ប័ណ្ណសារ

តុលាការ​នឹង​កោះ​ហៅ​លោក អាត់​ ធន់​ មក​សាកសួរនៅ​សប្តាហ៍ក្រោយ

By

September 08, 2014

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​កោះហៅ​​លោក អាត់ ធន់ មេដឹកនាំ​សហជីព​មក​សាកសួរ​ពាក់ព័ន្ធករណីជាច្រើន​នៅ​សប្ដាហ៍​ក្រោយ​នេះ​។

គិត​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ តុលាការ​បាន​កោះ​ហៅ​ប្រធាន​សហជីព​ឯករាជ្យ​ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ​មក​សាក​សួរ​​បី​លើកហើយ ជុំវិញ​ករណី​ដាច់​ដោយ​ឡែក​ពីគ្នា​ចំនួនបី ដែល​​នៅ​ក្នុង​នោះ​​លោក អាត់ ធន់ ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​កិប​កេង​ប្រាក់ រហូត​ដល់​​ប្រព្រឹត្ត​សកម្ម​ភាព​ហិង្សា​មាន​​ស្ថាន​ទម្ងន់​ទោស​។

លោក​ អាត់ ធន់ បាន​អះអាង​ថា លោក​គ្មាន​កំហុសទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទំាង​នោះ​ហើយ​បាន​ចោទ​ប្រកាន់​តុលាការ​ថា គ្រាន់​តែ​ព្យាយាម​​ធ្វើ​មក​លើ​​​រូប​លោក​អំឡុង​ពេល​​​ការ​ចរចា​អំពី​ប្រាក់​ខែ​ក្នុង​វិស័យ​កាត់​ដេរ​តែប៉ុណ្ណោះ។

ដីកា​កោះហៅ​ដែល​​ចុះ​ហត្ថ​លេខា​ដោយ​ចៅក្រម​ស៊ើបសួរ​ ជា សុខហេង កាល​ពី​ចុង​ខែ​មុន​​អញ្ជើញ​លោក គឹម សុជាតិ មេធាវី​របស់​លោក អាត់ ធន់ ឲ្យ​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ១៦ និង​១៨ ខែ​កញ្ញា។

នៅ​ក្នុង​ករណី​ទាំង​នោះ លោក អាត់ ធន់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​លុយ​ចំនួន​៩៣.០០០ដុល្លារ​ក្នុង​ចំណោម​លុយពាក់ព័ន្ធ​​វិវាទ​ការ​ងារ​​ឆ្នាំ​២០១៣ ញុះញង់​ក្រុម​អ្នក​តវ៉ា​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​កញ្ញា និង​ប្រព្រឹត្ត​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អំឡុង​ការ​តវ៉ា​ទូទាំង​ប្រទេស​កាលពី​ខែ​មករា។

លោក សុជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ដីកា​កោះហៅ​ទាំង​បី​នោះ​ហើយ​កាលពី​ថ្ងៃ​សុក្រ ហើយ​លោក​នឹង​ចូល​រួម​។ លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​នឹង​ទៅ​ចូល​រួម​ដែរ។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​នឹង​ទៅ​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ករណី​ទាំង​បី​នោះ បើទោះ​ណា​ជា​យើង​ជាប់​រវល់​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ដល់​១៧៧​ដុល្លារ​ក៏ដោយ”។

សហជីព​ រោងចក្រ​ និង​រដ្ឋាភិបាល​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ចរចា​របស់​ខ្លួន​ជុំវិញ​គម្រោង​ដំឡើង​ប្រាក់​ខែ​គោល​ ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួនត្រឹមតែ​១០០​ដុល្លារ​។ ការ​បោះ​ឆ្នោត​ចុង​ក្រោយ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​តុលា។ រដ្ឋាភិបាល​ និង​រោងចក្រ​ចង់​ដំឡើង​ប្រាក់​ខែ​តែ​១០​ដុល្លារ​ប៉ុណ្ណោះ។ សហជីព​ទាម​ទារ​ដល់​១៧៧​ដុល្លារ​ ប៉ុន្តែ​បាន​លើក​ឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ពួកគេ​ត្រៀម​ទាម​ទារ​តិច​បំផុត១៥០​ដុល្លារ​។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍ថា ដីកា​កោះហៅ​ទាំង​នោះ ” គឺ​​ដើម្បី​រារាំង​ពួក​យើង​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​ ឬ​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ប្រាក់​ខែ​១៧៧​ដុល្លារ​សម្រាប់​កម្មករ ខណៈ​ដែល​យើង​ពិភាក្សា​ពី​ប្រាក់​ខែ​គោល​”។

ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា សហជីព​នឹង​បន្ត​​យុទ្ធនាការ​​របស់​ខ្លួនដដែលដោយ​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​ ដែល​មាន​ការ​ចែក​ខិត្តប័ណ្ណ​ជូន​ដំណឹង​ដល់​កម្មករ​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ការ​ងារ​របស់​ខ្លួន និង​មានពាក់​អាវ​យឺត​ពណ៌បៃតង​ខ្ចី ដែល​មានសរសេរពីការ​ទាម​ទារ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ​។

លោក អាត់ ធន់ ប្រហែល​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​តុលាការ ប៉ុន្តែ​លោក​មិន​មែន​ត្រឹម​តែជា​​មេដឹកនាំ​សហជីព​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ប្ដឹង​ជុំវិញ​​ការ​តវ៉ា​ក្នុង​វិស័យ​កាត់​ដេរ​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ​។

កាលពី​សប្ដាហ៍​មុន សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ចាប់​ផ្ដើម​ចេញ​ដីកា​កោះហៅ​លោក អាត់ ធន់ និង​មនុស្ស​ប្រាំមួយ​នាក់​ទៀត ​រួម​មានមេដឹកនាំ​សហជីព​យ៉ាងតិច​បួន​នាក់បន្ទាប់​ពី​ចោទ​ប្រកាន់​ពួកគេ​កាលពី​ពេល​ថ្មីៗ​ពីបទ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ខែ​មករា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ការ​ចោទ​ប្រកាន់​ថ្មីៗ​ប្រឆាំង​អ្នក​ទាំង​ប្រាំពីរ​នាក់​ថា ជា​ហេតុផល​នយោបាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សេចក្ដី​ថ្លែង​ការណ៍​មួយត្រូវបាន​​ធ្វើ​ឡើង​នៅ​ថ្ងៃ​បន្ទាប់​ ដោយ​មាន​ការ​រិះគន់​ស្រដៀង​គ្នា​ពីសម្ពន្ធភាព​ Asian Floor Wage Alliance ដែល​ចាត់ទុក​សហជីព​របស់​​លោក អាត់ ធន់ ថា​ជា​សមាជិក​មួយ​។

សម្ពន្ធ​ភាព​នេះ​បាន​លើក​ឡើង​ថា ” យើង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទោស​ព្រហ្មទណ្ឌទៅ​លើ​សកម្ម​ភាព​ស្រប​ច្បាប់​របស់​សហជីព​ ដែល​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​រួញរា​មិន​ហ៊ាន​បន្ត​ការ​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។

សម្ពន្ធ​ភាព​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ​ និង​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​យីហោ​អន្តរជាតិ​ទិញ​សម្លៀក​បំពាក់​​ពី​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ការ​ទាមទារ​ប្រាក់​ខែ​របស់​សហជីព​។

សម្ពន្ធ​ភាព​នេះ​បាន​បន្ថែម​ទៀត​ថា ” ពួកគេ [ក្រុម​ហ៊ុន​យីហោ​ទាំង​នោះ​] ត្រូវ​តែ​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​​របស់​ខ្លួន​ តាមរយៈការ​មានភាគហ៊ុន​នៅ​ក្នុង​សង្វាក់​ផ្គត់​ផ្គង់របស់ខ្លួន​​ ដើម្បី​ឲ្យ​កម្មករ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាចទទួល​បាន​ប្រាក់​ខែ​សមរម្យ​”៕ សារុន​​​​​​​​​​​