នៅថ្ងៃដដែល ដែលគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា បានជំរុញអ្នកភូមិនិងក្រុមហ៊ុនអភិវឌ្ឍន៍ ឲ្យដកបណ្តឹងរបស់ខ្លួនប្រឆាំងនឹងគ្នាអំពីជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំងនោះ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានកោះហៅអ្នកភូមិ២នាក់មកសាកសួរដែលទាក់ទងនឹងការអះអាងរបស់ពួកគាត់ប្រឆាំងក្រុមហ៊ុន។
យោងតាមលោក រាជ សីមា តំណាងអ្នកភូមិឡពាងបានឲ្យដឹងថា កែវ សុខា អាយុ៤២ឆ្នាំ និង ស៊ួម ធន អាយុ៧០ឆ្នាំ ត្រូវបង្ហាញមុខចំពោះមុខចៅក្រម ជួន រាសី មុនថ្ងៃទី៣០ខែកញ្ញា ដើម្បីឆ្លើយសំណួរពាក់ព័ន្ធនឹងបណ្តឹងរដ្ឋប្បវេណី ដែលពួកគេបានប្តឹងទៅតុលាការកាលពីថ្ងៃទី៦ខែមករា។
ឯកសារចម្លងដីកាតុលាការមួយច្បាប់ដែលចុះកាលបរិច្ឆេទថ្ងៃទី២៦ខែសីហា និងចុះហត្ថលេខាដោយចៅក្រមតុលាការភ្នំពេញ ជួន រាសី មានខ្លឹមសារថា ស្ត្រីទាំង២នាក់ត្រូវ “មកចូលរួមក្នុងនីតិវិធី ស្តីពីបណ្តឹងអំពីភាពជាម្ចាស់នៃដី”។
ជម្លោះរវាងអ្នកភូមិឡពាងនិងក្រុមហ៊ុន ខេឌីស៊ី កើតឡើងចាប់តាំងពីឆ្នាំ២០០២ ពាក់ព័ន្ធនឹងដីប្រហែល១៨២ហិកតា ដែលទាមទារកាន់កាប់ដោយទាំងប្រជាពលរដ្ឋ៨២គ្រួសារ ទាំងក្រុមហ៊ុន របស់អ្នកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ជម្លោះនេះក៏ត្រូវបានប្រើជាករណីសាកល្បងសមត្ថភាពរបស់គណៈកម្មការសិទ្ធិមនុស្សទ្វេបក្សដែលទើបបង្កើតថ្មី ដែលកាលពីសប្តាហ៍មុនបានជួបជាមួយអ្នកភូមិនិងតំណាងក្រុមហ៊ុន។ លោកស្រី ឡោក ខេង អនុប្រធានគណៈកម្មការនេះ និងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ជម្លោះនេះនឹងត្រូវដោះស្រាយ “ទាំងស្រុងក្នុងពេលមួយសប្តាហ៍” ប្រសិនបើភាគីទាំង២ សហការ។
កាលពីម្សិលមិញ លោក ជា ប៉ូច សមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាសមាជិករបស់គណៈកម្មការនេះ បានស្នើឲ្យភាគីទាំង២ដកពាក្យបណ្តឹងរបស់ខ្លួនជាផ្លូវការប្រឆាំងនឹងគ្នាសិន ដើម្បីឲ្យមានការសម្របសម្រួលមួយ។
លោកបានមានប្រសាសន៍ថា “យើងមិនចង់ឃើញអ្នកភូមិ ឬមន្ត្រីក្រុមហ៊ុនត្រូវតុលាការកោះហៅទេ ព្រោះយើងជឿជាក់ថា ជម្លោះដីធ្លីភូមិឡពាងអាចត្រូវដោះស្រាយបានក្នុងពេលឆាប់ៗនេះ នៅក្រៅប្រព័ន្ធតុលាការ”៕មានិត