយ​​​អ្នក​​​ផ្សេង​​​​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​ជា​​​ពិសេស​​​នោះ​​​គឺ​​​ជា​​​មួយ​​​ក្មេង​​​ៗដ៏​​​ដៃ​​​ទៀត។​​​ ដូច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គថ្លង់​​​ជាច្រើន​​​ទៀត​​​ដែរ​​​ កញ្ញា ចន​​​រស្មី បាន​​​កាត់​​​ផ្តាច់​​​ទំនាក់​​​ទំនង​​​ទាំង​​​ស្រុង​​​ពី​​​សង្គម​​​ដែល​​​ផ្តល់​​​ការ​​​គាំទ្រ​​​តិច​​​តូច​​​បំផុត​​​ដល់​​​មនុស្ស​​​គថ្លង់​​​។ ដោយ​​​មិន​​​អាច​​​ទៅ​​​រៀន​​​នៅ​​​សាលា​​​រដ្ឋ​​​បាន នាង​​​បាន​​​​​​នៅ​​ក្នុង​​​ផ្ទះ​​​របស់​​​នាង​​​រាល់​​​ថ្ងៃ ហើយ​​​ធ្វើ​​​ការ​​​ងារ​​​ផ្ទះ ឬ​​​លេង​​​តែ​​​ម្នាក់​​​ឯង​​​។

កញ្ញា ចនរស្មី ​​​​​​​​​ដែល​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​មាន​​​អាយុ​​​១៩​​​ឆ្នាំ​​​ហើយ​​​នោះ​​​​​​ បាន​​​ប្រើ​​​ភាសា​​​សញ្ញា​​​របស់​​​ខ្មែរ​​​​​​មក​​​រៀប​​​រាប់​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល ខ្ញុំ​​ធ្វើ​​​អ្វី​​​ៗ​​​តែ​​​ម្នាក់​​​ឯង​​​ប៉ុណ្ណោះ​​​ ខ្ញុំ​​​មិន​​​ដែល​​​​​​មាន​​​ទំនាក់ទំនង​​​ជា​​​មួយ​​​អ្នក​​​ផ្សេង​​​ទេ​​​”។

ពីរ​​​ឆ្នាំ​​​កន្លែង​​​មក​​​ កញ្ញា ចនរស្មី បាន​​​ចុះឈ្មោះ​​​រៀន​​​វគ្គ​​​មួយ​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​​​​​​​​​​អភិវឌ្ឍន៍​​​មនុស្ស​​​គថ្លង់ នៅ​​​ក្នុង​​​អង្គការ​​​ម៉ារីណុល​​​ (Maryknoll) ជា​​​ទី​​​ដែល​​​នាង​​​បាន​​​ចាប់​​​ផ្តើម​​​រៀន​​​ពី​​​របៀប​​​ទំនាក់​​​ទំនង​​​ដោយ​​​ប្រើ​​​ភាសា​​​សញ្ញា​​​​​​ រៀន​​​អំពី​​​របៀប​​​អាន និង​​​សរសេរ ភាសាខ្មែរ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​និង​​​រៀន​​​ពីរ​​​បៀប​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ដឹង​​​ពី​​​គណិតវិទ្យា​​​សាមញ្ញ។

កញ្ញា​​​បាន​​​ប្រើ​​​ភាសា​​​សញ្ញា​​​មក​​​រៀប​​​រាប់​​​ថា “ជីវិត​​​របស់​​​ខ្ញុំ​​​បាន​​​ប្រសើរ​​​ជាង​​​មុន​​​ព្រោះ​​​ឥឡូវ​​​នេះ​​​ខ្ញុំ​​​មាន​​​មិត្ត​​​ភក្តិ។ នៅ​​​ពេល​​​ខ្ញុំ​​​បញ្ចប់​​​ការ​​​សិក្សា​​​របស់​​​ខ្ញុំ​​​ ខ្ញុំ​​​គិត​​​ថា ខ្ញុំ​​​ប្រហែល​​​ជា​​​រៀន​​​ធ្វើ​​​ជា​​​អ្នក​​​ផាត់​​​​​​មុខ​​​ធ្វើ​​​សក់​​​​​​​​​​​​”។

មិន​​​ទាន់​​​ដល់​​​ឆ្នាំ​​​១៩៩៧​​​ផង ភាសា​​​សញ្ញា​​​របស់​​​ខ្មែរ​​​បាន​​​លេច​​​ចេញ​​​ជា​​​រូប​​​រាង​​​ នៅ​​​ពេល​​​អ្នក​​​ធ្វើ​​​ការ​​​ផ្នែក​​​មនុស្ស​​​ធម៌​​​ជន​​​ជាត​​​ិ​ហ្វាំង​​​ឡង់​​​ ​​​​​​​​ម្នាក់​​​បាន​​​ប្រមូល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គ​​​ថ្លង់​​​មួយ​​​ក្រុម​​​​​​​​​មក​​​ជួប​​​ជុំ​​​គ្នា​​​ ហើយ​​​លើក​​​ទឹក​​​ចិត្ត​​​ពួក​​​គេ​​​ឲ្យ​​​ធ្វើ​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​គ្នា​​​។

ដោយ​​​ទទួល​​​បាន​​​ការ​​​ណែនាំ​​​ពី​​​លោក​​​ CharlesDittmeier អាចារ្យ​​​កាតូលិក​​​ម្នាក់​​​ ដែល​​​បាន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​១៤​​​ឆ្នាំ​​​កន្លង​​​ទៅ​​​ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​អង្គការ​​​ម៉ារីណុល​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​ក្មេង​​​ៗ​​​​​​ដែល​​​គថ្លង់​​​រាប់​​​សិប​​​នាក់​​​ ដូច​​​ជា​​​កញ្ញា ចន​​​រស្មី ជា​​​ដើម​​​បាន​​​រួច​​​ផុត​​​ពី​​​ការ​​​រស់​​​នៅ​​​​​​ដែល​​​គ្មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​​​​គេ​​​ឯង។

បន្ទាប់​​​ពី​​​បញ្ចប់​​​វគ្គ​​​សិក្សា​​​រយៈ​​​ពីរ​​​ឆ្នាំ ដែល​​​បើក​​​សម្រាប់​​​មនុស្ស​​​គ​​​ថ្លង់​​​ចាប់​​​ពី​​​អាយុ​​​​​​១៦ឆ្នាំ ឬ​​​លើស​​​ពី​​​នេះ​​​ សិស្ស​​​គ​​​ថ្លង់​​​អាច​​​បន្ត​​​ទៅ​​​សិក្សា​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​មួយ​​​ឆ្នាំ​​​ទៀត ដោយ​​​ពួក​​​គេ​​​អាច​​​រៀន​​​ជំនាញ​​​ផ្សេង​​​ៗ​​​ដូច​​​ជា​​​​​​​​​ ដេរ​​​បា៉ក់ និង​​​ជួស​​​ជុល​​​ម៉ូតូ​​​ជា​​​ដើម។

ពួក​​​គេ​​​ក៏​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សកម្ម​​​ភាព​​​ជា​​​ច្រើន​​​ទៀត​​​ផង​​​ដែរ ដូច​​​ជា​​​ការ​​​លេង​​​បាល់​​​ទាត់​​​ និង​​​លេង​​​អុក​​​ ជាមួយ​​​ដៃគូ​​​គ​​​ថ្លង់​​​ដូច​​​គ្នា ឬ​​​ដៃ​​​គូ​​​ដែល​​​ជា​​​មនុស្ស​​​ធម្មតា​​​ជា​​​ដើម​​​។​​​

ប៉ុន្តែ​​​ស្លាក​​​ស្នាម​​​បន្សល់​​​ទុក​​​ពីអតីត​​​កាល​​​មិន​​​ទាន់​​​រលប់​​​បាត់​​​នៅ​​​ឡើយទេ។ នៅ​​​ពេល​​​និយាយ​​​អំពី​​​ផ្ទះ​​​សំបែង​របស់ពួកគេ ​​​សិស្ស​​​ទាំង​​​នេះ​​​ប្រើ​​​សញ្ញាពន្ធនាគារ​​​ដែល​​​មាន​​​ម្រាម​​​ដៃបី​​​លើកឡើង​​​ដើម្បីតំណាង​​​ឲ្យ​​​ចម្រឹង​ដែក ហើយ​​​ដាក់​​​ពី​​​លើ​​​មេ​​​ដៃ​​​ដើម្បី​​​បង្ហាញ​​​មនុស្ស។​​​

លោក​​​  CharlesDittmeier បាន​​​មាន​​​ប្រសាសន៍​​​ថា “ឪពុក​​​ម្តាយ​​​ ឬ​​​អ្នក​​​ផ្សេង​​​មិន​​​ដឹង​​​ពី​​​ជីវិត​​​នៅ​​​ក្នុ​​​ង​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​ទេ​​​ គឺ​​​វា​​​ហាក់​​​ដូច​​​ជា​​​ជាប់​​​ក្នុង​​​គុក​​​អ៊ីចឹង។ ឪពុក​​​ម្តាយ​​​ភាគ​​​ច្រើន​​​ដែល​​​មាន​​​កូន​​​គថ្លង់​​​មិន​​​យល់​​​ពី​​​ភាព​​​គថ្លង់​​​នោះ​​​ជា​​​អ្វី​​​ទេ​​​។ ពួក​​​គាត់​​​គិត​​​ថា ពួក​​​គេ​​​វិកល​​​ចរិត​​​ទៅ​​​វិញ​​​”។

លោក​​​បាន​​​បន្ត​​​ថា “​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​មក​​​ហើយ ពេល​​​យើង​​​ចេញ​​​ទៅ​​​ភូមិ​​​មួយ​​​ ហើយ​​​សួរ​​​ថា តើ​​​មាន​​​មនុស្ស​​​គ​​​ថ្លង់​​​នៅ​​​ទី​​​នេះ​​​ដែរ​​​ ឬ​​​ទេ​​​? ពួក​​​គាត់​​​និយាយ​​​ថា អត់​​​មាន​​​ទេ​​​ ប៉ុន្តែ យើ​​​ង​​​មាន​​​តែ​​​ក្មេង​​​ឆ្កួត​​​ម្នាក់​​​នេះ ដែល​​​ធ្វើ​​​សំឡេង​​​ប្លែក​​​ៗ”។

អង្គការ​​​ម៉ារីណុល​​​ ដែល​​​បង្កើត​​​គម្រោង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​តាម​​​ខេត្ត​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ខេត្ត​​​កំពត​​​ និង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ជាដើម គឺ​​​ជា​​​អង្គការ​​​​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​តែ​​​ពីរ​​​គត់​​​ដែល​​​ផ្តល់​​​ការ​​​សិក្សា​​​ដល់​​​មនុស្ស​​​គ​​​ថ្លង់​​​។ អង្គការ​​​មួយ​​​ទៀត​​​នោះ​​​គឺ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​​​​​​​។

ប៉ុន្តែ អង្គការ​​​ទាំងពីរ​​​នេះ​​​ ដែល​​​នឹង​​​ប្រារព្ធ​​​សប្តាហ៍​​​​​​អ្នក​​​គ​​​ថ្លង់​​​អន្តរ​​​ជាតិ​​​​​​​​​​​​​​​ ក្នុង​​​សប្តាហ៍​​​នេះ ​​​បាន​​​បង្រៀន​​​ដល់​​​សិស្ស​​​របស់​​​ខ្លួន​​​នូវ​​​ភាសា​​​សញ្ញា​​​ពីរ​​​ផ្សេង​​​ៗ​​​ខុស​​​ពី​​​គ្នា​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​មក​​​ហើយ។

ខណៈ​​​អង្គការ​​​ម៉ារីណុល​​​ បង្រៀន​​​ភាសា​​​​​​សញ្ញា​​​របស់​​​ខ្មែរ​​​ដល់​​​សិស្ស អង្គការ​​​គ្រួសារ​​​ថ្មី​​​បាន​​​សម្រេច​​​យក​​​​​​ភាសា​​​សញ្ញា​​​របស់​​​អាមេរិក​​​ទៅ​​​បង្រៀន​​​សិស្ស​​​របស់​​​ខ្លួន​​​ នៅ​​​ពេល​​​អង្គការ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​ថ្នាក់​​​បង្រៀន​​​ក្មេង​​​ៗ​​​គ​​​ថ្លង់​​​​​​​​​​​​​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៧​​​។

លោក​​​  CharlesDittmeier និយាយ​​​ទាក​​​់​​​ទិន​​​នឹង​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​ថា “នៅ​​​ពេល​​​យើង​​​ចាប់​​​ផ្តើម​​​ចូល​​​រៀន​​​នោះ​​​ គឺ​​​យើង​​​ត្រូវ​​​ការ​​​ភាសា​​​មួយ​​​។ យើង​​​មិន​​​អាច​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ទៅ​​​១០ឆ្នាំ ១៥ ឬ២០​​​ឆ្នាំ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​ទើប​​​ពួក​​​គេ​​​បាន​​​សម្រេច​​​យក​​​ភាសា​​​សញ្ញា​​​របស់​​​អាមេរិក​​​​​​មក​​​បង្រៀន​​​សិស្ស​​​”។

លោក ហង្ស គឹមឆន អ្នក​​​សម្រប​​​សម្រួល​​​ឲ្យ​​​​កម្មវិធី​​​អប់​​​រំ​​​មនុស្ស​​​​​​គថ្លង់​​​នៅ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​បាន​​​លើក​​​ឡើ​​​ងថា អង្គការ​​​របស់​​​លោក​​​តែង​​​តែ​​​មាន​​​ក្តី​​​កង្វល់​​​បំផុត​​​ដោយ​​​ផ្តល់​​​​​​ឲ្យ​​​សិស្ស​​​ដែល​​​​​​មាន​​​អាយុ​​​ចាប់​​​ពី​​​៤ឆ្នាំ ដល់​​​១៤​​​ឆ្នាំ​​​អាច​​​​​​ចុះ​​​ឈ្មោះ​​​​​​​​​​​​​​​​​​រៀន​​​នៅ​​​ថ្នាក់​​​ទី​​​១បាន​​​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “គោល​​​ដៅ​​​របស់​​យើង​​​​​​ គឺ​​​ផ្តល់​​​ការ​​អប់​​​រំ​​​ដល់​​​មនុស្ស​​​គ​​​ថ្លង់​​​​​​។ រឿង​​​ដែល​​​សំខាន់​​​បំផុត​​​នោះ​​​គឺថា ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​ប្រើ​​​ភាសា​​​សញ្ញា​​​ អាន​​​ និង​​​អាច​​​សរសេរ​​​បាន​​​”។

ទោះ​​​បី​​​ជា​​​មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​សហគមន៍​​​គថ្លង់​​​ទទួល​​​ស្គាល់​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា ការ​​​បង្រៀន​​​សិស្ស​​​នូវ​​​ភាសា​​​សញ្ញា​​​ពីរ​​​ខុស​​​គ្នា​​​នេះ​​​មាន​​​បញ្ហា​​​ក៏​​​ដោយ​​​ ក៏​​​​​​ការ​​​ព្យាយាម​​​បញ្ចូល​​​ភាសា​​​ទាំង​​​ពីរ​​​នេះ​​​ចូល​​​គ្នា​​​នៅ​​​តែ​​​មិន​​​ទាន់​​​​​​ទទួល​​បាន​​​ជោគ​​​ជ័យ​​​ដដែល​​​។

ប៉ុន្តែ​​​ នៅ​​​ទី​​​បំផុត ​​​ការ​​​ព្យាយាម​​​នេះ​​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នៅ​​​ចុង​​​ឆ្នាំ​​​២០១៣​​​​​​​​​ នៅ​​​ពេល​​​មនុស្ស​​​​​​​​​គ​​​ថ្លង់​​​កម្ពុជា​​​មួ​យ​​​ក្រុម​​​​​​បាន​​​មក​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ ដើម្បី​​​ស្វែង​​​រក​​​វិធី​​​សាស្ត្រ​​​ដ៏​​​ល្អ​​​បំផុត​​​នៅ​​​ក្នុង​​​ការ​​​បង្កើត​​​ភាសា​​​សញ្ញា​​​រួម​​​​​​មួយ។

លោក គឹមឆន បាន​​​និយាយ​​​ថា គណៈកម្មាធិការ​​​បញ្ចូលភាសា​​​សញ្ញា​​​ដែល​​​ឧបត្ថម្ភ​​​ដោយ​​​វិទ្យាស្ថាន​​​បច្ចេក​​​ទេសជាតិ​​​សម្រាប់​​​មនុស្ស​​​គ​​​ថ្លង់​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​កំពុង​​​ព្យាយាម​​​ធ្វើ​​​ការ​​​ងារ​​​ដោយ​​​កែសម្រួល​​​កម្មវិធី​សិក្សា​​​របស់​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​មួយ​​​ថ្នាក់​​​ម្តងៗ។

សម្រាប់​​​សញ្ញានីមួយៗ មានការគូរ​​​រូបភាព​​​បង្ហាញតាម​​​លំដាប់លំ​​​ដោយ​​​ដើម្បី​​​បង្ហាញ​​​ចលនា​​​នៃ​កាយវិការ មុន​​​ពេល​​​សៀវ​​​ភៅ​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​ក្រសួង​​​អប់រំដើម្បី​​​សុំការ​​​យល់​​​ព្រម​​​ខណៈ​​​អង្គការគ្រួសារ​ថ្មីអនុវត្ត​​​តាមកម្ម​​​វិធីសិក្សា​​​របស់​​​សាលារដ្ឋ ។

​​​ លោក គឹមឆន បាន​​​មានប្រសាសន៍​​​ថា “ការ​​​រីក​​​ចម្រើន​​​គឺ​​​វា​​​ហាក់​​​បី​​​ដូ​​​ច​​​ជា​​​យឺត​​​បន្តិច​​​ហើយ​​​ ព្រោះ​​​យើង​​​មិន​​​មែន​​​គ្រាន់​​​តែ​​​​​​បង្កើត​​​ភាសា​​​សញ្ញា​​​ ហើយ​​​បន្ទាប់​​​មក​​​បញ្ចប់​​​វា​​​នោះ​​​ទេ គឺ​​​វា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​”។

លោក​​​បាន​​​បន្ថែម​​​ថា គណៈកម្មាធិការ​​​ឥឡូវ​​​នេះ​​​កំពុង​​​ពិភាក្សា​​​អំពី​​​ភាសា​​​សញ្ញា​​​សម្រាប់​​​ថ្នាក់​​​ទី​​​៣។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ខិត​​​ខំ​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ​​​ក៏​​​ភាសាសញ្ញា​​​​​​រួម​​​នេះ​​​ទំនង​​​ជា​​​​​​ត្រូវ​​​ការ​​​ពេល​​​ច្រើន​​​ឆ្នាំ​​​ទៀត​​​ទើប​​​មនុស្ស​​​គថ្លង់​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​អាច​​​យល់​​​ដឹង​​​បាន។

យោង​​​តាម​​​អង្គការ​​​ ម៉ារីណុល បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​គថ្លង់​​​​​​​​​ទាំង​​​ស្រុង​​​មាន​​​ចំនួន​​​ប្រមាណ​​​៥១.០០០​​​នាក់​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា និង​​​អ្នក​​​ដែល​​​ពិបាក​​​ក្នុង​​​ការ​​​ស្តាប់​​​មាន​​​ចំនួន​​​​​​ប្រហែល​​​កន្លះ​​​លាន​​​នាក់​​​បន្ថែម​​​ទៀត​​​។

​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ទើប​​​តែ​​​មាន​​​សិស្ស​​​៣០០នាក់​​​ប៉ុណ្ណោះ ដែល​​​បាន​​​​​​បញ្ចប់​​​កម្មវិធី​​​សិក្សា​​​នៅ​​​អង្គការ​​​ម៉ារីណុល ខណៈ​​​ដែល​​​សិស្ស​​​គថ្លង់​​​៣២​​​នាក់​​​បាន​​​បញ្ចប់​​​ថ្នាក់​​​វិទ្យាល័យ​​​នៅ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​​​​​​​​​​​​​។ ទោះ​​​ជា​​​យ៉ាងណា​​​ ​​​នៅ​​​មាន​​​មនុស្ស​​​គថ្លង់​​​​​​រាប់​​​រយ​​​នាក់​​​បន្ថែម​​​ទៀត​​​ ដែល​​​នឹង​​​​​​បញ្ចប់​​​ការ​​​សិក្សា​​​របស់​​​ខ្លួន ឬ​​​ក៏​​​កំពុង​​​សិក្សា​​​នៅ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទាំ​​​ងនេះ​​​។

ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ទាំង​​​នោះ​​​ គឺ​​​កញ្ញា ហៀង​​​ ដាឡែន អាយុ​​​២២​​​ឆ្នាំ​​​ ដែល​​​អាច​​​ប្រើ​​​ភាសា​​​សញ្ញា​​​បង្ហាញ​​​អំពី​​​ខ្លួន​​​ឯង​​​នៅ​​​ពេល​​​នាង​​​បាន​​​ចាប់​​​ផ្តើម​​​សិក្សា​​​នៅ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​ ដែល​​​សិស្ស​​​ចាស់ៗ​​​ភាគ​​​ច្រើន​​​នៅ​​​ទី​​​នោះ​​​បាន​​​ចំណាយ​​​ពេល​​​ពាក់​​​កណ្តាល​​​ថ្ងៃ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​រៀន​​​នៅ​​​សាលា​​​រដ្ឋ​​​។

កញ្ញា​​​បាន​​​ប្រើ​​​ភាសា​​​សញ្ញា​​​​​​មក​​​រៀប​​​រាប់​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ចូល​​​រៀន​​​សាលា​​​រដ្ឋ​​​ ដំបូង​​​ឡើយ​​​​​ខ្ញុំ​​​ជួប​​​ការ​​​លំបាក​​​ជា​​​ច្រើន​​​​​​ក្នុង​​​ការ​​​ទាក់​​​ទង​​​​​​ជា​​​មួយ​​​សិស្ស​​​ដ៏ទៃ​​​ទៀត។ សិស្ស​​​ខ្លះ​​​សើច​​​ចំអក​​​ខ្ញុំ ប៉ុន្តែ ឥឡូវ​​​នេះ​​​មិត្ត​​​រួម​​​ថ្នាក់​​​របស់​​​ខ្ញុំ​​​អាច​​​យល់​​​ដឹង​​​អំពី​​​ភាសា​​​សញ្ញា​​​មួយ​​​ចំនួន​​​របស់​​​ខ្ញុំ​​​ហើយ ហើយ​​​ថែម​​​ទាំង​​​ចង់​​​រៀន​​​ភាសា​​​សញ្ញា​​​នេះ​​​ទៀត​​​ផង​​​”។

ឥឡូវ​​​នេះ​​​កញ្ញា ដាឡែន សង្ឃឹម​​​ថា នឹង​​​មាន​​​វាសនា​​​​​​​​​​​​ចូល​​​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​នៅ​​​ពេល​​​នាង​​​បញ្ចប់​​​ថ្នាក់​​​ទី​​​១២​​​ឆ្នាំ​​​ក្រោយ​​​ ដូច​​​អ្នក​​​ដែល​​​​​​បាន​​​បញ្ចប់​​​ការ​​​សិក្សា​​​មួយ​​​ចំនួន​​​នៅ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​​​​ដែរ​​​។

ហើយ​​​ដោយ​​​សារ​​​តែ​​​មាន​​​ភាព​​​គថ្លង់​​​ និង​​​ការ​​​លំបាក​​​ដោយសារ​​​តែ​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប្រព័ន្ធ​​​ភាសា​​​សញ្ញា​​​ពីរ​​​នោះ​​​ បង​​​ស្រី​​​ចំនួន​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​បងស្រី​​​ទាំងបីនាក​​​់​​​របស់​​​ ដាឡែន ក៏​​​ជា​​​មនុស្ស​​​គ​​​ថ្លង់​​​ដែរ ហើយ​​​ពេល​​​ថ្មីៗ​​​នេះ​​​បាន​​​បញ្ចប់​​​ការសិក្សា​​​នៅ​​​អង្គការ​​​ម៉ារីណុល​​​។

កញ្ញា ដាឡែន ក៏​​​ចង់​​​ជួយ​​​អ្នក​​​ផ្សេង​​​ទៀត​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​បញ្ហា​​​ដូច​​​ដែល​​​នាង​​​បាន​​​ជួប​​​នេះ​​​ដែរ។​​​នាង​​​​បាន​​​ប្រើ​​​ភាសា​​​សញ្ញា​​​មក​​​រៀបរាប់​​​នៅ​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​ថា “ខ្ញុំ​​​ចង់​​​ក្លាយ​​​​​​ជា​​​គ្រូបង្រៀន​​​របស់​​​ក្មេង​​​ៗគ​​​ថ្លង់ ខ្ញុំ​​​ចង់​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នេះ​​​”៕ ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស