យោងតាមការលើកឡើងពីសាច់ញាតិជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលឃុំម្នាក់ក្នុងខេត្តតាកែវ ដែលបានរត់គេចខ្លួន បន្ទាប់ពីត្រូវសមត្ថកិច្ចចុចឈ្មោះថា ជាជនសង្ស័យដ៏សំខាន់នៅក្នុងសំណុំរឿងសម្លាប់ស្ត្រីខារ៉ាអូខេម្នាក់កាលពីខែមីនា បានវិលត្រឡប់ទៅផ្ទះវិញហើយ ហើយពេលនេះតុលាការមិនតាមចាប់ខ្លួនជននេះទៀតទេ ដោយសារជននេះបានបង់សំណងដល់ក្រុមគ្រួសារជនរងគ្រោះរួចហើយ។
ស្ត្រីរងគ្រោះឈ្មោះ សន យិុន អាយុ២៩ឆ្នាំត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងផ្ទះរបស់នាងក្នុងឃុំគិរីចុង ស្រុកគិរីវង់ កាលពីយប់ថ្ងៃទី២១ ខែមីនា។ ភ្លាមៗនោះនគរបាលបានសង្ស័យលើលោក សិុន ពៅ ដែលពេលនោះគឺជានាយប៉ុស្តិ៍នគរបាលឃុំ ដោយសារគេមើលឃើញជននេះឈ្លោះគ្នាជាមួយជនរងគ្រោះនៅផ្ទះរបស់នាង នៅមុនពេលឮស្នូរកាំភ្លើងបន្តិចនៅម៉ោងប្រហែល៨ និង៣០នាទីយប់។ ហើយអាវុធដែលឃាតករប្រើប្រាស់ធ្វើសកម្មភាព គឺជាកាំភ្លើងខ្លីកា៥៤ ដែលចេញឲ្យប្រើប្រាស់ដោយនគរបាល។
ទោះជាយ៉ាងណាកាលពីម្សិលមិញ លោក អ៊ុក សំណាង ស្នងការខេត្តតាកែវបានមានប្រសាសន៍ថា សាលាដំបូងខេត្តបានផ្ញើលិខិតមួយច្បាប់មកលោកបង្គាប់ឲ្យលោកឈប់តាមចាប់ខ្លួនលោក ស៊ិន ពៅ ពីព្រោះអតីតនាយប៉ុស្តិ៍នគរបាលរូបនេះ និងក្រុមគ្រួសារជនរងគ្រោះបានឈានដល់ការដោះស្រាយក្រៅប្រព័ន្ធតុលាការរួចហើយ។
លោកបានមានប្រសាសន៍ទៀតថា “មានហេតុផលពីរដែលនគរបាលខេត្តមិនចាប់ខ្លួនគាត់។ ទី១គឺដោយសារតែគាត់បានផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះរួចហើយ ទី២គឺដោយសារតែគាត់ត្រូវបានឃ្លាំមើលដោយតុលាការ”។
លោក អ៊ុក សំណាង បានបដិសេធមិននិយាយថា តើលោក ស៊ិន ពៅ បានបង់ប្រាក់សំណងប៉ុន្មានដល់ក្រុមគ្រួសារជនរងគ្រោះនោះទេ។ លោកក៏បានច្រានចោលដែរនូវរបាយការណ៍ដែលលើកឡើងថា លោក ស៊ិន ពៅ នឹងបន្តមុខតំណែងចាស់របស់ខ្លួនដដែលពីព្រោះគាត់មានទោស។
លោកបានមានប្រសាសន៍ទៀតថា “គ្មានផ្លូវដែលយើងទទួលយកគាត់វិញទេ ពីព្រោះគាត់បានប្រព្រឹត្តបទឧក្រិដ្ឋ”។
លោក ឃុន វុទ្ធី នាយប៉ុស្តិ៍ថ្មីនៅក្នុងឃុំនេះបានមានប្រសាសន៍ថា លោក ស៊ិន ពៅ បានត្រឡប់មកផ្ទះវិញកាលពីចុងខែមុន ហើយថែមទាំងបានឈាងចូលការិយាល័យចាស់របស់ខ្លួនដើម្បីជជែកគ្នាលេងទៀតផង។
លោកបានមានប្រសាសន៍ទៀតថា “នៅពេលគាត់មកដល់ផ្ទះវិញ គាត់បានមកប៉ុស្តិ៍នគរបាលឃុំ ដើម្បីសួរសុខទុក្ខពួកយើង។ យើងមិនបានចាប់ខ្លួនគាត់ទេ ពីព្រោះសំណុំរឿងនេះចប់ហើយ។ គាត់បានដើរលេងផឹកស៊ីនៅក្នុងឃុំនេះដោយគ្មានការភ័យខ្លាច”។
លោកបានបន្ថែមទៀតថា “គាត់បានប្រាប់ខ្ញុំថា គាត់បានផ្តល់សំណងគ្រប់គ្រាន់ដល់ក្រុមគ្រួសារជនរងគ្រោះមុនពេលត្រូវចាប់ខ្លួន។ ប៉ុន្តែ ខ្ញុំមិនដឹងថា គាត់បានបង់ចំនួនប៉ុន្មានទៅឲ្យជនរងគ្រោះនោះទេ ពីព្រោះគាត់លាក់ការសម្ងាត់”។
លោក អ៊ុក សំអឿន នាយប៉ុស្តិ៍នគរបាលឃុំគោកព្រេច ដែលធ្លាប់ជាមិត្តភក្តិរបស់លោក ស៊ិន ពៅ បានមានប្រសាសន៍ថា ក្នុងពេលថ្មីៗនេះអតីតនាយកប៉ុស្តិ៍ឃុំរូបនេះ ក៏បានទៅអធិការដ្ឋាននគរបាលស្រុកដែរ។
លោកបានមានប្រសាសន៍ថា “កាលពីសប្តាហ៍មុនខ្ញុំបានជួបគាត់នៅអធិការដ្ឋាននគរបាលស្រុក ប៉ុន្តែ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់នៅទីនោះទេ…ប៉ុន្តែ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់ទៅ ទីនោះទេ។ បន្ទាប់ពីមានករណីឃាតកម្មនេះកើតឡើង ខ្ញុំក៏បានផ្តាច់មិត្តភាពរបស់ពួកយើង ហើយយើងមិនដែលបានជួបគ្នាទៀតទេ”។
លោក សិុន ពៅ មិនអាចទាក់ទងសំុការបំភ្លឺបានទេកាលពីម្សិលមិញ។ កូនប្រុសរបស់ជននេះឈ្មោះ សិុន សឿន បានបញ្ជាក់ថា ឪពុករបស់ខ្លួនបានត្រឡប់មកផ្ទះវិញកាលពីសប្តាហ៍មុន ប៉ុន្តែ បានលើកឡើងថា ជននេះបានទៅកាន់ខេត្តពោធិ៍សាត់បាត់ហើយ។ លោក ស៊ិន សឿន បានលើកឡើងអំពីករណីឃាតកម្មនេះមុនពេលផ្តាច់ទូរស័ព្ទថា “មានការចរចាគ្នារួចហើយ”។
សមាជិកក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ សន យិុន និយាយថា ពួកគាត់បានយល់ព្រមទទួលសំណងពីលោក ស៊ិន ពៅ ដោយសារការភ័យខ្លាច និងការខ្វះប្រាក់ក្នុងការតតាំងក្តីពីប្រទេសវៀតណាម ដែលពួកគាត់កំពុងរស់នៅ។
ស្ត្រីឈ្មោះ នី ណន ដែលត្រូវជាបងប្អូនថ្លៃស្រីរបស់ស្ត្រីជនរងគ្រោះ សន យិុន និយាយថា “គ្រួសាររបស់នគរបាលម្នាក់នោះ [លោក ស៊ិន ពៅ] បានផ្តល់សំណង៦លានរៀលដល់ពួកយើង [ប្រហែល១.៥០០ដុល្លារ] ដើម្បីបញ្ចប់សំណុំរឿងនេះ”។
ស្ត្រីរូបនេះបាននិយាយតាមទូរស័ព្ទពីប្រទេសវៀតណាមដោយសំដៅដល់កូនប្រុសអាយុ១០ឆ្នាំរបស់ជនរងគ្រោះថា “យើងទទួលយកវា ពីព្រោះយើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរឡើងចុះពីវៀតណាមមកខ្មែរ ហើយយើងខ្លាចគាត់ធ្វើបាប តុលា”។
ស្ត្រីរូបនេះបាននិយាយអំពីលោក ស៊ិន ពៅ និងគ្រួសាររបស់ជននេះថា “ខ្ញុំខឹង ខ្ញុំស្អប់ពួកគេ ប៉ុន្តែ ខ្ញុំនឹងមិនប្តឹងទេ។ យើងមិនអាចតតាំងជាមួយពួកគេបានឡើយ”។
លោក ប្លង់ ឆ្លាម ប្រធានសាលាដំបូងខេត្តតាកែវបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណុំរឿងនេះទេ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសសើុបអង្កេតមកពីអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ទម្ងន់នៃបទល្មើសនេះគួរតែអាចបង្ខំឲ្យតុលាការបន្តសំណុំរឿងនេះ បាន មិនថាជនល្មើសបង់សំណងរួច ឬយ៉ាងណាឡើយ។
លោកបានមានប្រសាសន៍ទៀតថា “នេះគឺជានិទណ្ឌភាព ពីព្រោះជនល្មើសជាមន្ត្រីនគរបាល។ វាគឺជាបទល្មើសធ្ងន់ធ្ងរដែលតុលាការគួរតែធ្វើការចោទប្រកាន់តាមច្បាប់ មិនមែនបណ្តោយឲ្យជននេះដើរហើរដោយសេរីភាពនោះទេ”៕សុខុម