26 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​លោក​ កឹម សុខា ខ្លាំងៗឲ្យ​ប្រយ័ត្ន​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​​លោក កឹម សុខា​​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ខ្លាំងៗ​ ដោយ​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​​នឹង​ពិចារណា​ដក​​លោក​ចេញ​ពី​តំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ ប្រសិន​បើ​លោក​បន្ត​​វាយ​ប្រហារ​ខាង​នយោបាយ​តាម​រយៈ​ការ​​រិះគន់​​មន្ត្រី​គណបក្ស​កាន់​អំណាច​ធ្ងន់ៗ​។

លោកបាន​​មាន​​ប្រសាសន៍​អំឡុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​មួយ​ ដែល​ចំណាយ​​​អស់​​​​​ទឹក​ប្រាក់​១៤​លានដុល្លារ​ក្នុង​ខណ្ឌ​ទួលគោក​ ​រាជ​ធានី​ភ្នំពេញ​ថា កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ក្នុង​នោះ​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​ខ្លួន​ជាថ្នូរ​នឹង​ការ​សន្យា​​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​នោះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បញ្ចប់​ការ​វាយ​ប្រហារ​​គ្នា​ខាង​នយោបាយ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” ឯកឧត្តម​ សម រង្ស៊ី [ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​] បាន​ប្រកាស​បទ​ឈប់បាញ់​ ហើយ​ខ្ញុំ​ក៏​បាន​ប្រកាស​បទ​ឈប់បាញ់​ដែរ​នៅ​ក្នុង​សភា ដូច្នេះ​ប្រហែល​ជា​ភាគី​ទាំង​ពីរ​​ចាំបាច់​ត្រូវ​គ្រប់​គ្រង​ទាហាន​របស់​ខ្លួន។ កុំចេះ​តែ​ថា​ឲ្យ​គេ​ ពេល​គេ​ថា​ឲ្យ​វិញ​តាំង​ហ្អា” ។

​លោក កឹម សុខា ​​ដែល​​មុខ​តំណែង​​ជា​ថ្នាក់​ដឹកនាំ​របស់​លោក​​នៅ​ក្នុង​រដ្ឋសភា ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​កាលពី​ខែ​កក្កដា បាន​ប្រាប់​​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា លោក​ចង់​ដក​រដ្ឋមន្ត្រី​ពុក​រលួយ​ចេញ​មុខ​តំណែង​។ លោក​បាន​គូស​បញ្ជាក់​ថា តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ការ​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​តែ​ប្រាំពីរ​រូប​ប៉ុណ្ណោះ គឺ​អាច​​ដក​រដ្ឋមន្ត្រី​មួយ​រូប​ចេញ​ពី​មុខ​តំណែង​បាន​តាម​រយៈ​ការ​បោះ​ឆ្នោត​សម្ដែង​​ការ​មិន​ទុក​ចិត្ត​​ដោយ​សំឡេង​ភាគច្រើន​។

លោក​ ហ៊ុន សែន បាន​គំរាម​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា ​ប្រសិន​បើ​លោក​បន្ត​រិះគន់​រដ្ឋមន្ត្រី​ជា​សាធារណៈ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” បើ​ចង់​ដក​រដ្ឋមន្ត្រី​ អញ្ចឹង​​បាន​តាស ​យើង​​នឹង​ដក​​អនុប្រធាន​ទី១​នៃ​រដ្ឋសភា។ តើ​សំឡេង​មួយ​ណា​ខ្លាំង​ជាង​? ប្រយ័ត្ន​វើយ​”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អាច​នឹង​មាន​​ការ​ចាត់​តាំង​បេក្ខភាព​ថ្មី​ដើម្បី​ជំនួស​តំណែង​លោក កឹម សុខា ប្រសិន​បើ​លោក​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ផ្នែក​​នយោបាយ​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ខ្ញុំ​សុំ​ផ្ញើសារ​ថា ឈប់បាញ់​ទៅ​”។

លោក​បាន​​​​​ប្រៀប​​​ប្រ​​​ដូច​នយោបាយទៅ​នឹង​កីឡាប្រដាល់​ថា អ្នក​ដែល​វាយ​គូប្រកួត​ដោយ​មិន​ប្រុង​ប្រយ័ត្ន​​ ទីបញ្ចប់​នឹង​វ៉ៃចាញ់​គេ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា
” នៅ​ទឹក​ទី១ បង្គោល​ខៀវ​វ៉ៃ​បង្គោល​ក្រហម​ឲ្យ​សន្លប់ ហើយ​រាប់​ទៀត​។ បង្គោល​ក្រហម​សន្លប់​ម្ដង​ទៀត​នៅ​ទឹក​ទី២ ប៉ុន្តែ​​​ពេល​បង្គោល​ក្រហម​​ក្រោក​ឡើង​​ បង្គោល​ខៀវ​ក៏​សន្លប់​វិញ​ ពីព្រោះ​បង្គោល​ខៀវ​ព្យាយាម​វ៉ៃ​មិន​ប្រយ័ត្ន​។ ខ្ញុំ​ចូល​ចិត្ត​​ហ្គេម​បែប​នេះ​ ខ្ញុំ​មិន​វ៉ៃមុន​ទេ ពីព្រោះ​ខ្ញុំ​នឹង​ទទួល​បាន​លទ្ធផល​ប្រសិន​បើ​ខ្ញុំ​វ៉ៃបក​វិញ”។

លោក កឹម សុខ មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ។ ទោះ​ជាយ៉ាង​ណា លោក​បាន​​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​​ព័ត៌មាន​ថ្មីថ្មី ​ដែល​បាន​បង្ហោះ​ខ្សែ​អាត់​សំឡេង​​នៃ​ការ​សម្ភាស​​លោក​តាម​ប្រព័ន្ធ​អុីនធើណិត​ថា លោក​គ្មាន​បំណង​ប្រមាថ​អ្នក​នយោបាយ​​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ឡើយ។ លោក​មាន​ប្រសាសន៍​ថា ” កឹម​ សុខា​ មិន​ដែល​ប្រមាថ និង​​​គំរាម​កំហែង​​​អ្នក​​​ណា​​​ម្នាក់​​​ឡើយ​ ហើយ​ក៏​មិន​ដែល​ស្រែក​ដាក់​នរណា​ម្នាក់​ដែរ​”។

លោក​ក៏​បានមាន​ប្រសាសន៍​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​ច្បាស់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា នៅ​ពេល​​គណបក្ស​​ប្រឆាំង​មួយ​នេះ​​យល់​ព្រម​បញ្ចប់​ការ​ធ្វើ​​ពហិការ​របស់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” យើង​ចូល​សភា​ដើម្បីជួយ​ប្រទេស​ជាតិ​របស់​យើង ប៉ុន្តែ​យើង​ដឹង​ថា យើង​នឹង​ប្រឈម​ឧបសគ្គ​ជាច្រើន​។ ហើយ​យើង​​ក៏​មិន​មាន​ន័យ​ថា យើង​មិន​ដឹង​​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​​សំឡេង​៥០បូក​១​នៅ​ក្នុង​រដ្ឋសភា​នោះ​ដែរ ប៉ុន្តែ​យើង​ចូល​សភា ​​ពីព្រោះ​យើង​មាន​កិច្ច​ព្រមព្រៀង​នេះ​”។

កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា គណបក្ស​សង្គ្រោះជាតិ​បាន​​ធ្វើ​ការ​តវ៉ា ​​នៅពេល​តំណាង​រាស្ត្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​រារាំង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​លោកស្រី មូរ សុខហួរ និង​លោក យឹម​ សុវណ្ណ ដែល​ជា​តំណាង​រាស្ត្រ​លេច​ធ្លោ​របស់​គណបក្ស​ប្រឆាំង​​​​ឲ្យ​ចូល​ដឹកនាំ​គណៈកម្មការ​ពីរ​នៅ​រដ្ឋសភា​ ដែល​​​ជា​ផ្នែកមួយ​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២​ ខែកក្កដា​។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋខ្មែរ​គឺ​ជា​អ្នក​វិនិច្ឆ័យ​​​ចំពោះ​​​​គណបក្ស​ប្រជា​ជន​កម្ពុជា ប្រសិន​បើ​នៅ​ទីបំផុត​​ពួកគេ​មិន​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ទេ​នោះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ប្រសិន​បើ​ពួកគេ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ទេ​នោះ ប្រជា​ពល​រដ្ឋ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​”៕ សុខុម​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស