27 C
Phnom Penh

សហជីព​​គ្រោង​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ដោយ​រដ្ឋាភិបាល​​គ្រោង​នឹង​សម្រេច​លើ​ប្រាក់​ខែ​គោល​ថ្មី​នៅ​ខែ​ក្រោយ​ សហជីព​ចំនួន​ប្រាំពីរ​បាន​លើក​ឡើង​ថា ខ្លួន​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​មួយ​​ដើម្បី​កៀងគរ​ការ​​គាំទ្រ​​ជុំវិញ​​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​៧៧​ដុល្លារ​បន្ថែម​លើ​ប្រាក់​ខែ​គោល​​ចំនួន​១០០​ដុល្លារ​សព្វ​ថ្ងៃ​របស់​កម្មករ​កាត់​ដេរ​។

​មេដឹកនាំ​សហជីព​បាន​លើក​ឡើង​ថា ដោយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ​​សហជីព​នឹង​ចែក​អាវយឺត​ និង​ស្ទីកគ័រ​​ ដែល​មាន​សរសេរ​​អក្សរ​ថា “១៧៧​ដុល្លារ​” ​​នឹង​​​​​ធ្វើ​ការ​ពិភាក្សា​អំឡុង​ពេល​ឈប់​សម្រាក​សម្រាប់​អាហារ​ថ្ងៃត្រង់​​ ហើយ​នឹង​ដាក់​ញត្តិ​​​ជូន​ក្រុម​ហ៊ុន​លក់​​សម្លៀក​បំពាក់​យីហោ​ល្បី​ៗ​ទូទាំង​ពិភព​លោក​ ដើម្បី​សុំ​ការ​គាំទ្រ​។

​​​​​​​ លោកស្រី កែន ឆេងឡេង ប្រធាន​ស្ដីទី​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​​ បាន​ឲ្យ​ដឹង​ថា ខិត្តប័ណ្ណ​ជាង​១០០.០០០​​នឹង​ត្រូវ​ចែក​ឲ្យ​កម្មករ​កាត់​ដេរ​នៅ​តាម​រោងចក្រ​​​រហូត​ដល់​​៣០០ ចំណែក​ឯ​អាវ​យឺត​ដែល​មាន​សរសេរ​អក្សរ​ “១៧៧ដុល្លារ​” ប្រហែល​២.០០០​អាវ​វិញ​នឹង​ត្រូវ​បាន​ពាក់​ដោយ​សកម្មជន​សហជីព​ ដែល​នឹង​ត្រូវ​​ចំណាយ​ពេល​​ខ្លះ​នៃ​ពេល​ឈប់​សម្រាក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​​លើក​បដា​​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​លើក​ឡើង​ថា សហជីព​នឹង​ដាក់​ញត្តិ​ជូន​​​ក្រុម​ហ៊ុន​លក់​សម្លៀក​បំពាក់​​យីហោ​ល្បីៗ​មួយ​ចំនួន​រួម​មាន​​ យីហោ​ AdidasGap និង Puma ដែល​​​ទិញ​សម្លៀក​បំពាក់​​​​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី សុភ័ណ្ឌ បាន​មាន​ប្រសាសន៍​ថា “យើង​ចាំបាច់​ត្រូវ​ផ្ញើ​សារ​ជូន​អ្នក​ទិញ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ និង​រដ្ឋាភិបាល​ ដើម្បី​​ឲ្យ​ពួកគេ​ដឹង​អំពី​ស្ថានភាព​រស់​នៅ​របស់​កម្មករ​”។

យុទ្ធនាការ​ដែល​នឹង​ធ្វើ​ឡើង​​រហូត​ដល់​​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ដើម​ខែ​តុលា ​​ត្រូវ​បាន​បង្កើត​ឡើង​ខណៈ​ការ​ពិភាក្សា​ស្ដីពី​​ប្រាក់​ខែ​គោល​​រវាង​សហជីព រោងចក្រ និង​រដ្ឋា​ភិបាល​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​។

ការ​មិន​បាន​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​​តាម​ការ​ទាម​ទារ​​របស់​សហជីព​ ដែល​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១៦០​ដុល្លារនោះ​​​ បាន​​ធ្វើ​ឲ្យ​មាន​កូដកម្ម​ និង​បាតុកម្ម​មួយ​ចំនួន​កើត​ឡើង​​ ដោយ​​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​នេះ​ត្រូវ​​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​មួយ​រយៈ នៅ​ពេល​ប្រាក់​ខែ​គោល​ត្រូវ​បាន​កែប្រែ​ជា​លើក​ចុង​ក្រោយ​កាល​ពី​ចុង​ខែ​ធ្នូ ​​។ កម្មករ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​​បង្ក្រាប​បាន​ដោយ​ជោគជ័យ​​ នៅ​ពេល​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​កម្មករ​​​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​យ៉ាង​តិចចំនួន​ប្រាំ​នាក់​នៅ​ខាង​​ក្រៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។

កាលពី​សប្ដាហ៍មុន​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កោះ​ហៅ​មេដឹកនាំ​សហជីព​យ៉ាង​តិច​​ចំនួន​ប្រាំរូប​មក​សាក​សួរ​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​ការ​ញុះញង់​​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​ទាំង​នោះ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្ពុជា ​បាន​លើក​ឡើង​ថា ការ​បើក​សវនាការ​​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​​មិន​អាច​​រារាំង​ដល់​យុទ្ធនាការ​ទាម​ទារ​​ដំឡើង​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​នោះ​​បាន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ទោះបី​ជា​តុលាការ​​បាន​កោះ​ហៅ​យើង​ឲ្យ​មក​បង្ហាញ​ខ្លួន​ក៏ដោយ យើង​នឹង​នៅ​តែ​បន្ត​ផែនការ​របស់​យើងដដែល​​”៕ ស៊ុយឈាង​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស