29 C
Phnom Penh

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​ម្ចាស់​ហាង​កាហ្វេ​ធ្វើ​សញ្ចរកម្ម​ស្ត្រី​អ្នក​បម្រើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​ស្ត្រី​ជន​ជាត​ិ​វៀត​ណាម​បីនាក់​ដែល​បាន​ធ្វើ​ពេស្យាកម្ម​ស្ត្រីអ្នក​បម្រើ​របស់​ខ្លួន​ដល់​ភ្ញៀវ​នៅ​ហាង​កាហ្វេ​របស់​ពួកគេ​ក្នុង​សង្កាត​់​បឹងកក់​១ ខណ្ឌទួល​គោក។

ង្វៀន ធីហៀន អាយុ​៣២ឆ្នាំ លី ជីនម៉ៃ អាយុ​៣៩ឆ្នាំ និង​ង្វៀន ធី​ភួង អាយុ​៧០ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃសុក្រ​បន្ទាប់​ពី​នគរបាល​ដក​ហូត​បាន​ស្រោម​អនាម័យ​ជា​ច្រើន​ប្រអប់​នៅ​​ហាង​កាហ្វេ​ជា​ភ័ស្តុ​តាង​នៃ​ការ​ធ្វើ​សញ្ចរកម្ម។

លោកស្រី ច័ន្ទ រាសីភក្រ្ត មេធាវី​របស់​ស្ត្រីឈ្មោះ ហៀន បាន​លើកឡើង​អំឡុង​សវនាការ​ថា មានតែ​ស្រោម​អនាម័យ​ប៉ុណ្ណោះ​ដែលត្រូវ​បាន​ប្រើ​ជា​ភ័ស្តុតាង។

លោកស្រីបានមាន​ប្រសាសន៍ថា “ស្រោម​អនាម័យ​ទាំង​អស់​នៅក្នុង​ប្រអប់​នៅឡើយ។ ស្ត្រី​អ្នក​បម្រើ​ទាំង​នោះមិន​បាន​រួមភេទ​នៅក្នុង​ហាង​កាហ្វេទេ ប៉ុន្តែ​បាន​រួមភេទ​នៅ​ក្នុង​កន្លែង​ក្បែរនោះ”។

លោក ហោ លីណា ព្រះ​រាជ​អាជ្ញារង​បានអះ​អាង​ថា នគរបាល​ក៏​បាន​ឃើញ​ស្ត្រីអ្នក​បម្រើ​បីនាក់​រួមភេទ​នៅក្នុង​ហាង​កាហ្វេ​ដែរ។ ទោះ​ជាយ៉ាងណា លោក លីណា មិន​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​នគរបាល​ណាម្នាក់​មក​ធ្វើជា​សាក្សីឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “បើ​ទោះ​ជា​ពួកគេ​ [ស្ត្រី​បម្រើ​ទាំងនោះ] មិន​បាន​រួមភេទ​នៅ​ហាង​កាហ្វេ​ក៏ដោយ ក៏ជន​សង្ស័យ​ទាំង​នេះ​នៅ​តែ​ទទួលបាន​ប្រាក់​ពី​ពួកគេ​ដែរ”។ លោក​បាន​បន្ថែមថា ស្ត្រី​អ្នក​បម្រើ​ទាំងនោះ​មិន​មាន​ប្រាក់​ខែ​ទេ គឺ​អាច​រស់​បាន​ដោយសារ​តែ​ប្រាក់​ដែល​ពួកគេ​បាន​ពី​ការ​រួម​ភេទ​ជាមួយ​ភ្ញៀវប៉ុណ្ណោះ។

ស្ត្រី​ឈ្មោះ ម៉ៃ ម្ចាស់​ហាង​កាហ្វេ​បាន​ទទួលស្គាល់​ថា ស្ត្រី​អ្នក​បម្រើ​​បីនាក់​​ក្នុង​ចំណោម​ស្ត្រី​អ្នក​បម្រើ​ផ្សេងទៀត​បាន​រួម​​ភេ​ទ​ដើម្បី​ប្រាក់មែន​ ហើយ​បាន​ចែក​ប្រាក់​ខ្លះ​មក​ឲ្យ​គាត់​ ប៉ុន្តែ​​គាត់​​បាន​បដិសេធថា​គ្មាន​ការ​​រួម​ភេទ​​​នៅក្នុង​ហាង​ឡើយ​​។

ស្ត្រីរូបនេះ​បាន​និយាយថា “​ខ្ញុំ​មិន​ដឹង​ថា ស្រោម​អនាម័យ​ដែល​នៅក្នុង​ហាង​កាហ្វេមក​ពី​ណាឡើយ។ តាម​ធម្មតា​ ខ្ញុំ​ទទួលបាន​ប្រាក់​​៥.000រៀល​ ពីរបីលើកក្នុងមួយថ្ងៃ​ពីស្ត្រី​ម្នាក់​បន្ទាប់ពី​នាង​បាន​រួម​ភេទ​។ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​រួមភេទ​នៅ​ឯណាទេ ប៉ុន្តែ​វាមិន​មែននៅក្នុង​ហាង​កាហ្វេ​របស់​ខ្ញុំ​ឡើយ​”។

ចៅក្រម​ ត​ុប ឈុនហេង បាន​មាន​ប្រសាសន៍ថា ត​ុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​៣ ខែ​ត​ុលា៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស