យោងតាមក្រុមមន្ត្រី និងសាច់ញាតិរបស់មន្ត្រីកងរាជអាវុធហត្ថដែលបាត់បង់ជីវិតបានឲ្យដឹងថា លោក ជ្រៀង សុផាន់ អភិបាលរងរាជធានីបានផ្ដល់ប្រាក់ចំនួន១២.០០០ដុល្លារទៅឲ្យគ្រួសាររបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលបានធ្លាក់ចូលក្នុងប្រឡោះជណ្ដើរយន្តមិនទាន់សាងសង់រួចនៅសណ្ឋាគារមួយរបស់លោក ជ្រៀង សុផាន់ ក្នុងរាជធានីភ្នំពេញ។
លោក ហម មុត អាយុ៣៩ឆ្នាំ បានធ្លាក់ចូលក្នុងប្រឡោះជណ្ដើរយន្តដែលគ្មានរបាំងការពារនៅសណ្ឋាគារ Midland ក្នុងខណ្ឌទួលគោក កាលពីពេលទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីត្រឡប់ពីដើរលេងខាងក្រៅជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ។
មន្ត្រីកងរាជអាវុធហត្ថជាន់ខ្ពស់ម្នាក់បានលើកឡើងក្រោយថ្ងៃកើតហេតុថា កងកម្លាំងនឹងដាក់ពាក្យប្ដឹងទៅតុលាការ ដោយចោទប្រកាន់លោក សុផាន់ ពីបទមនុស្សឃាតដោយអចេតនាក្នុងករណីនេះ។ ប៉ុន្តែប្រពន្ធរបស់លោក ហម មុត គឺអ្នកស្រី ពុធ ស្រីមុំ បានឲ្យដឹងកាលពីម្សិលមិញថា ករណីនេះត្រូវបានដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
អ្នកស្រីបាននិយាយថា ” ចំពោះករណីរបស់ប្ដីខ្ញុំ ខ្ញុំមិនបានប្ដឹងទៅតុលាការទេ ព្រោះវាគ្មានប្រយោជន៍។ ប៉ុន្តែប្ដីរបស់ខ្ញុំស្លាប់ដោយសារការធ្វេសប្រហែសរបស់ម្ចាស់សណ្ឋាគារ។ សព្វថ្ងៃពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់សណ្ឋាគារនេះ ខ្ញុំស្អប់ម្ចាស់វាខ្លាំងណាស់”។
អ្នកស្រី ស្រីមុំ ដែលមានកូនបីនាក់អាយុចាប់ពី៧ឆ្នាំរហូតដល់១៤ឆ្នាំ បានឲ្យដឹងទៀតថា អ្នកស្រីបានទុកករណីនេះឲ្យលោក រ័ត្ន ស្រា៊ង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីជាអ្នកដោះស្រាយជំនួសឲ្យគ្រួសារអ្នកស្រី។
ឧត្តមសេនីយ៍ទោ រ័ត្ន ស្រា៊ង បានបញ្ជាក់ថា ករណីនេះត្រូវបានដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ហើយបានបង្វែរសំណួរទៅឧត្តមសេនីយ៍ទោ ទេព ហន បងប្អូនជីដូនមួយរបស់លោក ហម មុត និងជាឧត្តមសេនីយ៍ផ្កាយពីរនៅក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ទោ ទេព ហន បានឲ្យដឹងថា លោក សុផាន់ បានផ្ដល់ប្រាក់ចំនួន១២.០០០ដុល្លារ ដើម្បី ” ជួយផ្គត់ផ្គង់ ” គ្រួសាររបស់លោក ហម មុត។
លោកបានមានប្រសាសន៍ថា ” ខ្ញុំសោកស្ដាយណាស់ដែលបងប្អូនជីដូនមួយរបស់ខ្ញុំស្លាប់នៅក្នុងហេតុការណ៍នេះ”។
នៅព្រឹកដែលគាត់ស្លាប់ លោក ហម មុត បានត្រឡប់ទៅសណ្ឋាគារ Midland វិញនៅម៉ោងប្រហែល៣ទៀបភ្លឺ។ បន្ទាប់មកលោកបានបាត់ពីបន្ទប់របស់លោក ហើយពេលដល់ម៉ោង៥ទៅហើយនៅតែមិនទាន់ឃើញលោកត្រឡប់មកវិញនោះ គ្រួសាររបស់លោកបានចាប់ផ្ដើមដើររកនៅក្នុងសណ្ឋាគារ ហើយបានរកឃើញសពរបស់លោកនៅបាតប្រឡោះជណ្ដើរយន្ត។
រូបភាពវីដេអូដែលបានមកពីកាមេរ៉ាសុវត្ថិភាពនៅក្នុងសណ្ឋាគារបានបង្ហាញថា លោក ហម មុត កំពុងដើរតាមផ្លូវមួយក្នុងសណ្ឋាគារ ដោយស្លៀកតែខោក្នុង ប៉ុន្តែវីដេអូនេះមិនបានមើលឃើញពេលលោកធ្លាក់ចូលប្រឡោះជណ្ដើរយន្តឡើយ៕ ស៊ុយឈាង