នៅក្នុងការតវ៉ាដ៏ធំបំផុតនៅទីលានប្រជធិបតេយ្យក្នុងរាជធានីភ្នំពេញ ចាប់តាំងពីទីលាននេះត្រូវបានបើកឡើងវិញដល់សាធារណជនកាលពីខែសីហាមក អ្នកតវ៉ាជាតិនិយមប្រហែល១០០នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីរាំច្រៀង និងបញ្ចេញមតិខ្លាំងៗអំពាវនាវឲ្យរដ្ឋាភិបាលការពារទឹកដីកម្ពុជា និងទប់ស្កាត់រំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា។
សហគមន៍ខ្មែរកម្ពុជាក្រោមបានដឹកនាំការតវ៉ាជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទាមទារឲ្យស្ថានទូតវៀតណាមសូមទោសចំពោះការអត្ថាធិប្បាយពីសំណាក់អ្នកការទូតម្នាក់កាលពីថ្ងៃទី៦ ខែមិថុនា ដែលអះអាងថា កម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាមយូរមកហើយ មុនពេលបារាំងបានប្រគល់ទឹកដីនេះទៅឲ្យប្រទោសនោះកាលពីឆ្នាំ១៩៤៩។ ក្រុមនោះបានលើកឡើងថា ប្រទេសកម្ពុជាមិនដែលបោះបង់ការគ្រប់គ្រងតំបន់នោះឡើយ។
ដោយអង្គុយនៅក្រោមកៅស៊ូតង់ពណ៌លឿងលាយខៀវ និងមានទង់ជាតិខ្មែរក្រោមពណ៌លឿងនិងក្រហម កាលពីថ្ងៃសៅរ៍ អ្នកចូលរួមបានស្ដាប់វាគ្មិនមួយចំនួន និងអ្នកច្រៀង ដែលបានឡើងលើវេទិកាជំរុញឲ្យរដ្ឋាភិបាលធានាថា មួយផ្នែកនៃទឹកដីកម្ពុជាបច្ចុប្បន្នមិនត្រូវឲ្យបាត់បង់តាមវិធីដូចគ្នា ដែលកម្ពុជាក្រោមបានបាត់បង់ឡើយ។
លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស និងជាសមាជិកឈានមុខនៃសហគមន៍ខ្មែរក្រោមបានថ្លែងទៅកាន់ក្រុមមនុស្សថា ការងារបច្ចុប្បន្ន និងនិន្នាការអន្តោប្រវេសន៍នៅក្នុងប្រទេសបានធ្វើឲ្យប្រទេសងាយរងគ្រោះដោយការកេងប្រវ័ញ្ចពីសំណាក់ប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា ” សព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំឲ្យ [ប្រជាជនវៀតណាម] រកស៊ីនៅទីនេះ ហើយពួកគេដណ្ដើមការងាររបស់ខ្មែរយើង ចំណែកឯពលរដ្ឋខ្មែររបស់យើងសម្រុកទៅប្រទេសថៃ ហើយយុទ្ធសាស្ត្រនេះបានចាប់ផ្ដើមក្នុងសតវត្សរ៍ទី១៧”។
លោក សុក សំអឿន មេធាវីសិទ្ធិមនុស្សដ៏ឆ្នើមមួយរូបបានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍ដែលមានស្រាប់ ហាក់ដូចជាយឺតពេល ប៉ុន្តែនៅតែអាចជួយទប់ស្កាត់ការភ័យខ្លាចដ៏ធំបំផុតរបស់អ្នកតវ៉ា គឺការធ្វើអន្តោប្រវេសន៍ដ៏ច្រើន ដែលបណ្តាលឲ្យមានការបាត់បង់ទឹកដីទៅប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ថា “យើងមានច្បាប់អន្តោប្រវេសន៍។ ប្រសិនបើយើងអនុវត្តវាឲ្យបានត្រឹមត្រូវ វានឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយអនុញ្ញាតឲ្យមានការគ្រប់គ្រងលើជនបរទេស និងបង្កើនប្រាក់ចំណូល។ ប្រសិនបើពួកគេរស់នៅខុសច្បាប់ ត្រូវបញ្ជូនពួកគេត្រឡប់ទៅវិញ ឬផាកពិន័យ”។
ការធ្វើបាតុកម្មមុនៗនៅឆ្នាំនេះ ដែលដឹកនាំដោយសហគមន៍ខ្មែរកម្ពុជាក្រោមនៅខាងក្រៅស្ថានទូតវៀតណាម កាលពីថ្ងៃទី១២ ខែសីហា អ្នកតវ៉ាទាំងនោះបានធ្វើឲ្យមានកំហឹងដល់ក្រសួងការបរទេសវៀតណាមចំពោះការដុតទង់ជាតិវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមនេះនឹងធ្វើបាតុកម្មថ្មីៗទៀតនៅដើមខែក្រោយ ប្រសិនបើពួកគេមិនទទួលបានការសុំទោសពីស្ថានទូតវៀតណាម ចំពោះការអត្ថាធិប្បាយកាលពីថ្ងៃទី៦ ខែមិថុនាទេនោះ។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ” យើងនឹងធ្វើការតវ៉ាពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា។ យើងនឹងប្រើអំណាចប្រជាពលរដ្ឋតាមរយៈរដ្ឋសភាអំពាវនាវឲ្យក្រសួងការបរទេសរបស់យើងដោះស្រាយបញ្ហានេះ ហើយយើងនឹងស្នើឲ្យលោកនាយករដ្ឋមន្ត្រីកាត់ផ្ដាច់ទំនាក់ទំនងជាមួយ [វៀតណាម] បណ្ដោះអាសន្នរហូតដល់មានការសុំទោស” ៕ សារុន