32 C
Phnom Penh

តុលាការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​យុវជន​គណបក្ស​ប្រឆាំង​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិបី​នាក់​ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​កុប​កម្ម​​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ដ៏ហិង្សា​នៅ​ជិត​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា ត្រូវ​បាន​កោះ​ហៅ​ឲ្យបង្ហាញខ្លួន​នៅ​​តុលាការ​នៅ​ដើម​ខែ​ក្រោយ​នេះ​។

ដីកា​កោះ​ហៅ​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​សាក​សួរ កែវ មុនី កោះហៅ​លោក ឃិន ជំរឿន ប្រធាន​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី១ ខែ​តុលា ” ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់” ដែល​ក៏រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ផង​ដែរ។

ដីកា​កោះ​របស់​តុលាការ​មាន​ខ្លឹម​សារ​ថា ” សូម​យក​មក​ជាមួយ​នូវ​ឯកសារ​​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នោះ​ប្រសិន​បើ​មាន​”។

លោក នាង សុឃុន មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ខណ្ឌ​ទួល​គោក​បាន​និយាយ​ថា លោក​ និង​ លោក សាន គឹមហេង សកម្មជន​គណបក្ស​វ័យ​ក្មេង​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី២ ខែ​តុលា និង​ថ្ងៃ​ទី​៣០ ខែ​សីហា បន្ត​បន្ទាប់​គ្នាផងដែរ​។

ក្រុម​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​សរុប​១១​នាក់​ត្រូវ​បានផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​ និង​ត្រូវ​បាន​ដោះ​លែង​វិញ​ចាប់​តាំង​​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​តប​ត​ដោយ​ហិង្សា​​ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បំបែក​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដើម្បី​បើក​ទីលាន​ប្រជា​ធិបតេយ្យ ដែល​នៅពេល​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា។ យ៉ាង​ហោច​ណាស់​សន្តិសុខ​ពីរ​នាក់​រង​របួសធ្ងន់។

សមាជិក​​សភា​គណបក្ស​ប្រឆាំង​ប្រាំពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួននិង​ឃុំខ្លួន​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា ហើយ​ត្រូវ​បាន​ដោះ​លែងវិញ​ឲ្យ​នៅ​ក្រៅឃុំ​​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​។

មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​​ពន្ធ​នាគារ​​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ហើយ​ត្រូវ​​បាន​ដោះ​លែង​វិញ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា។

រហូត​មក​ទល់​ពេល​នេះ​ មន្ត្រី​តុលាការ​មិន​បាន​ផ្ដល់​ការ​ពន្យល់​ថា តើ​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ផ្លូវ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​អាច​ជា​ផ្នែក​មួយ​នៃ​ ” កុបកម្ម​” ឬដូច​ម្ដេច​ឡើយ​។ សមាជិក​សភា​ដែល​​បាន​ចូល​រួម​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម ជា​បទ​ឧក្រិដ្ឋ​ដែល​មានទោស​ជាប់​ពន្ធនាគារ​ពី​២០​ទៅ​៣០​ឆ្នាំ ចំណែក​ក្រុមសកម្មជន​យុវជន​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​កុបកម្ម​ ដែល​មានទោស​​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ទៅ​១៥​ឆ្នាំ។

លោក សុឃុន បាន​និយាយ​ថា ដីកា​កោះ​ថ្មីបំផុតរបស់​តុលាការ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការបន្ត​កិច្ច​ខិត​​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​ទៅ​លើ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​។

លោក​បាន​និយាយ​ថា ” អ្នក​នយោបាយ​ ទាំងនោះប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​បំបាក់​ស្មារតី​យុវជន ពីព្រោះ​ពួកគេ​បាន​ឃើញ​យុវជន​ជា​ច្រើន​ក្រោក​ឈរ​ឡើង​តវ៉ា​ទាម​ទារ​សិទ្ធិ​របស់​ខ្លួន។ ប៉ុន្តែ​យើង​មិន​ខ្លាច​តុលាការ​ឡើយ ហើយ​យើង​នឹង​បន្ត​ទាម​ទារ​សិទ្ធិ​របស់​យើង​ដើម្បី​គាំទ្រ​ដល​់​អ្នក​ដទៃ​ទៀត​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស