38 C
Phnom Penh

មេខ្យល់​ជាច្រើន​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​ពេល​ឆ្លង​ព្រំដែន​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​បុរស​២​នាក់ ពី​បទ​នាំ​មនុស្ស​ឆ្លងដែន​កាលពី​ម្សិលមិញ បន្ទាប់ពី​នគរបាល​ព្រំដែន​បានចាប់​ពួកគេ នៅ​ពេល​ព្យាយាមបញ្ជូន​ពលករ​ចំណាក​ស្រុក​២៣​នាក់​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ។​​​

នគរបាល​ព្រំដែន​ខេត្ត​បាន​ឃាត់​ខ្លួន​ពួកមេខ្យល់​និង​ពលករ​ដែល​ព្យាយាម​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់ ហើយ​បាន​ប្រគល់​ពួកគេ​ទៅ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ដែល​បាន​សាកសួរ​អ្នកទាំង​នោះ​កាលពី​ចុង​សប្តាហ៍នេះ និង​បាន​បញ្ជូន​ពួកគេ​បន្ត​ទៅ​តុលាការ។

លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​ពួកគេ​ហើយ ហើយ​ឥឡូវ​នេះ ពួកគេ​កំពុង​ត្រូវ​ចៅក្រមសាកសួរ​​”។

ប្រសិនបើ​ត្រូវ​កាត់​ឲ្យ​ជាប់ទោស​នោះ អ៊ុក ពេជ្រ អាយុ​១៨​ឆ្នាំ និង រ៉េត រ័ត្ន អាយុ​២៥​ឆ្នាំ ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​ទៅ១៥​ឆ្នាំ។

លោក សុខ ម៉ាលី ប្រធាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត បាន​មាន​ប្រសាសន៍​ថា ពលករ​ចំណាក​ស្រុក​ម្នាក់ៗ បាន​បង់​ប្រាក់​៥០​ដុល្លារ​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​នាំ​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ។

លោក ម៉ាលី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ថ្ងៃនេះ តុលាការ​កំពុង​សាកសួរ​មេខ្យល់​ទាំងពីរ​នាក់​នៅ​ឡើយ ហើយ​ពលករ​ទាំងអស់នឹង​ត្រូវ​នាំ​ទៅ​ស្រុក​វិញ​នៅ​ថ្ងៃ​ស្អែក។ យើង​មិន​បាន​ចាប់​ខ្លួន​ពួកគាត់ [ពលករ] ទេ ពីព្រោះ​ពួកគាត់​ជា​ជនរងគ្រោះ”។

លោក ម៉ាលី មាន​ប្រសាសន៍​ថា ប្រាក់​៥០​ដុល្លារ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ពលករ​វិញ ហើយ​ថា​នគរបាល​ឥឡូវ​នេះ​កំពុង​ស្វែងរក​មេខ្យល់​២​នាក់​ទៀត។ លោក​បាន​បន្ថែម​ថា “ពលករ​បាន​ប្រាប់​យើង​ថា ពួកគាត់​មកពី​គ្រួសារ​ក្រីក្រ និង​មិន​ចេះអាន​អក្សរ​ខ្មែរ​​ទេ។ ពួកគាត់​ធ្វើ​តាម​មេខ្យល់​ទាំងនោះ ហើយសង្ឃឹម​ថា នឹង​រក​បាន​ការងារ​ល្អ​ធ្វើ​នៅ​ប្រទេស​ថៃ”។

ក្នុង​ករណី​ដោយឡែក​មួយ​ទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​សៅរ៍ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ឲ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​១៣​នាក់​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក ដោយ​អះអាង​ថា ពួកគាត់​ត្រូវ​បាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​បោកប្រាស់។

សេចក្តី​ជូនដំណឹង​បាន​ឲ្យ​ដឹង​ថា “ថ្មីៗនេះ ពលករ១៣​នាក់ (ប្រុស​៨​នាក់ និង​ស្ត្រី​៥​នាក់) បាន​មក​ស្ថានទូត​កម្ពុជា​សុំ​អន្តរាគមន៍ បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​បោះបង់ចោល​ដោយ​ដៃគូ​របស់​ក្រុមហ៊ុន A.P.T.S.E & C (Cambodia) មានមូលដ្ឋាន​នៅ​ប្រទេស​ថៃ។ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​បាន​បង់​ប្រាក់​ឲ្យ​សាខា APTSE & C (Cambodia) ក្នុង​រាជធានី​ភ្នំពេញ ពី​៣៥០​ដុល្លារ​ដល់​៥៥០​ដុល្លារ​ក្នុង​ម្នាក់ៗ”។

សេចក្តី​ជូនដំណឹង​មិន​បាន​បញ្ជាក់​ថា ពលករ​ទាំងនោះ​បាន​បង់ប្រាក់​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ពេលណា ឬពួកគាត់​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ពេលណា​នោះ​ទេ។

សេចក្តីជូន​ដំណឹង​បាន​បន្ត​ទៀត​ថា “ស្ថានទូត​បាន​ជួយ​រក​ការងារ​ឲ្យ​ពលករ​ខ្មែរ​១១​នាក់ [ប្រុស​៨​នាក់​និង​ស្រី​៣នាក់]។ ស្ត្រី​ពលករ​២​នាក់​ផ្សេងទៀត​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ហើយ ក្រុមហ៊ុន A.P.T.S.E & C បាន​សង​ប្រាក់​ពួកគាត់​វិញ​១០០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ នៅ​ពេល​ពួកគាត់​មក​ដល់​ភ្នំពេញ”។

ក្រុមហ៊ុន A.P.T.S.E & C ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ចំនួន៥០​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​កាលពី​ខែ​មិថុនា ដើម្បី​ជួយ​ពលករ​ឲ្យ​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ប្រហែល​២៥០.០០០​នាក់​បាន​រត់ភៀស​ខ្លួន​ចេញពី​របប​យោធា​ថៃ​កាលពី​ដើមខែ​នោះ ក្នុង​ពេលមាន​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់។

ក្រុមហ៊ុន A.P.T.S.E & C ក៏​ត្រូវ​បាន​គេចោទ​ថា បាន​បោក​ពលករ​១៨៧​នាក់​ យក​ប្រាក់​២៦០​ដុល្លារ​​ម្នាក់ៗ​កាលពី​ខែ​សីហា​ដែរ។

លោក សេង សិទ្ធិជ័យ នាយក​ក្រុមហ៊ុន​នេះ កាលពី​ម្សិលមិញ​បាន​បដិសេធថា ខ្លួន​មិន​បាន​យក​លុយ​ពី​ពលករ​១៣​នាក់​នោះ​ដល់ទៅ​៥៥០​ដុល្លារ​នោះ​ទេ។

“ពលករ​ទាំង​នោះ​បាន​បាត់បង់​ការងារ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ហើយ​បន្ទាប់​មក​បានសំុ​​អន្តរាគមន៍​ពី​ស្ថានទូត និង​អ្នកកាសែត ដោយ​ចោទ​ក្រុមហ៊ុន​របស់​យើង ថា​បោក​ប្រាស់ពួកគេ​ទៅ​វិញ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស