33 C
Phnom Penh

អាជ្ញាធរ​ស្វែងរក​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ដែល​បាញ់​ប្រហារអ្នកភូមិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងរាជ​អាវុធហត្ថ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យដឹង​ថា ពួកគេ​កំពុង​ស្វែង​រក​សន្តិសុខ​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុនកៅស៊ូ​ក្នុង​ស្រុក ដែល​ត្រូវបាន​ចោទ​ថា​ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​៣​នាក់់​រង​របួស​កាលពី​ថ្ងៃសៅរ៍ ពេល​ដែល​ជន​នេះ​បាន​បាញ់​ភ្ជុចដី​ធ្វើ​ឲ្យ​ខ្ទាត​ថ្ម​រងរបួសអ្នក​ភូមិ​ទាំង​នោះ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចោទសួរ​អំពី​ការ​ប្រើ​សន្តិសុខ​ប្រដាប់​អាវុធដោយ​ក្រុមហ៊ុន​នេះ។​​​

លោក ព្រំ សាវេន មេ​បញ្ជា​ការកងរាជអាវុធហត្ថ​ស្រុកពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មួយ​ក្រុម​បាន​វង្វេង​ក្នុង​ចម្ការ​មួយ​របស់ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ​ ពេល​នោះ​ស្រាប់តែសន្តិសុខ​ម្នាក់​ដែល​ល្បាត​ចម្ការ​ បាន​បាញ់​សំដៅ​ពួកគាត់ ហើយគ្រាប់កាំភ្លើង​ដែល​ខ្ទាត​ពី​ដីត្រូវឈ្មោះ តឹក ងៀម អាយុ​២៨​ឆ្នាំ។

លោក សាវេន មាន​ប្រសាសន៍​ថា អ្នកភូមិ​២​នាក់​ផ្សេងទៀត​បាន​រង​របួស​មុខ​​របស់គាត់​ដោយសារ​កម្ទេច​ថ្ម ហើយ​ក្រុម​មន្ត្រី​របស់​លោកកំពុង​ស្វែង​រក​ចាប់​អ្នក​បាញ់ ដែល​ប្រហែល​ជា​បាន​ភៀស​ខ្លួន​ចេញពី​ខេត្ត​នេះ​ទៅ​ហើយ។

លោក មាន​ប្រសាសន៍​ថា “យើង​គិតថា [គាត់ជា] សន្តិសុខ​ក្រុមហ៊ុន​នេះ ពីព្រោះ​សន្តិសុខ​ម្នាក់​ក្នុង​ចំណោម​សន្តិសុខ​៥​នាក់​របស់​ក្រុមហ៊ុន បាន​រត់​បាត់​ហើយ។ យើង​ទទួល​បាន​ព័ត៌មាន​ថា ជន​សង្ស័យ​រូប​នេះ​បាន​ភៀស​ខ្លួន​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ជាមួយ​គ្រួសារ​របស់​គាត់​នៅ​ទី​នោះ”។

ទាក់ទងទៅ​មន្ទីរ​ពេទ្យ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ លោក ងៀម កំពុង​នៅ​រង់ចាំ​វេជ្ជ​បណ្ឌិត​វះ​យក​ក្បាល​គ្រាប់​ចេញ​ពី​ត្រគាក​ស្តាប់​របស់គាត់។ គាត់​បាន​និយាយ​ថា អ្នក​ភូមិ​៧​អ្នក​ផ្សេង​ទៀត​បាន​ចូល​ទៅ​ក្នុង​ព្រៃ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ដើម្បី​មើល​អន្ទាក់​សត្វ ពេលនោះ​ពួកគេ​បាន​ជួប​បុរស​ប្រដាប់​អាវុធ​៣​នាក់ ម្នាក់ៗ​ស្លៀកពាក់ឯកសណ្ឋានជាទាហានប៉ារ៉ានិង​កាន់​កាំភ្លើង​អាកា-៤៧​គ្រប់ដៃ ដែល​បាន​រាំង​ផ្លូវ​ពួកគាត់ ហើយ​បាន​បញ្ជា​ពួកគាត់​ឲ្យ​ត្រឡប់​ក្រោយ​វិញ។

លោក ងៀម បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ដាក់​អន្ទាក់​បាន​យល់​ព្រម ហើយ​បាន​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ​ហើយ ស្រាប់តែ​ពេលនោះ សន្តិសុខ​ម្នាក់​បាន​បាញ់។

លោក ងៀម មាន​ប្រសាសន៍​ថា “ម្នាក់​ក្នុង​ចំណោម​សន្តិសុខ​៣​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន បាន​បាញ់​ភ្ជុច​ដី​មួយ​គ្រាប់​ពី​ក្រោយ​យើង ហើយ​គ្រាប់​នោះ​បាន​ខ្ទាត​ចេញ​ពី​ថ្ម​ត្រូវ​ចំ​ត្រគាក​ស្តាំ​របស់​ខ្ញុំ។ ដំបូង​ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ត្រូវ​របួស​ទេ។ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង ពេលដែល​ឈាម​ហូរ​ចេញ ដែល​ពេល​នោះ​ខ្ញុំ​ដើរ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ទៅ​ហើយ”។

លោក យឿត សារិន មេឃុំ​ប៊ូស្រា ទីដែល​អ្នក​ភូមិ​រង​របួស​ទាំង​នោះ​រស់​នៅ បាន​មាន​ប្រសាសន៍​ថា កាលពី​ពីរបី​សប្តាហ៍​មុន​នេះ លោក​បាន​ទទួល​បណ្តឹង​ជាច្រើន ថា​សន្តិសុខ​ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ​ បាន​គំរាម​សម្លាប់​ប្រជាជនណា​ដែល​ចូល​ព្រៃ​នេះ។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិតថា ការបាញ់​នេះបាន[ធ្វើ] ឡើងដើម្បី​គំរាម​អ្នក​ភូមិ កុំ​ឲ្យ​ពួកគាត់​ចូល​ព្រៃ​នោះ”។

លោក ងៀម ​មាន​ប្រសាសន៍​ថា ការ​បាញ់​កាលពី​ថ្ងៃ​សៅរ៍​បាន​កើតឡើង​ក្នុង​តំបន់​មួយ ដែល​ត្រូវ​គេ​ចាត់​ទុកជាយូរ​មកហើយ​ថា ជា​ព្រៃ​សហគមន៍ ហើយ​លោក​មិន​យល់ ថាហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​កៅស៊ូ​នេះ​ទាមទារ​កាន់កាប់​ដី​នេះទៅ​វិញ។

ប៉ុន្តែ​យោងតាម​លោក អេង ប៊ុនហៀង ជា​អភិបាល​ខេត្តមណ្ឌគិរី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ចម្ការកៅស៊ូខ្មែរ​ ទទួល​បាន​ដី​សម្បទាន​៨.០០០​ហិកតា​កាលពី​ឆ្នាំ​២០១២​ក្នុង​តំបន់​នោះ ដោយ​រាប់​ទាំង​កន្លែង​ដែល​មាន​ការ​បាញ់នោះ​ផង ហើយ​ថ្មី​នេះៗ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ជួល​សន្តិសុខ​៥​នាក់។

លោក ប៊ុនហៀង បាន​មាន​ប្រសាសន៍​ថា “ក្នុង​ពេលថ្មីៗ​នេះ យើង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រើ​សន្តិសុខ​៥​នាក់ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ស្នើសុំ [ពួកគេ] ប៉ុន្តែ យើង​មិន​ដឹងថា គេ​បាន​សន្តិសុខ​ទាំង​នោះ​មក​ពី​ណា​ទេ”។

លោក ប៊ុនហៀង មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នេះ​បារម្ភ​អំពី​អ្នក​ភូមិ​ដែល​ដើរ​ចូល​ក្នុង​ដី​និង​កាប់​ឈើ​របស់​ក្រុមហ៊ុន”។ លោក​បាន​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏ដោយ សន្តិសុខ​ទាំង​នោះ​ជា​អ្នក​ខុស ដែល​បាន​ប្រើ​អាវុធ​របស់​ខ្លួន។

ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ជា​ញឹកញាប់​ចំពោះ​ការ​ប្រើ​សន្តិសុខ​ប្រដាប់​អាវុធ និង​សូម្បីតែនគរបាល​និង​យោធា​ក៏ដោយ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ការពារ​ដី​មាន​ទំនាស់។ ជាច្រើន​លើក​ច្រើនសា​មកហើយ សន្តិសុខ​ប្រដាប់​អាវុធបាន​បាញ់​ក្រុម​អ្នក​ភូមិ​ដែល​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ដែល​ជួលពួកគេ​ឲ្យ​ការពារ។

ទោះជាយ៉ាងនេះ​ក្តី ក៏​លោក ស្វាយ សំអៀង អភិបាល​រង​ខេត្ត​មណ្ឌល​គិរី​បាន​ការពារ​ការ​ជួល​កម្លាំង​ប្រដាប់​អាវុធរបស់​រដ្ឋាភិបាល។

លោក សំអៀង មាន​ប្រសាសន៍​ថា “ក្រុមហ៊ុន​នីមួយៗ​អាច​ស្នើសុំ​កម្លាំង​មកពី​នគរបាល ឬយោធា​ខេត្ត”។

លោក​បាន​បន្ថែម​ថា “មាន​តែ​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ​អាច​ប្រើ​អាវុធ​ដោយ​ស្រប​ច្បាប់​បាន ចំពោះ​ជន​ស៊ីវិល​មិន​អាច​ប្រើ​បាន​ទេ”។ ក្នុង​ពេល​ដែល​​លោក​មិន​បាន​ដឹងថា ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ​ បាន​ជ្រើសរើស​សន្តិសុខ​របស់​ខ្លួន​មកពី​ណា​នោះ លោក​ជឿជាក់​ថា វា​មក​ពីក្រៅ​ខេត្ត​មណ្ឌលគិរី៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស