26 C
Phnom Penh

រដ្ឋា​ភិបាល​ហាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រីនៅ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ទាំង​អស់​នឹង​​ត្រូវ​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​នៅ​​អំឡុង​ម៉ោង​​៦ល្ងាច​ដល់​ម៉ោង​៨យប់​ ព្រោះ​ម៉ោង​នេះ​ជា​ម៉ោង​សំខាន់​​ដែល​មនុស្ស​មើល​ច្រើន​​​​ដោយ​​​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ ជា​ផ្នែក​មួយ​នៃការ​​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​​ដែល​បណ្ដាល​មកពី​​ការ​បើក​បរ​ដោយ​ស្រវឹង​។

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​បាន​មាន​ប្រសាសន៍​ថា បម្រាម​រយៈ​​ពេល​ពីរ​ម៉ោង​នេះ​នឹង​ចូល​ជា​ធរមាន​​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ចំណែក​ឯការ​ហាម​​ទាំង​​​ស្រុង​​​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​គ្រឿង​​​ស្រវឹង​​​វិញ​​​នឹង​ត្រូវ​​​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​​។

លោក អាយុទ្ធ បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ហាម​ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​​ពី​ម៉ោង​៦​ល្ងាច​​ដល់​ម៉ោង​៨​យប់​ ពីព្រោះ​មនុស្ស​ច្រើន​ណាស់​មើល​អំឡុង​ម៉ោង​នេះ។ លោ​ក​បាន​បន្ថែមថា បម្រាមទាំងស្រុង​​នឹង​​ត្រូវ​អនុវត្ត​តឹងរ៉ឹង​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ត្រូវ​គោរព​បទ​បញ្ជា​របស់​ក្រសួង​ព័ត៌មាន​​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​”។

យោង​តាម​គណៈកម្មការ​សុវត្ថិភាព​ផ្លូវ​គោក​​បាន​ឲ្យ​ដឹង​ថា មនុស្ស​១.៩៥៦​នាក់​​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​មុន​។ ១៣​ភាគរយ​នៃ​អ្នក​ស្លាប់​ទាំង​នោះ​ គឺ​ដោយ​សារ​ការ​បើក​បរ​ក្នុង​ភាព​ស្រវឹង​។

លោក អាយុទ្ធ បាន​មាន​ប្រសាសន៍​ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​​បាន​ជួប​ជាមួយ​ម្ចាស់​ស្ថានីយវិទ្យុ​ និង​ទូរទស្សន៍​ទាំង​អស់​នៅ​ក្រសួង​កាល​ពី​ម្សិលមិញ ដើម្បី​​រំឭក​ប្រាប់​ពួកគេ​ថា ពួកគេ​មាន​ពេល​រហូត​ដល់​ដំណាច់​ខែ​នេះ​​ដើម្បី​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​។

លោក អាយុទ្ធ បាន​មាន​ប្រសាសន៍​ថា ” យើង​ទុក​ពេល​មួយ​ខែ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ ពីព្រោះពួកគេ​មាន​កិច្ច​សន្យា​ជាមួយ​ [អ្នក​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម]​”។ លោក​បាន​បន្ថែម​ថា ក្រុ​ម​ហ៊ុន​ផលិត​ស្រា​ទាំងអស់ដែលផ្សព្វ​ផ្សាយ​ផលិតផល​​​​របស់​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នឹង​​​នៅ​​​តែ​​​​ត្រូវ​​​​បាន​​​អនុញ្ញាត​ឲ្យ​ដាក់​បង្ហាញ​​រូប​សញ្ញា​របស់​ខ្លួន​នៅ​លើ​អេក្រង់​ទូរទស្សន៍​​​បាន​ដដែល​​​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​អនុញ្ញាត​…​ដល់​ស្ថានីយទូរទស្សន៍ទាំង​អស់​បន្ត​ផ្សព្វ​ផ្សាយ​រូប​សញ្ញា​ និង​អក្សរ​រត់​​តាម​អេក្រង់​ទូរទស្សន៍​ផ្នែក​ខាង​ក្រោមបាន​ ប៉ុន្តែ​យើង​នឹង​មិន​អនុញ្ញាត​​​ឲ្យ​ផ្សព្វផ្សាយ​រូប​ភាព​វីដេអូ​ឡើយ​”។

តំណាង​ស្ថានីយ​ទូរទស្សន៍​បាន​លើក​ឡើង​ថា បម្រាម​ថ្មី​នេះ​នឹង​​ធ្វើ​​ឲ្យបាត់​បង់​ចំណូល​យ៉ាង​ច្រើន​។ លោក ឈាង ប៊ុនថា ប្រធាន​ផ្នែក​ព័ត៌មាន​នៅ​ទូរទស្សន៍​ប៉ូស្តិ៍លេខ​៣​បាន​មាន​ប្រសា​សន៍​ថា ” ខ្ញុំ​ជឿ​ថា បម្រាម​នេះ​នឹង​ប៉ះពាល់​ដល់​ការ​រក​ស៊ីរបស់​យើង​ ពីព្រោះ​ស្រាបៀរ​គឺ​ជា​អ្នក​ឧបត្ថម្ភ​ដ៏សំខាន់​ដល់​កម្មវិធី​កីឡា​ប្រដាល់​របស់​យើង​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​អាច​​ជំទាស់​នឹង​បម្រាម​បាន​ទេ ពីព្រោះ​វា​ជា​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​យើង​នឹង​ស្វែង​រក​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ដើម្បី​ជំនួស​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ ដើម្បី​​ធ្វើ​ឲ្យ​របរ​រក​ស៊ី​របស់​យើង​រស់​​​ទៅ​​​មុខ​​​ទៀត​​​​”។

លោក ហួត ឃាង​វ៉េង ​ប្រធាន​ស្ថានីយ​​​ទូរទស្សន៍​បាយ័ន​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បើក​ស្ថានីយ​ទូរទស្សន៍​ដើម្បី​រក​ប្រាក់​ ហើយ​គ្រឿង​ស្រវឹង​គឺ​ជា​អ្នក​ឧបត្ថម្ភ​ដ៏សំខាន់​សម្រាប់​ស្ថានីយ​របស់​យើង​។ តើ​​យើង​អាច​ធ្វើ​ឲ្យ​របរ​រក​ស៊ី​របស់​យើង​រស់​ដូច​ម្ដេច​ទៅ បើ​គ្មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នោះ?”។

ក្រុម​ហ៊ុន​ស្រាបៀរ​ធំបំផុត​ពីរ​​នៅ​ក្នុង​ប្រទេស​កម្ពុជាគឺ​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី និង​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​មិន​អាច​ទាក់​​ទង​បាន​ទេ​៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស