នគរបាលខេត្តរតនគិរីបាននិរទេសជនជាតិវៀតណាមពីរនាក់ទៀតដែលរស់នៅខុសច្បាប់នៅក្នុងខេត្តភាគខាងជើងនេះកាលពីសប្តាហ៍មុន ដោយធ្វើឲ្យចំនួននៃការបណ្តេញចេញកើនឡើងដល់១៤នាក់ហើយ ខណៈដែលការបន្តធ្វើជំរឿនលើជនបរទេសរបស់ក្រសួងមហាផ្ទៃ។
លោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា “យើងបានបញ្ជូនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ពីរនាក់ទៀតទៅប្រទេសវៀតណាមវិញកាលពីថ្ងៃព្រហស្បតិ៍។ ចាប់ពីថ្ងៃទី១៥ ខែសីហា មកទល់ពេលនេះ យើងបានបញ្ជូនជនជាតិវៀតណាមសរុប១៤នាក់ហើយទៅប្រទេសវៀតណាមវិញ”។
លោក ប៊ុនធឿន បានមានប្រសាសន៍ថា បើតាមក្រុមមន្ត្រីនៅទីនោះ ការធ្វើជំរឿននៅឆ្នាំនេះ ដែលឥឡូវនេះបញ្ចប់ហើយក្នុងខេត្តរតនគិរីនោះបង្ហាញថា មានជនជាតិវៀតណាម៥៩គ្រួសាររស់នៅក្នុងខេត្តនេះច្រើនជាងដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងការធ្វើជំរឿនឆ្នាំ២០០២តែប៉ុណ្ណោះ។
លោក ប៊ុនធឿន ក៏បានអះអាងផងដែរថា ចាប់តាំងពីឆ្នាំ២០០៩មក នគរបាលបាននិរទេសជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅក្នុងខេត្តរតនគិរី។
លោកបានមានប្រសាសន៍ថា “រាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ ជនជាតិវៀតណាមខុសច្បាប់ពី២០ទៅ៣០នាក់ត្រូវបានបញ្ជូនទៅវិញ”។
នៅក្នុងខេត្តស្ទឹងត្រែងជាប់គ្នាដែលការធ្វើជំរឿនបានបញ្ចប់ដែរនោះ ចំនួនគ្រួសារជនជាតិវៀតណាមបានថយចុះពីជិត៣០០គ្រួសារក្នុងឆ្នាំ២០០២ មក២៨៥គ្រួសារនៅឆ្នាំនេះ។
លោក សេង វុត្ថា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានរង់ចាំបទបញ្ជាពីមន្ត្រីថ្នាក់ជាតិមុនពេលនិរទេសគ្រួសារណាមួយដែលរស់នៅក្នុងខេត្តនេះដោយខុសច្បាប់នោះ។
លោកបានមានប្រសាសន៍ថា “យើងកំពុងរង់ចាំសេចក្តីសម្រេចពីថ្នាក់លើទាក់ទងថា តើជនបរទេសប្រភេទណាដែលគួរនិរទេស ហើយជនបរទេសប្រភេទណាដែលគួរស្នាក់នៅ”។
កាលពីខែមករា ក្រសួងមហាផ្ទៃបានបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយតែងតាំងលោក សុខ ផល ដែលពេលនោះជាអគ្គស្នងការរងនគរបាលជាតិធ្វើជាប្រធាន។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍កាលពីម្សិលមិញថា ឥឡូវនេះខេត្តប្រាំពីរឬប្រាំបីត្រូវបានស្ទង់មតិ ប៉ុន្តែថា ក្រសួងមហាផ្ទៃនឹងចេញផ្សាយលទ្ធផលនៅពេលបញ្ចាប់ការធ្វើជំរឿនតែប៉ុណ្ណោះ។
ក្រុមមន្ត្រីបាននិយាយថា ការធ្វើជំរឿនថ្មីនេះ ហើយជាលទ្ធផលមានការនិរទេសជនជាតិវៀតណាមនោះ ជាផ្នែកមួយនៃការប្រឹងប្រែងរួមគ្នារបស់ក្រសួងមហាផ្ទៃនិងក្រសួងការងារដើម្បីពង្រឹងច្បាប់ដែលគេមិនអើពើយូរមកហើយដែលតម្រូវឲ្យជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវតែមានប័ណ្ណការងារនិងបង់ថ្លៃសម្រាប់ប័ណ្ណការងារ៕សារុន