អ្នកភូមិប្រហែល៥០នាក់ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានតវ៉ានៅក្រៅវត្តក្នុងមូលដ្ឋានរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីទាមទារឲ្យអាជ្ញាធរចាត់វិធានការចំពោះក្រុមហ៊ុនដែលបូមខ្សាច់ខុសច្បាប់ពីបាតទន្លេ។
លោកស្រី យឹម ស៊ីម៉ន ចៅសង្កាត់វាលស្បូវបានមានប្រសាសន៍ថា មួយខែមុននេះ អ្នកស្រុកសង្កាត់វាលស្បូវភ្ញាក់ទាំងកណ្តាលអាធ្រាត្រដោយសារសំឡេងលាន់រំពងខ្លាំងពីទូកបូមខ្សាច់។
លោកស្រី ស៊ីម៉ន បានមានប្រសាសន៍ថា រាល់យប់ ទូក៣គ្រឿងទៅ៥គ្រឿងបានលួចចូលក្នុងទន្លេ ហើយចាប់ផ្តើមកាយយកខ្សាច់ ហើយបើកចេញទៅវិញនៅពេលថ្ងៃជិតរះ។
លោកស្រី ស៊ីម៉ន បានមានប្រសាសន៍ថា “នេះជាលើកទី២ហើយ ដែលប្រជាជនបានតវ៉ាប្រឆាំងការបូបខ្សាច់ក្នុងតំបន់នេះ ពីព្រោះពួកគាត់បារម្ភថា ការបាក់ច្រាំងទន្លេនឹងប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ជាមិនខាន”។
លោកស្រីបានបន្ថែមថា “សំឡេងក៏រំខានដល់ការដេកពួនរបស់ពួកគាត់ដែរ”។
៉កាលពីពេលមុននេះ អាជ្ញាធរខណ្ឌបានមកប្រាប់ពួកគេកុំឲ្យបូមខ្សាច់នៅទីនេះ ប៉ុន្តែ បន្ទាប់ពីមួយយប់ ឬពីរយប់ ពួកគេមកវិញទៀត។ ពួកគេហាក់ដូចជាមិនខ្លាចច្បាប់សោះ”។
លោក អៀង ស៊ីផាន អភិបាលខណ្ឌ បានមានប្រសាសន៍ថា បន្ទាប់ពីការតវ៉ារបស់អ្នកភូមិកាលពីម្សិលមិញ លោកបានណែនាំនគរបាលមូលដ្ឋានឲ្យកោះហៅមេការ និងអ្នកបូមខ្សាច់៣នាក់ ដែលទទួលខុសត្រូវចំពោះការបូមខ្សាច់ខុសច្បាប់នេះ។
លោកមានប្រសាសន៍ថា ៉យើងបានហៅពួកគេមកព្រមាន ហើយឲ្យពួកគេយល់ព្រមថា បើសិនកើតឡើងជាថ្មីទៀត យើងនឹងចាត់វិធានការម៉ឹងម៉ាត់” តែលោកមិនបានប្រាប់ឈ្មោះអ្នកដែលត្រូវបានគេកោះហៅមកសួរទាំងនោះទេ។
លោក ស៊ីផាន ក៏បានមានប្រសាសន៍ដែរថា លោកមិនបានស្គាល់ឈ្មោះក្រុមហ៊ុន ដែលជួលអ្នកទាំង៤នាក់នេះទេ។
លោក ណេត ស៊ីធន អធិការនគរបាលខណ្ឌ បានបដិសេធមិនធ្វើអធិប្បាយឡើយ។
លោក ឡង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា គ្មានក្រុមហ៊ុនណាដែលចុះបញ្ជីនៅភ្នំពេញ ទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់ឡើយ។
លោក ឌីម៉ង់ មានប្រសាសន៍ថា “មិនមានអាជ្ញាប័ណ្ណបូមខ្សាច់ [សម្រាប់ក្រុមហ៊ុន] ក្នុងរាជធានីទេ ប៉ុន្តែអាចមាន [ទូក] មួយចំនួនមកពីក្រៅ”។ លោកបានបន្ថែមថា លោកក៏មិនបានស្គាល់ឈ្មោះក្រុមហ៊ុន ដែលទទួលខុសត្រូវការបូមខ្សាច់នៅច្បារអំពៅដែរ៕មានិត