26 C
Phnom Penh

រដ្ឋាភិបាល​​​ដាក់​​​ចេញ​​​​​​​​វិធាន​​​ថ្មី​​​ៗលើ​​​មណ្ឌល​​​​​​ថែ​​​ទាំ​​​​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​ជួញ​​​ដូរ និង​​​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ រដ្ឋាភិបាល​​បាន​​លាត​ត្រដាង​​​បទដ្ឋាន​អប្បបរមា​ថ្មី​ ដែល​មណ្ឌល​​​ថែទាំ​​​​​ជនរងគ្រោះដោយ​​​សារ​​​​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និងការ​ជួញដូរ​មនុស្ស​ ត្រូវ​តែ​បំពេញ​ឲ្យ​បាន​ ដើម្បី​ធានា​ថា មណ្ឌល​​​​ទាំង​នោះ​ផ្ដល់​ការ​ថែទាំ​ក្នុង​កម្រិត​មួយ​សមរម្យ​ដល់​ស្ត្រី​វ័យក្មេង​ភាគច្រើន​ ដែល​ខ្លួន​មើល​ការ​ខុស​ត្រូវ។

លោក​ វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​មួយ​ដែល​ត្រូវ​បាន​​ធ្វើ​ឡើង​ និង​ចូលជា​​ធរមាន​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ ទោះ​ជាយ៉ាង​ណា សេចក្ដី​ប្រកាស​នេះ​មិន​ត្រូវ​បាន​​​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ​ រហូត​មក​ទល់​នឹង​ថ្ងៃ​ម្សិលមិញ​ទើប​​​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​មួយ​រៀបចំ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ក្នុង​ចំណោម​​លក្ខខណ្ឌ​ទាំង​នោះ​​​​​មាន​​ដូច​​​ជា មណ្ឌល​​​​ត្រូវ​ផ្ដល់​​ការការពារ​​​​​​សន្តិសុខ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ផ្ដល់​អាហារ​យ៉ាង​ហោច​ណាស់​បីពេល​ក្នុង​មួយ​ថ្ងៃ​ ដែល​មាន​ ” អាហា​រូបត្ថម្ភ​ស្មើគ្នា​” ហើយ​ត្រូវ​មាន​ទីតាំង​នៅ​លើ​ដី​ដែល​មាន​ទំហំ​យ៉ាង​តូច​​​បំផុត​២.០០០​ម៉ែត្រ​ក្រឡា។ សេចក្ដី​ប្រកាស​នេះ​ក៏​កំណត់​ចំនួន​បុគ្គលិក​អប្បបរមា​ផង​ដែរ ​អាស្រ័យ​លើ​ស្ថានភាព​ និង​សេវា​កម្ម​នៅតាម​​​មណ្ឌល​​​ទាំង​នោះ។

លោក ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​​​កាលពី​ម្សិលមិញ​ថា វិធាន​ថ្មី​ទាំង​នេះ​នឹង​ជួយ​​ពង្រឹង​គុណភាព​សេវា​ផ្ដល់ដល់​​​ជនរងគ្រោះ​។ លោក​មាន​ប្រសាសន៍​ទៀត​ថា ” ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា បទដ្ឋាន​អប្បបរមា​ទាំង​នេះ​នឹង​​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​”។

លោក ហេង សុហៀញ ​អ្នក​គ្រប់​គ្រង​គម្រោង​ជាន់​ខ្ពស់​នៅ​អង្គការ​ទស្សនពិភពលោក​ប្រចាំ​កម្ពុជា ជា​អង្គការ​មួយ​​ក្នុង​ចំណោម​អង្គការ​​​ជា​​​ច្រើនដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លើ​គំនិត​ផ្ដួច​ផ្ដើម​នេះ​ បាន​មាន​ប្រសាសន៍​ថា ​បទដ្ឋាន​អប្បបរមា​គឺ​ចាំបាច់​ណាស់​ ពីព្រោះ​កន្លង​មក​ធ្លាប់​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​រំលោភ​បំពាន និង​ស្ថានភាព​មិន​ល្អ​នៅ​តាម​មណ្ឌល​​​​មួយ​ចំនួន​។ ប៉ុន្តែ​ការ​អនុវត្ត​ និង​ការ​ពង្រឹង​វិធាន​ទាំង​នេះ​ទំនង​ជាមាន​ភាព​ស្មុគ​ស្មាញ​។

យោង​តាម​សេចក្ដី​ប្រកាស​នេះ មណ្ឌល​​​នានា​​​​នឹង​ត្រូវ​ធ្វើ​អធិការកិច្ច​មួយ​ឆ្នាំម្ដង ឬញឹក​ញាប់​ជាង​នេះ ​ប្រសិន​បើ​ចាំបាច់​ ហើយ​ទុក​ពេល​ឲ្យបីខែ​​សម្រាប់​ធ្វើ​ការ​កែលម្អ​ប្រសិន​បើ​រក​ឃើញ​ថា ​គ្មាន​ការ​អនុវត្ត​តាម​​​ត្រឹម​​ត្រូវ​។ ប្រសិន​​​​​​បើ​​​មណ្ឌល​​​​​​នោះ​​​នៅ​​​តែ​​​មិន​​​​​កែ​​​​​​តម្រូវ​​​ទៀត របាយការណ៍​មួយ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដើម្បី​ស្នើ​សុំការ​​​ចាត់​​​​​វិធានការ​បន្ថែម​​ដែល​អាច​មាន​ចាប់​ពី ” ការ​ណែនាំ​​អប់រំ” រហូត​ដល់​ការ​ដាក់​ទោស​។

លោកស្រី ហេឡេន ស្វន (Helen Sworn) ស្ថាបនិក​​អង្គការ​ Chab Dai ជា​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៥៨ ដែល​ធ្វើ​ការជាមួយ​ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​ជួញដូរ​មនុស្ស និង​​​ដែល​​​​​បាន​ផ្ដល​់​​​​ប្រឹក្សា​​​លើ​​​ការ​ធ្វើ​សេចក្ដីព្រាង​​បទដ្ឋាន​ទាំង​នេះ​​​ដែរ​​​នោះ​​​ បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​​ជឿ​ថា​ រដ្ឋាភិបាល​ខ្វះ​ធនធានសម្រាប់​​​ធានា​ថា មណ្ឌល​​​​ទាំង​នោះ​អនុវត្ត​តាម​បទបញ្ជា​។

លោកស្រី​​មាន​ប្រសាសន៍​ថា ” ពិត​ណាស់​​ ​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាលគឺ​​​ជា​​​អ្នក​​​​​អនុវត្ត​រឿង​នេះ​អស់​រយៈ​​​​ពេល​​​ពីរ​ទសវត្សរ៍​មកនេះ​”។

ទោះបី​ជាបែប​នេះ​ក្ដី ក៏​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​​​​នៅ​​​តាម​​​មណ្ឌល​​​បាន​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពីរដ្ឋាភិបាល​បាន​ដាក់​ចេញបទដ្ឋាន​ទូទៅសម្រាប់​​​វិស័យ​នេះ​កាលពី​ឆ្នាំ​២០០៩​មក​។ លោកស្រី​បាន​ប៉ាន់​ប្រមាណ​ថា មាន​មណ្ឌល​ប្រហែល​៥០​​នៅទូទាំង​ប្រទេស​ដែល​បាន​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​សេចក្ដី​ប្រកាស​ថ្មីនេះ​៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស