28.3 C
Phnom Penh

ប្រជាកសិករ​ខ្មែរ​ចុះ​កិច្ចព្រមព្រៀង​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុប​និង​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​កសិករធ្វើ​ស្រែ​សរីរាង្គ​ជាង​១.០០០​នាក់​នៅ​ខេត្ត​ព្រះវិហារ កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​សន្យា​មួយ ដើម្បី​ផលិត​អង្ករ​ផ្កា​ម្លិះ​ប្រហែល​២.៥០០​តោន សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក Amru Rice នាំ​​ចេញ​ទៅអឺរ៉ុប និងសហរដ្ឋ​អាមេរិក។​​​

លោក អ៊ុក បុប្ផាផល្លី ប្រធាន​សហគមន៍ លើក​កម្ពស់​ជីវភាព ជា​សមាគម​មួយ​ក្នុង​ចំណោម​សមាគម​អង្ករ​ចំនួន​៨ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​កាលពី​ម្សិលមិញ បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​លើក​ទី១​ហើយ ដែល​យើង​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​មួយ ដើម្បី​នាំអង្ករ​របស់​យើង​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅ​ទីផ្សារ​ធំៗ​នៅ​ក្រៅ​ប្រទេស”។

លោក សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amru Rice បាន​មាន​ប្រសាសន៍​ថា ដើម្បី​បាន​ចូលទីផ្សារ​ពិភពលោក សហគមន៍នានា​ដែល​ចុះ​កិច្ចសន្យា ជា​ដំបូង​នឹង​ត្រូវ​បំពេញ​ស្តង់ដារ​៣​សំខាន់​ចំពោះ​គុណភាព​អង្ករ។

លោក សារ៉ន បាន​មាន​ប្រសាសន៍​ថា “ទី១ គ្រាប់អង្ករកុំ​ឲ្យ​បាក់​លើស​២០​ភាគរយ ទី២ គ្រាប់​អង្ករ​ត្រូវតែ​មាន​សំណើម​ចន្លោះ​១៤​ទៅ​២៤​ភាគរយ។ ហើយ​ទី​៣ អង្ករ​ផ្កាម្លិះ​ត្រូវតែ​សុទ្ធ​យ៉ាង​ហោច​ណាស់​៩០​ភាគរយ”។ លោក​បាន​បន្ថែម​ថា ទីភ្នាក់ងារ Ecocert មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ជា​ទីភ្នាក់ងារ​ចេញ​វិញ្ញាបនប័ត្រ​សរីរាង្គ នឹង​ត្រួត​ពិនិត្យ​គុណភាព​អង្ករ​នេះ។

លោក សារ៉ន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Amru Rice មាន​ផែនការ​នឹង​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​ខេត្ត​ព្រះវិហារ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ពោល​គឺ​៣​ថ្ងៃ​បន្ទាប់ពី​ធ្វើ​ការ​ច្រូត​កាត់​ប្រមូលផល ក្នុង​តម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ប្រហែល​២០​ភាគរយ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស