38 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវ​នាវ​​​​ឲ្យ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​ស្ដីពី​ការ​ត្រួត​ពិនិត្យ​អគារ​ប៊ូឌីង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់​ពី​​លោក​ បា៉ សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ច្រាន​ចោល​​មិន​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជួស​ជុល​អគារ​ប៊ូឌីង​ឡើង​វិញ ទោះ​បី​ជា​លោក​​​ធ្លាប់​ប្រកាស​ថា អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ក៏ដោយនោះ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បាន​អំពាវ​នាវ​​កាលពី​ម្សិលមិញ​ឲ្យ​អាជ្ញាធរ​សាលា​រាជ​ធានី​​​ធ្វើ​របាយការណ៍​ស្ដីពី​ការ​ចុះ​ត្រួត​ពិនិត្យ​មួយ​ ព្រោះធ្វើ​ដូច្នេះ​​វា​អាច​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួស​ជុល​ទ្រង់ទ្រាយធំ​ដល់​អគារ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មួយ​នេះ​​ប្រសិន​បើ​ចាំបាច់​។

យោង​តាម​​សមាគម​ធាង​ត្នោត​​​ ជា​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​​​បាន​ឲ្យដឹង​ថា ​យុទ្ធនាការ​ដើម្បី​​ជួស​ជុល​អគារ​នៅ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៦០​នេះ​​មាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​មុនមក​ម្លេ៉ះ។

ប៉ុន្តែ​​ដោយ​សារ​តែ​គ្មាន​របាយការណ៍​​បញ្ជាក់​ពី​ភាព​ទ្រុឌទ្រោម​នៃ​អគារ លោក អុី សារុំ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោង បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​រស់​នៅ​ក្នុង​អគារ​​មិន​អាច​​​ធ្វើ​អ្វី​បាន​ច្រើន​ទេ។

លោក​ សារុំ បានមាន​ប្រសាសន៍​ថា ” អ្នក​រស់​នៅ​ក្នុងអគារ​ចង់​ជួសជុល​អគារ​នោះ​ដោយ​ខ្លួន​ឯង ​ហើយ​ពួកគេ​ត្រៀម​ខ្លួន​ចូលរួម​ជា​ថវិកា​ និង​កម្លាំង​រួច​ហើយ​។ មក​ទល់​នឹង​ពេល​នេះ​យើង​បាន​ជួស​ជុល​ដំបូល​ដែល​លេច​ធ្លាយ បង្កាន់​ដៃ​ជណ្ដើរ និង​បាន​លាប​​ពណ៌​”។

ដោយ​លើក​ឡើង​ម្ដង​ទៀត​ពី​ការ​អះអាង​របស់​អ្នក​រស់​នៅ​ក្នុង​អគារ​ជាច្រើន​ រួមទាំង​​​មេភូមិ​ផង​នោះ លោក សារុំ ​បាន​និយាយ​ថា ​តា​ម​ពិត​ទៅ​មន្ត្រី​រៀបចំ​ដែន​ដី​​​រាជ​ធានី​​​មិន​បាន​ចុះ​មក​​ត្រួត​ពិនិត្យ​អគារ​ទេ។ លោក​បាន​​មាន​ប្រសាសន៍ថា ” តាម​ពិត​ទៅ [​សាលា​រាជ​ធានី​​] ​មិន​បាន​បញ្ជូន​ក្រុម​ការ​ងារ​របស់​ខ្លួនមក​ធ្វើ​ការ​ត្រួត​ពិនិត្យទេ​។ ​វា​គួរ​តែ​មាន​ការ​​ចុះ​មក​ត្រួត​ពិនិត្យ ហើយ​បន្ទាប់​មក​យើង​អាច​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​”។

លោក សុង សុចារ៉ា ​អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​រាជធានី​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា គេ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​អគារ​នោះ​សរុប​ទាំង​អស់​បី​លើករួច​​មក​ហើយ ​ដោយ​ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​។

លោក សុចារ៉ា ដែល​ដំបូង​ឡើយ​បដិសេធ​មិន​បង្ហាញ​សេចក្ដី​លម្អិត​នៃ​ការ​ត្រួត​ពិនិត្យ​ក៏​បាន​​លើក​ឡើង​ដែរ​ថា កាលពី​ឆ្នាំ​មុន​សាលា​រាជ​ធានី​បាន​ចេញ​សារាចរ​ណែនាំ​មួយ​​បញ្ជាក់​ពី​ការ​​ដក​ខ្លួន​ចេញ​ពីការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូឌីង​នេះ​។

បន្ទាប់ពី​​កំណត់​ថា ” អគារ​នេះ​មិន​អាច​ជួស​ជុល​ឡើង​វិញ​បាន” អាជ្ញាធរ​រាជ​ធានី​បាន​​ជូន​ដំណឹង​​​ពី​ភាព​គ្រោះ​ថ្នាក់​ដល់​អ្នក​រស់​នៅ​ក្នុង​អគារ​ ហើយ​ជំរុញ​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​ទី​នោះ​ប្រសិន​បើ​អាច​ទៅ​រួច​។ លោក សុចារ៉ា បាន​មាន​ប្រសាសន៍​ថា “​អ្នក​ដែល​រស់​នៅ​ក្នុង​អគារ​នេះ​បាន​និយាយ​ថា ពួកគាត់​សុខចិត្ត​ស្លាប់​នៅ​លើ​ដី​របស់​ខ្លួន។ ប្រសិន​បើ​យើង​មិន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ពួកគាត់​ទេ នេះ​នឹង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ ប៉ុន្តែ​យើង​បាន​​ប្រាប់​ពួកគាត់ ហើយ​បាន​ជួប​ជាមួយ​ពួកគាត់​​ដើម្បី​ប្រាប់​ឲ្យ​ដឹង​ពី​បញ្ហា ហេតុដូច្នេះ​នេះ​គឺ​ជា​ការ​ទទួល​សុខ​ត្រូវ​របស់​ពួកគេ​”។

លោកស្រី AnneLemaistre​ តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ​យូណេស្កូ ដែល​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​អភិរក្ស​អគារ​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​បាន​លើក​ឡើង​ថា លោកស្រី​​នឹង​ចូល​រួម​នៅ​​ក្នុង​ការ​ពិភាក្សា​អំពី​វាសនា​នៃ​អគារ​ប៊ូឌីង​នេះ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​ពួកគេ​មាន​ការ​ត្រួត​ពិនិត្យ​​ ហើយ​វា​ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយ​វិស្វករ​នោះ អ៊ីចឹង​យើង​អាច​ចាប់​ផ្ដើម​ការ​ពិភាក្សា​គ្នាបាន​​​”៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស