31 C
Phnom Penh

នគរ​បាល​ជំទាស់​នឹង​ការ​បោះបង់​ចោល​ការ​ស៊ើបអង្កេត​លើ​អតីត​អ្នក​រួម​ការ​ងារ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក អ៊ុក សំណាង ស្នង​ការ​នគរបាល​ខេត្ត​តាកែវ​បាន​លើក​ឡើង​ថា លោក​បានអំពាវ​នាវ​ឲ្យ​នគរ​បាល​ជាតិ​​បន្ត​ស៊ើប​អង្កេត​ករណី​ឃាត​កម្ម​ ដែល​​សាលា​ដំបូង​ខេត្ត​បាន​បង្គាប់​ឲ្យ​លោក​បញ្ឈប់​ការ​ស៊ើប​អង្កេត​ ដោយ​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​ដ៏សំខាន់​មាន​ឱកាស​ដើរហើរ​ដោយ​សេរី​។

ជនសង្ស័យ​នោះ​គឺ​លោក ស៊ិន ពៅ អតីត​​នាយប៉ុស្តិ៍​ឃុំ​​គិរីចុង​កោះ ក្នុង​ស្រុក​គិរីវង់ ដែល​បាន​រត់គេច​ខ្លួន​កាលពី​ខែ​មីនា បន្ទាប់ពី​​​​​បាញ់​សម្លាប់​នារី​ខារ៉ាអូខេ​អាយុ​២៩​ឆ្នាំ​ម្នាក់​​ឈ្មោះ សន យិន។

លោក ស៊ិន ពៅ បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​នារី​ខារ៉ាអូខេឈ្មោះ​ សន យិន ​នោះ​នៅ​ផ្ទះ​របស់​នាង​មុន​ពេល​នាង​​ត្រូវ​បាន​បាញ់​សម្លាប់​។ ​កាំភ្លើង​ដែល​ឃាត​ករ​បាន​ប្រើ​នោះ​​គឺ​កាំភ្លើង​ខ្លី​K-៥៤។

ប៉ុន្តែ​លោក ស៊ិន​ ពៅ បាន​ត្រឡប់​មក​ភូមិ​របស់​លោក​វិញ​កាលពី​ខែ​មុន ដោយ​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​ចាស់ និង​អ្នក​រួម​ការ​ងារ​របស់​លោក​ដែល​សន្និដ្ឋាន​ថា លោក​មាន​កំហុសនេះ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

នៅ​ពេល​ត្រូវ​បាន​សួរ​ឲ្យ​ពន្យល់​ពីការ​បង្ហាញ​ខ្លួន​របស់​លោក ស៊ិន ពៅ កាលពី​ថ្ងៃ​ច័ន្ទ លោក​ សំណាង ​បាន​លើក​ឡើង​ថា តុលាការ​បាន​បង្គាប់​កុំ​​ឲ្យ​លោក​ចាប់​ខ្លួន​ជន​សង្ស័យ​​រូប​នេះ​ ព្រោះ​ថា ជន​សង្ស័យ​បាន​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១.៥០០​ដុល្លារ​ដល់​គ្រួសារ​ជន​រងគ្រោះ​រួច​​ហើយ​។

លោក​ សំណាង បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” ខ្ញុំ​មិន​កាន់​ជើង​​លោក ពៅ ទេ។ វា​គឺ​ជា​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត យើង​គ្រាន់​តែ​ជា​នគរ​បាល​ប៉ុណ្ណោះ យើង​មិន​អាច​ជ្រៀត​ជ្រែក​បាន​ទេ​”។

លោក​ សំណាង បាន​បន្ថែម​ថា លោក​បាន​បញ្ជូន​របាយការណ៍​ស្ដី​អំពី​ករណី​នេះ​ទៅ​នគរ​បាល​​ជាតិ​រួច​ហើយ ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​​​ស៊ើបអង្កេត​យ៉ាង​​ត្រឹម​ត្រូវ​លើ​ជនសង្ស័យ​រូប​នេះ​។

ឧត្តមសេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា លោក​បាន​និយាយ​ជាមួយ​លោក សំណាង កាលពី​ម្សិលមិញ ហើយ​បាន​សម្រេច​ថា តុលាការ​គឺ​ខុស​​ដែល​អនុញ្ញាត​ឲ្យ​លោក ពៅ ​​ប្រើ​ប្រាក់​​ដើម្បី​ឲ្យ​ខ្លួន​រួច​ផុត​ពី​​ការ​សង្ស័យ​នៅ​ក្នុង​ករណី​ឃាតកម្ម​។

​ឧត្តម​សេនីយ៍ឯក ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​យល់​ស្រប​ចំពោះ​បញ្ហា​នោះ​ទេ។ វា​ច្បាស់​ណាស់​ថា ការ​សម្លាប់​មនុស្ស​​​មិន​អាច​​យក​ប្រាក់​មក​សង​បានទេ​”។

​ឧត្តម​សេនីយ៍ឯក​ ច័ន្ទថារិទ្ធ បា​ន​លើក​ឡើង​ថា របាយការណ៍​របស់​លោក សំណាង អាច​នឹង​មក​ដល់​អគ្គ​​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ “ប្រហែល​នៅ​ថ្ងៃ​ស្អែក”។ លោក​បាន​មាន​ប្រសាសន៍​ថា ” នគរ​បាល​បាន​​ចុះ​ត្រួត​ពិនិត្យ​​កន្លែង​កើត​ហេតុ​ ហើយ​បា​ន​បង្ហាញ​ភ័ស្តុតាង​ដល់​តុលាការ​ បន្ទាប់​មក​តុលាការ​បាន​ចេញ​ដីកា​ចាប់​​ខ្លួន។ ប៉ុន្តែ​ជន​ប្រព្រឹត្ត​​​​បទ​ឧក្រិដ្ឋ​បាន​រត់គេច​ខ្លួន”។ លោក​បាន​បន្ថែម​ថា ” តុលាការ​បន្ទាប់​មក​បាន​បង្គាប់​កុំ​ឲ្យ​លោក សំណាង ចាប់​ខ្លួន​ [លោក ពៅ] ហេតុដូច្នេះ លោក​គ្មាន​សិទ្ធិ​ចាប់​ខ្លួន​ជន​សង្ស័យទេ​។ អំណាច​គឺ​នៅ​​ក្នុង​ដៃ​តុលាការ។ លោក [លោក សំណាង​] ក៏​បាន​ខឹង​យ៉ាង​ខ្លាំង​ដែរ​”។

ការ​ផ្ដល់​ប្រាក់​សំណង​ទៅ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ ធ្វើ​ឲ្យរងរបួស​ ឬក៏​សម្លាប់​ដោយ​អចេតនា​ ដោយ​​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ឬបុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​មានអំណាច​គឺ​ជារឿង​សាមញ្ញ​ទៅហើយ​។

​នៅ​ក្នុង​ករណី​របស់​លោក ពៅ​ សាច់ញាតិ​ជនរងគ្រោះ​ដែល​រស់​នៅ​ភាគខាង​ត្បូង​ប្រទេស​វៀតណាម​ និង​ដែល​​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នោះ បាន​និយាយ​ថា ពួកគាត់​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្តគឺ​ដោយ​សារ​តែ​​ពួកគាត់​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ គឺ​មិន​​មែន​ដោយ​សារ​​តែ​ពួកគេ​គិត​​​ថា ប្រាក់​នេះ​គ្រប់​គ្រាន់​សម្រាប់​​​​​សង​ការ​បាត់​បង់​​របស់​ពួកគាត់​នោះ​ទេ។

អ្នកស្រី នី ណន ដែល​ត្រូវ​ជា​បងប្អូន​ថ្លៃ​របស់​​​ជនរងគ្រោះ​បាន​​និយាយ​តាម​ទូរស័ព្ទ​ពី​វៀតណាម​មក​ថា ” នេះ​​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​​ក្រីក្រ។ អ្នក​មាន​អំណាច​អាច​សម្លាប់​មនុស្ស​ដោយ​​គ្មាន​ការ​ផ្ដន្ទាទោស​”។

អ្នកស្រី ណន បាន​និយាយ​ទៀត​ថា គាត់​បាន​ចិញ្ចឹម​បីបាច់​កូន​ប្រុស​អាយុ​១០​ឆ្នាំ​របស់​ សន យិន តាំង​ពី​ករណី​ឃាត​កម្ម​កើត​ឡើង​មក​ម្លេ៉ះ​។ ប្ដី​របស់​ជនរងគ្រោះ​បាន​បោះ​បង់​គ្រួសារ​ចោល​​​នៅ​ពេល​​កូន​របស់​ខ្លួន​មាន​អាយុ​ត្រឹម​តែ​៣​ខែ​។

អ្នកស្រី​បាន​និយាយ​ទៀត​ថា ” ប្រាក់​នេះ​មិន​អាច​​​ព្យាបាល​​របួស​ផ្លូវ​ចិត្ត​របស់​យើង​បាន​ទេ។ ​វា​មិន​អាច​ចិញ្ចឹម​បីបាច់​កូន​​ប្រុស​របស់​នាង​ឲ្យ​បាន​ល្អ​​ដូច​កាល​នាង​នៅ​រស់​នោះទេ​​៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស