30 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​ការ​ងា​រស្នើសុំ​ជំនួយ​សម្រាប់​សាងសង់​មជ្ឈមណ្ឌលការងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហេង សួ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​ស្នើ​សុំជំនួយ​​ពី​រដ្ឋាភិបាល​ចិន​ ដើម្បី​សាង​សង់​​មជ្ឈមណ្ឌល​ការ​ងារ​ថ្មី​១៨​កន្លែង​នៅ​ទូទាំង​ប្រទេស​​ ដើម្បី​បម្រើ​ដល់​អ្នក​ដែល​គ្មាន​ការ​ងារ​ធ្វើ​។

លោក ហេង សួ បាន​មាន​ប្រសាសន៍​ថា លោក អុិត សំហេង បាន​លើក​​សំណើ​​នេះ​កាលពី​ថ្ងៃ​ច័ន្ទ អំឡុង​ជំនួប​ជាមួយ​លោក ស៊ីន ចាងស៊ីង អនុរដ្ឋមន្ត្រី​​ក្រសួង​ធនធាន​មនុស្ស និង​សន្តិ​សុខ​សង្គម​ចិន។

លោក ហេង សួ បាន​មាន​ប្រសាសន៍​ថា ” ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្ដល់​ជំនួយ​ឥត​សំណង​ ជា​ពិសេស​ជំនួយ​ហិរញ្ញប្បទានដល់​ប្រទេស​កម្ពុជា​ផង​ដែរ​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​​សម្រាប់សាងសង់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ពីព្រោះ​ប្រទេស​ចិន​មាន​បទ​ពិសោធន៍​ច្រើន​​ផ្នែក​បច្ចេកទេស​”។

លោក ហេង សួ បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ​មាន​មជ្ឈមណ្ឌល​ការ​ងារ​តែ​ប្រាំពីរ​កន្លែង​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ គឺក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប បាត់ដំបង កំពង់ចាម តាកែវ ស្វាយរៀង និង​ខេត្ត​កំពត។ មជ្ឈមណ្ឌល​ថ្មី​១៨​កន្លែង​នឹង​ត្រូវ​សាង​សង់​នៅ​ក្នុង​ខេត្ត​ដែល​នៅ​សេសសល់​។

លោក េហង សួ បាន​មាន​ប្រសាសន៍​ថា ” មជ្ឈមណ្ឌល​ការ​ងារទាំងនោះ​​បង្កើត​ឡើង​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​ដែល​ចង់​ស្វែង​រក​ឱកាស​ការ​ងារ​”។

លោក ចាងស៊ីង គ្រោង​ធ្វើ​ជា​ប្រធាន​ពិព័រណ៍​ការ​ងារ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​លើក​ទឹក​ចិត្ត​ដល​់​អ្នកដែល​ស្វែង​រក​ការ​ងារ​ឲ្យ​ប្រើ​ប្រាស់​មជ្ឈមណ្ឌល​ទាំង​នេះ​។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ស្វា​គមន៍​សេចក្ដី​ប្រកាស​ប​ង្កើត​មជ្ឈមណ្ឌល​​ការ​ងារ​បន្ថែម​ទៀត ប៉ុន្តែ​​បាន​មាន​ប្រសាសន៍​ថា លទ្ធភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់ជនបទ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​ទាំង​នោះ​គឺ​ជា​ការ​សំខាន់​ណាស់​។

លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំគិត​ថា ការ​បង្កើត​មជ្ឈមណ្ឌល​ការ​ងារ​គឺ​ជា​ការ​ល្អ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​ពួកគេ​គួរតែ​បង្កើត​មជ្ឈមណ្ឌលការងារ​​នៅ​ក្នុង​តំបន់​ជនបទដាច់ស្រយាល​ ពីព្រោះ​បច្ចុប្បន្ននេះ​ប្រជា​ពលរដ្ឋក្រីក្រ​មិន​​ទទួល​បាន​ព័ត៌មាន​ឡើយ​”៕ សារុន​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស