តំណាងសហជីពមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង១០០នាក់ដែលត្រូវបានរោងចក្រកាត់ដេរគ្រប់គ្រងដោយជនជាតិចិនតៃវ៉ាន់បណ្ដេញចេញពីការងារនៅក្នុងសប្ដាហ៍នេះ ដោយសារការធ្វើកូដកម្មជុំវិញការទាមទារឲ្យមានការផ្ដល់ផលប្រយោជន៍បន្ថែមនោះ នឹងជួបជាមួយមេដឹកនាំសហជីព ” ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាពីការធ្វើការតវ៉ាសាជាថ្មី។
កម្មករទាំងនេះត្រូវបានបណ្ដេញចេញដោយរោងចក្រ Xin Fang ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការតវ៉ាសាជាថ្មីកាលពីថ្ងៃច័ន្ទ ជុំវិញការទាមទារ១៩ចំណុច ដែលរួមទាំងប្រាក់ឧបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់ និងប្រាក់សម្រាប់ថ្លៃស្នាក់នៅប្រចាំខែ១៥ដុល្លារផងនោះ។
សេចក្ដីបង្គាប់របស់តុលាការ ដែលផ្ញើជូនប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) កាលពីថ្ងៃអង្គារសប្ដាហ៍មុន បានបង្គាប់ឲ្យកម្មករប្រមាណ៤០០នាក់ត្រឡប់មកធ្វើការវិញនៅត្រឹមថ្ងៃព្រហស្បតិ៍។ ខណៈកម្មករប្រមាណ៣០០នាក់បានត្រឡប់ទៅធ្វើការងារវិញកាលពីថ្ងៃទី៣ ខែកញ្ញា កម្មករដែលនៅសេសសល់ប្រមាណ១០០នាក់នោះមិនបានទៅធ្វើការងារវិញទេរហូតដល់ថ្ងៃសុក្រ។ ប៉ុន្តែកម្មករប្រមាណ១០០នាក់នេះបានចាប់ផ្ដើមការតវ៉ាសាជាថ្មីកាលពីថ្ងៃច័ន្ទ ខណៈការទាមទាររបស់ពួកគេនៅតែមិនទាន់ត្រូវបានដោះស្រាយ។
លោក ណៃ ប៊ុនធឿន តំណាងមួយរូបរបស់ស៊ីខៅឌូនៅរោងចក្រនេះបាននិយាយថា ” យើងនឹងពិភាក្សាជាមួយតំណាងសហជីពផ្សេងៗទៀតពីការតវ៉ាប្រឆាំងនឹងការសម្រេចរបស់ក្រុមហុ៊ន [ដែលបានបណ្ដេញកម្មករចេញពីការងារ]”។ លោកបានបន្ថែមថា ការពិភាក្សាគ្នានឹងធ្វើឡើង ” ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន”។
លោកបាននិយាយបន្តទៀតថា ” សេចក្ដីបង្គាប់របស់តុលាការគ្រាន់តែបង្គាប់ឲ្យកម្មករត្រឡប់ទៅធ្វើការវិញប៉ុណ្ណោះ ប៉ុន្តែមិនបានហាមកម្មករមិនឲ្យបន្តការធ្វើកូដកម្មឡើយ”។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត កម្មករដែលកំពុងធ្វើកូដកម្មរាប់ពាននាក់មកពីរោងចក្រស្បែកជើង JuhuiFootwear គ្រប់គ្រងដោយជនជាតិតៃវ៉ាន់នៅក្នុងខេត្តកំពង់ចាម គ្រោងត្រឡប់មកធ្វើការវិញថ្ងៃនេះ បន្ទាប់ពីសាលាដំបូងខេត្តបានចេញសេចក្ដីបង្គាប់មួយទាមទារឲ្យពួកគេបញ្ចប់ការតវ៉ា នេះបើតាមការឲ្យដឹងពីមេដឹកនាំសហជីព និងតំណាងរោងចក្រ។
កម្មករដែលចាប់ផ្ដើមធ្វើការតវ៉ាជាលើកដំបូងនៅថ្ងៃទី១ ខែកញ្ញា ដើម្បីទាមទារប្រាក់បន្ថែមម៉ោង និងផលប្រយោជន៍ផ្សេងៗទៀតបានត្រឡប់ទៅរោងចក្រវិញកាលពីថ្ងៃព្រហស្បតិ៍ មុនពេលចាប់ផ្ដើមការតវ៉ាសាជាថ្មី ព្រោះពួកគេអះអាងថា អ្នកគ្រប់គ្រងរោងចក្របាននិយាយថា ប្រសិនបើអ្នកទាំងអស់គ្នាធ្វើតាមសហជីព សូមទៅយកលុយពីសហជីពទៅ កុំរំពឹងថា អាចយកលុយពីរោងចក្រឲ្យសោះ។
សេចក្ដីបង្គាប់នោះមានខ្លឹមសារថា ” តុលាការបានសម្រេចថា [តំណាងស៊ីខៅឌូ] ត្រូវតែបញ្ឈប់ការដឹកនាំកូដកម្ម ហើយកម្មករទាំងអស់ត្រូវតែត្រឡប់មកធ្វើការងារវិញ ហើយបំពេញតួនាទីរបស់ខ្លួន”។
សេចក្ដីបង្គាប់នេះត្រូវបានចុះហត្ថលេខាដោយចៅក្រម សំ ប៊ុនថុង ចុះថ្ងៃទី៣ ខែកញ្ញា ប៉ុន្តែមិនត្រូវបានផ្ញើទៅណាឡើយរហូតដល់កាលពីម្សិលមិញ។
អ្នកស្រី មុំ សារ៉ែម តំណាងសហជីពនៅរោងចក្របានលើកឡើងថា កម្មករនឹងគោរពតាមសេចក្ដីបង្គាប់ ហើយត្រឡប់ទៅធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង តាមអ្វីដែលសេចក្ដីបង្គាប់បានតម្រូវ ប៉ុន្តែបានលើកឡើងថា ការតវ៉ានឹងបន្តប្រសិនបើការទាមទាររបស់ពួកគាត់នៅតែមិនត្រូវបានដោះស្រាយ។
អ្នកស្រីបាននិយាយថា ” យើងបានអំពាវនាវឲ្យ [កម្មករ] ទៅធ្វើការនៅថ្ងៃស្អែក បន្ទាប់ពីសេចក្ដីបង្គាប់របស់តុលាការ ហើយយើងនឹងបន្តចរចាជាមួយតំណាងរោងចក្របន្តទៀត។ យើងនឹងបន្តធ្វើកូដកម្មប្រសិនបើនៅតែគ្មានដំណោះស្រាយបន្ទាប់ពីយើងត្រឡប់ទៅធ្វើវិញហើយនោះ”។
លោក តេង សម្បត្តិ ប្រធានរដ្ឋបាលនៅរោងចក្រស្បែកជើង Juhui Footwear បានលើកឡើងថា រោងចក្រនឹងពិចារណាចាត់វិធានការផ្លូវច្បាប់បន្ថែមប្រសិនបើកម្មករមិនគោរពតាមសេចក្ដីបង្គាប់។
លោកបាននិយាយថា ” យើងនឹងជជែកជាមួយមេធាវីរបស់យើងប្រសិនបើពួកគេច្រានចោលសេចក្ដីបង្គាប់នេះ”៕ ស៊ុយឈាង